ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការការពារព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីការរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង ក្រុមជំនួយការ លោក-លោកស្រីនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ ENN ឲ្យដឹងថា គោលបំណងចម្បងនៃកិច្ចប្រជុំដ៏សំខាន់នេះគឺធ្វើឡើងដើម្បីទទួលយកនូវផែនការ និងតួនាទីភារកិច្ចរបស់ខ្លួនដែលត្រូវបំពេញក្នុងអំឡុងកិច្ចដំណើរការមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាអាចធានារក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាការសម្រួលដល់ចរាចរណ៍ជៀសវាងមានការកកស្ទះនៅក្នុងឱកាសនេះ។
ដោយឡែក ពាក់ព័ន្ធទៅនឹងការប្រើប្រាស់កងកម្លាំងរួមនៅក្នុងកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់នេះដែរ គឺមានជាង ៣០០០នាក់សម្រាប់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមមានកម្លាំងអន្តរាគមន៍ កម្លាំងត្រៀមចេញល្បាត កម្លាំងចរាចរណ៍រៀបចំសណ្តាប់ធ្នាប់ ក៏ដូចជាកម្លាំងប្រចាំការនៅគ្រប់គោលដៅទាំងអស់ដែលពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបន្តថាៈ បន្ថែមពីលើនេះ កងកម្លាំងគ្រប់គោលដៅទាំងអស់ត្រូវតែយកចិត្តទុកដាក់លើកិច្ចការពារគ្រប់ទីកន្លែងនៃការប្រកួតទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមទាំងទីកន្លែងស្នាក់នៅរបស់គណៈប្រតិភូ ក៏ដូចជាកន្លែងស្នាក់នៅរបស់បណ្តាកីឡាករ-កីឡាការិនីផងដែរ។ ក្រៅពីនេះ ក៏ត្រូវយកចិត្តទុកដាក់ទៅលើការពង្រឹងផ្នែកសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមទីកន្លែងកម្សាន្ត រមណីយដ្ឋាន ក៏ដូចជានៅតាមបណ្តាទីផ្សារមួយចំនួនដែលគណៈប្រតិភូ រួមទាំងកីឡាករ-កីឡារិនី និងភ្ញៀវជាតិ-អន្តរជាតិដែលពួកគាត់នឹងទៅទស្សនាកម្សាន្តនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ កម្ពុជានៅសល់ត្រឹមតែ១៦ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវដល់ពេលនៃការប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ហើយ។ ក្នុងរយៈពេលដែលកាន់តែខើចនេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បាន និងកំពុងដុតដៃដុតជើងរៀបចំទទួលស្វាគមន៍ប្រតិភូកីឡា ជាពិសេសទីតាំងសម្រាប់ប្រកួតកីឡានានាគ្រប់វិញ្ញាសារ។