អាជ្ញាធរជួយសង្រ្គោះសត្វក្តាន់ ប្រភេទសត្វជិតផុតពូជលើពិភពលោកចំនួន ១ក្បាល នៅខេត្តក្រចេះ
សត្វក្តាន់ឈ្មោលមួយក្បាលទម្ងន់ប្រហែល ៤០គីឡូក្រាម បានរត់ចេញពីដែនជម្រកសត្វតំបន់ដីសើម និងជម្រកវាលស្មៅ នៅពីក្រោយផ្ទះអ្នកភូមិម្នាក់ ក្នុងភូមិក្បាលជូ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ សត្វក្តាន់ឈ្មោលត្រូវបានឆ្កែអ្នកស្រុកដេញតាម ហើយបានព្យាយាមរត់គេចខ្លួនដោយរត់ឡើងលើផ្លូវជាតិ ចូលទៅក្នុងផ្ទះអ្នកភូមិក្បែរនោះ។ នៅទីបំផុត សត្វនោះបានរត់ ទៅជាប់នៅក្នុងរបងលួស របស់ផ្ទះអ្នកស្រុក។ បន្ទាប់មក អ្នកភូមិបានជូនដំណឹងដល់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការចាប់សត្វក្តាន់ និងនាំយកមកកន្លែងសុវត្ថភាពដើម្បីធ្វើការសង្រ្គោះ។ ក្រុមមន្រ្តីជំនាញ បានពិនិត្យឃើញថា សត្វក្តាន់ឈ្មោលនោះមានស្នាមរបួស លើខ្លួន ដែលអាចបណ្តាលមកពីការរត់គេចក្នុងហេតុការណ៍ខាងលើ។ ក្រុមការងារបានជួយសង្គ្រោះសត្វព្រៃនោះ ហើយបានទាក់ទងក្រុមអង្គការ Cambodia Wildlife Care (CWC) ដើម្បីដឹកសត្វក្តាន់ឈ្មោលនោះទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៅរាជធានីភ្នំពេញ ដើម្បីព្យាបាលឱ្យបានជាសះល្បើយរបួលឡើងវិញ។ បន្ទាប់ពីជាសះស្បើយ សត្វក្តាន់ឈ្មោលនោះ នឹងត្រូវដោះលែងត្រឡប់ទៅជម្រកធម្មជាតិរបស់វាវិញ។
សូមបញ្ជាក់ថា ក្តាន់កំពុងស្ថិតបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិសម្រាប់ការពារធម្មជាតិ IUCN ដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក ហើយនៅកម្ពុជា ការសិក្សានាពេលកន្លងទៅ មានវត្តមានប្រមាណជា១០០ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃ ព្រែកប្រសព្វ ខេត្តក្រចេះ និងតាមតំបន់ការពារធម្មជាតិមួយចំនួនទៀត នៃភូមិសាស្រ្ត ខេត្តកោះកុង។

ដើម្បីពង្រីកវត្តមានសត្វនេះនៅលើទឹកដីកម្ពុជា ក្រសួងបរិស្ថានសហការជាមួយដៃគូអភិវឌ្ឍន៍នានា រៀបចំផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ ២០២៥-២០៣៥ ស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺភាពស្អាត ភាពបៃតង និងចីរភាព។ យុទ្ធសាស្រ្តជំរុញការការពារប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ និងជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា និងពិភពលោក។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្តាន់ គឺជាប្រភេទថនិកសត្វដែលគួរឱ្យស្រលាញ់ ស្លូត រស់នៅតំបន់ដីសើម និងវាលស្មៅនៅតាមតំបន់ការពារធម្មជាតិ។ ជាក់ស្តែងនៅកម្ពុជា មានជាពិសេសក្នុងខេត្តក្រចេះ និងកោះកុង បន្ទាប់ពីមានការរកឃើញវត្តមានរស់នៅក្នុងពេលកន្លងទៅ។ ការរកឃើញសត្វក្តាន់រត់ចូលភូមិនេះ ជាស្ញាថ្មីបង្ហាញថា ប្រភេទនេះនៅមានវត្តមាននៅក្នុងព្រៃរបស់កម្ពុជា ព្រោះប្រភេទសត្វព្រៃជិតផុតពូជបំផុតនៅក្នុងពិភពលោកផងដែរ។ ការរកឃើញឡើងវិញនៃវត្តមានសត្វក្តាន់ នៅខេត្តក្រចេះ ក៏បានក្លាយក្តីសង្ឃឹមថ្មីសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ» និងត្រូវរួមសហការគ្នាការពារ និងអភិរក្ស ធនធានធម្មជាតិ ជាពិសេសសត្វព្រៃឱ្យបានល្អថែមទៀត។
អ្នកនាំពាក្យរូបនេះ បានអំពាវនាវឱ្យមានការការផ្ដល់គម្លាតសុវត្ថិភាព និងចៀសវាងការដេញបាញ់ ឬធ្វើបាបវា នៅពេលសត្វព្រៃរត់ចូលភូមិ ព្រោះវាអាចនឹងភ័យស្លន់ស្លោរហូតបង្កគ្រោះថ្នាក់ និងអាចបណ្តាលឱ្យសត្វព្រៃស្លាប់ បាត់បង់ធនធានជីវៈចម្រុះ និងសម្បត្តិវប្បធម៌កម្រនិងជិតផុតពូជរបស់មនុស្សជាតិ។ ប្រសិនបើមានសត្វព្រៃ ជាពិសេសប្រភេទសត្វមានដោយកម្រ ដូចជាដំរីអាស៊ីជាដើម ឬសត្វដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីបរិស្ថាន ឬជំនាញពាក់ព័ន្ធ ដើម្បីចុះមកអន្តរាគមន៍ និងជួយសង្គ្រោះយកវាទៅព្រៃធម្មជាតិវិញដោយសុវត្ថិភាព៕