អូស្ត្រាលី សម្រេចធ្វើកំណែទំរង់វិស័យការពារជាតិក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន
បរទេស៖ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីបានប្រកាសបង្ហាញអំពីកំណែទំរង់ថ្មីក្នុងវិស័យយោធាដែលមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ និងផ្តោតសំខាន់លើសមត្ថភាពការពារដែនឆ្នេរសមុទ្ររបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Richard Marles បានធ្វើលើកឡើងអំពីផែនការអនាគតរបស់ប្រទេសដែលនឹងធ្វើយ៉ាងណាអាចរក្សាបាននូវនិរន្តភាពក្នុងសមត្ថភាពការពារការវាយប្រហារពីចំងាយ ឬ Longer range strike និងសារភាពថាយុទ្ធសាស្ត្រដែលធ្លាប់បានអនុវត្តជាច្រើនទសវត្សរ៍មកហើយនោះគឺនឹងលែងស័ក្ដិសមទៀតហើយចំពោះតំរូវការនៅពេលបច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងពេលដែលអូស្ត្រាលីកំពុងមានសំពាធខ្លាំងពីលទ្ធភាពវាយប្រហារដូចជាពីសំណាក់ប្រទេសចិនជាដើមនោះរដ្ឋាភិបាលចាំបាច់នៅពេលនេះត្រូវតែងាកទៅធ្វើការយកចិត្តទុកដាក់ខ្លាំងចំពោះបច្ចេកវិទ្យាការពារសត្រូវទាំងផ្លូវសមុទ្រផ្លូវអាកាស ឬតាមអ៊ិនធឺណេត។
លោក Marles បានពន្យល់ទៀតដែរថា៖ថ្ងៃនេះគឺជាលើកដំបូងក្នុងរយៈពេល៣៥ឆ្នាំហើយដែលយើងនឹងផ្លាស់ប្តូរបេសកកម្មនៃកងកម្លាំងការពារជាតិរបស់យើង ហើយការសម្រេចចិត្តនេះនឹងធ្វើឡើងប្រកបដោយតម្លាភាព និងធានាឲ្យបានចំពោះសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលយើងបានដឹងរួចមកហើយថា វាគឺជាជាគោលដៅនិងជាយុទ្ធសាស្ត្ររបស់ប្រទេសចិននាពេលបច្ចុប្បន្ន។
រដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា៖ការអះអាងរបស់ចិនចំពោះអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងជាចេតនាគំរាមកំហែងដល់សណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ពិភពលោកនៅឥណ្ឌូប៉ាស៊ីហ្វិកហើយវានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិរបស់អូស្ត្រាលី៕
តាមផែនការអូស្ត្រាលីនឹងបញ្ជាទិញមីស៊ីលបាញ់ក្នុងចំងាយឆ្ងាយទាំងពីអាកាសផង និងពីដីផងព្រមទាំងការបង្កើនកម្លាំងតាមរយៈនាវាមុជទឹកថ្មីៗដែលទើបតែបានបញ្ជាទិញ ក៏ដូចជាការពង្រឹងទៅលើកងកម្លាំងការពារដែនទឹក ជាពិសេសនៅតំបន់ភាគខាងជើងនៃប្រទេស ក៏ដូចជាបង្កើនការបញ្ជាទិញរថយន្តយោធាជាច្រើនរយគ្រឿងបន្ថែមទៀត៕