Close

លោក ត្រាំ ព្រមានអាចវាយប្រហារអ៊ីរ៉ង់ជាថ្មី ខណៈតេហេរ៉ង់ស្វែងរកកិច្ចព្រមព្រៀង

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក ត្រាំ ព្រមានអាចវាយប្រហារអ៊ីរ៉ង់ជាថ្មី ខណៈតេហេរ៉ង់ស្វែងរកកិច្ចព្រមព្រៀង លោក ត្រាំ ព្រមានអាចវាយប្រហារអ៊ីរ៉ង់ជាថ្មី ខណៈតេហេរ៉ង់ស្វែងរកកិច្ចព្រមព្រៀង

WASHINGTON/DUBAI, ថ្ងៃទី១៩ ខែឧសភា (Reuters) — ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកអាចនឹងត្រូវវាយប្រហារអ៊ីរ៉ង់ជាថ្មី ហើយលោកបានឱ្យដឹងថា លោកស្ទើរតែបញ្ជាឱ្យបើកការវាយប្រហារមួយទៅហើយ មុនពេលសម្រេចពន្យារពេលវា។

លោក ត្រាំ ធ្វើការកត់សម្គាល់នេះ មួយថ្ងៃបន្ទាប់ពីលោកបាននិយាយថា លោកបានផ្អាកផែនការបន្តអរិភាព ក្រោយអ៊ីរ៉ង់បានដាក់សំណើថ្មីមួយ ដើម្បីបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោក ត្រាំ បាននិយាយថា មេដឹកនាំអ៊ីរ៉ង់កំពុង «អង្វរសុំកិច្ចព្រមព្រៀង» ហើយព្រមានថា ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងបានទេ ការវាយប្រហារថ្មីរបស់អាមេរិកអាចកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

លោក ត្រាំ ព្រមានអាចវាយប្រហារអ៊ីរ៉ង់ជាថ្មី ខណៈតេហេរ៉ង់ស្វែងរកកិច្ចព្រមព្រៀង

សហរដ្ឋអាមេរិកកំពុងជួបការលំបាកក្នុងការបញ្ចប់សង្គ្រាមដែលខ្លួនបានចាប់ផ្តើមរួមជាមួយអ៊ីស្រាអែល កាលពីជិតបីខែមុន។ កន្លងមក លោក ត្រាំ ធ្លាប់និយាយថា កិច្ចព្រមព្រៀងជាមួយតេហេរ៉ង់ជិតសម្រេចបាន ហើយក៏បានព្រមានអ៊ីរ៉ង់ពីការវាយប្រហារធ្ងន់ធ្ងរ ប្រសិនបើមិនព្រមព្រៀង។

លោក ត្រាំ កំពុងរងសម្ពាធនយោបាយខ្លាំងនៅក្នុងស្រុក ដើម្បីសម្រេចឱ្យមានកិច្ចព្រមព្រៀង ដែលអាចបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ច្រកសមុទ្រនេះគឺជាផ្លូវដឹកជញ្ជូនប្រេង និងទំនិញសំខាន់សម្រាប់ពិភពលោក។ ខណៈតម្លៃថាមពលនៅតែខ្ពស់ អត្រាគាំទ្ររបស់លោក ត្រាំ ក៏បានធ្លាក់ចុះផងដែរ មុនការបោះឆ្នោតសភានៅខែវិច្ឆិកា។

តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃអង្គារ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ មានវឌ្ឍនភាពច្រើនក្នុងកិច្ចពិភាក្សា ហើយគ្មានភាគីណាមួយចង់ឃើញការបន្តសកម្មភាពយោធាទៀតទេ។

លោក Vance បាននិយាយថា៖ «យើងកំពុងស្ថិតក្នុងស្ថានភាពល្អមួយនៅពេលនេះ»។

ថ្លែងនៅសេតវិមាន លោក Vance បានទទួលស្គាល់ថា ការចរចាជាមួយមេដឹកនាំអ៊ីរ៉ង់មានភាពលំបាក ដោយសារភាពបែកបាក់ផ្ទៃក្នុង។ លោកបាននិយាយថា ពេលខ្លះមិនច្បាស់ថា តើជំហរចរចាពិតប្រាកដរបស់ភាគីអ៊ីរ៉ង់ជាអ្វីនោះទេ ដូច្នេះសហរដ្ឋអាមេរិកកំពុងព្យាយាមបញ្ជាក់ “បន្ទាត់ក្រហម” របស់ខ្លួនឱ្យបានច្បាស់។

លោកក៏បាននិយាយដែរថា គោលដៅមួយនៃគោលនយោបាយរបស់លោក ត្រាំ គឺទប់ស្កាត់ការរីកសាយនៃការប្រណាំងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់៕

អត្ថបទទាក់ទង