សម្ដេចតេជោ ហ៊ុន សែន មិនឱ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេមនោះទេ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការចូលទស្សនាកីឡាស៊ីហ្គេមទាំងពិធីបិទ-បើក រួមទាំងគ្រប់ប្រភេទកីឡានានា នឹងត្រូវអនុញ្ញាតដោយសេរី និងឥតគិតថ្លៃ! នេះបើយោងតាមសារពិសេសរបស់សម្តេចតេជោ នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
តាមរយៈសារសំឡេងជាង៥នាទី សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំបានទទួលព័ត៌មានពីសម្តេចពិជ័យសេនា ទៀ បាញ់ ថាមានការលក់សំបុត្រសម្រាប់ទស្សនាព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនាពេលខាងមុខ។ កម្ពុជាបានចំណាយប្រាក់យ៉ាងច្រើន រួមទាំងមូលដ្ឋានសម្ភារៈបច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិន សម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយនូវធនធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតរាប់រយលានដុល្លារ និងចំណាយជាច្រើនឆ្នាំ ៊ទម្រាំកើតចេញជារូបរាងនៃការប្រកួត»។
សម្តេចបានបញ្ជាក់ថា៖ «ដូច្នេះ ខ្ញុំគឺមិនយល់ព្រមជាដាច់ខាត ចំពោះការឱ្យមានការលក់សំបុត្រទាំងពេលចូលបើក និងចូលបិទ ក៏ដូចជាការប្រកួតកីឡាផ្សេងៗទៀត ក្នុងការប្រកួតស៊ីហ្គេម ខ្ញុំមិនយល់ព្រមដាច់ខាត ជាមួយនឹងការធ្វើបែបនេះ លឺថាមានការផ្សព្វផ្សាយនៅតាមវេបសាយខាងផ្នែកកីឡា មិនមានការអនុញ្ញាតណាមួយពីសម្តេចពិជ័យសេនា ទៀ បាញ់ ហើយក៏កាន់តែគ្មានការអនុញ្ញាតពីខ្លួនខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
ក្នុងពេលជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញបទបញ្ជាចំនួន៣ ផងដែរ រួមមាន ៖
ទី១៖ មិនឱ្យមានការលក់សំបុត្រ ទាំងការចូលបើក និងចូលបិទកីឡា
ទី២៖ ឱ្យពលរដ្ឋចូលទស្សនាដោយសេរី គ្មានការបង់ប្រាក់
ទី៣៖ សម្រាប់ការប្រកួតតាមវិញ្ញាសារនានា ក៏មិនត្រូវឱ្យបង់ថ្លៃណាមួយឡើយ។
សម្តេចតេជោបានបន្តថា «យើងបានធ្វើកិច្ចការច្រើនហើយ សូមអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ធ្វើបុណ្យ ១០០សំពៅទោសមួយចូលទៅ រលាយបាត់អស់ ! សូមចាំនូវពាក្យនេះ យើងចាយលុយអស់រាប់រយលានដុល្លារ តើយើងប្រមូលលុយតាមរយៈការលក់សំបុត្រឱ្យជនជាតិឯង ដែលត្រូវចូលទស្សនានេះរបៀបម៉េចទៅ តើបានប៉ុន្មានទៅ បើអ្នកទាំងអស់គ្នាចង់បានលុយ សូមមកទទួលយកលុយពីខ្ញុំ ខ្ញុំទទួលខុសត្រូវ»។
សម្តេចមិននឹកស្មានថាមានមន្ត្រីរបស់កម្ពុជាមួយចំនួន ដែលខ្វះការយកចិត្តទុកដាក់លើបញ្ហានេះ។ សម្តេចបានអះអាងថា សម្តេចក៏កំពុងរកនរណាដែលទទួលខុសត្រូវចំពោះការផ្សព្វផ្សាយលើការលក់សំបុត្រនេះ ដែលនេះមិនមែនជាកំហុសរបស់សម្តេចពិជ័យសេនានោះឡើយ៕