Close

លោក Macron ប្រកាសវិនិយោគ ២៧ពាន់លានដុល្លារ នៅអាហ្វ្រិក ក្នុងកិច្ចប្រជុំកំពូលនៅកេនយ៉ា

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Macron ប្រកាសវិនិយោគ ២៧ពាន់លានដុល្លារ នៅអាហ្វ្រិក ក្នុងកិច្ចប្រជុំកំពូលនៅកេនយ៉ា លោក Macron ប្រកាសវិនិយោគ ២៧ពាន់លានដុល្លារ នៅអាហ្វ្រិក ក្នុងកិច្ចប្រជុំកំពូលនៅកេនយ៉ា

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសគម្រោងវិនិយោគទឹកប្រាក់ចំនួន ២៣ ពាន់លានអឺរ៉ូ (ប្រមាណ ២៧ ពាន់លានដុល្លារ) ក្នុងអំឡុងកិច្ចប្រជុំកំពូល Africa Forward ដែលប្រារព្ធធ្វើនៅប្រទេសកេនយ៉ា។

លោក Macron បានថ្លែងកាលពីថ្ងៃចន្ទថា បារាំង និងអាហ្វ្រិក មាន “ភាពជាដៃគូស្មើភាព” ដែលមានគោលបំណងរួម ខណៈលោកបានប្រកាសការវិនិយោគចំនួន ១៤ ពាន់លានអឺរ៉ូ (ប្រមាណ ១៦,៤ ពាន់លានដុល្លារ) ក្នុងមូលនិធិសាធារណៈ និងឯកជន ពីក្រុមហ៊ុនបារាំង និង ៩ ពាន់លានអឺរ៉ូ (ប្រមាណ ១០,៥ ពាន់លានដុល្លារ) ពីក្រុមហ៊ុនអាហ្វ្រិក សម្រាប់វិស័យបម្លែងថាមពល កសិកម្ម និងបញ្ញាសិប្បនិម្មិត (AI)។

លោក Macron បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះថា ការវិនិយោគទាំងនេះ នឹងបង្កើតការងារប្រមាណ ២៥០,០០០ កន្លែង នៅប្រទេសបារាំង និងទ្វីបអាហ្វ្រិក។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំកំពូលលើកដំបូងរបស់បារាំង ដែលរៀបចំឡើងនៅក្នុងប្រទេសអាហ្វ្រិកនិយាយភាសាអង់គ្លេស ហើយបានចាប់ផ្តើមកាលពីថ្ងៃចន្ទ។

លោក Macron ប្រកាសវិនិយោគ ២៧ពាន់លានដុល្លារ នៅអាហ្វ្រិក ក្នុងកិច្ចប្រជុំកំពូលនៅកេនយ៉ា

លោក Macron បានប្រាប់ប្រមុខរដ្ឋ និងមេដឹកនាំមកពីប្រទេសអាហ្វ្រិកជាង ៣០ រួមទាំងបណ្តាប្រទេសនិយាយភាសាបារាំង នៅមជ្ឈមណ្ឌលសន្និបាតទីក្រុងណៃរ៉ូប៊ីថា៖
«យើងមិនមែនមកទីនេះ ដើម្បីតែវិនិយោគនៅទ្វីបអាហ្វ្រិកជាមួយអ្នកប៉ុណ្ណោះទេ យើងក៏ត្រូវការមេដឹកនាំអាជីវកម្មអាហ្វ្រិកឆ្នើមៗ មកវិនិយោគនៅប្រទេសបារាំងផងដែរ»។

លោកបានបន្ថែមថា៖
«ហើយនោះក៏ជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនេះផងដែរ ដែលឥឡូវនេះលែងមានការរារែក ឬភាពស្ទាក់ស្ទើរទៀតហើយ»។

កិច្ចប្រជុំកំពូលនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់បារាំង ក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាហ្វ្រិកនិយាយភាសាអង់គ្លេស ខណៈទំនាក់ទំនងរបស់ខ្លួនជាមួយអតីតអាណានិគមមួយចំនួននៅទ្វីបអាហ្វ្រិក កំពុងចុះខ្សោយ។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក Aliko Dangote មហាសេដ្ឋីឧស្សាហកម្មជនជាតិនីហ្សេរីយ៉ា ដែលត្រូវបានគេចាត់ទុកថា ជាមនុស្សមានបំផុតនៅអាហ្វ្រិក ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនបារាំងធំៗ ដូចជា TotalEnergies និង Orange ផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុនដឹកជញ្ជូន CMA CGM របស់បារាំង បានប្តេជ្ញាវិនិយោគ ៧០០ លានអឺរ៉ូ (ប្រមាណ ៨២២ លានដុល្លារ) ដើម្បីធ្វើទំនើបកម្មចំណតមួយ នៅកំពង់ផែ Mombasa របស់ប្រទេសកេនយ៉ា។

អ្នកវិភាគជាច្រើន មើលឃើញថា កិច្ចប្រជុំកំពូលនេះ ធ្វើឡើងនៅពេលដែលឥទ្ធិពលរបស់បារាំងនៅអាហ្វ្រិក កំពុងថយចុះ បន្ទាប់ពីកងកម្លាំងបារាំង ត្រូវបានបង្ខំឲ្យដកចេញពីអតីតអាណានិគមមួយចំនួន។ លោក Macron មានគោលបំណងបន្តពង្រឹងទំនាក់ទំនងរបស់បារាំងជាមួយទ្វីបអាហ្វ្រិក ដែលលោកចាត់ទុកថា ជាអង្គភាពរួមមួយ ខណៈដែលលោកក៏ព្យាយាមបង្ហាញអឺរ៉ុបថា ជាដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបានជាងចិន ឬសហរដ្ឋអាមេរិក។

មុនកិច្ចប្រជុំកំពូលនេះ លោក Macron បានប្រាប់ទស្សនាវដ្តី The Africa Report ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសថា អាណានិគមនិយម មិនអាចត្រូវបានយកមកធ្វើជាមូលហេតុសម្រាប់បញ្ហាប្រឈមទាំងអស់របស់អាហ្វ្រិកបានទៀតទេ។ លោកបានមានប្រសាសន៍ថា៖
«យើងមិនត្រូវដោះបន្ទុកការទទួលខុសត្រូវទាំងស្រុង ចំពោះរយៈពេលប្រាំពីរទសវត្សរ៍ បន្ទាប់ពីឯករាជ្យនោះទេ» ដោយអំពាវនាវឲ្យមេដឹកនាំអាហ្វ្រិក ពង្រឹងអភិបាលកិច្ច។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល លោក Macron ក៏បាននិយាយផងដែរថា ដំណើរការប្រគល់ស្នាដៃសិល្បៈអាហ្វ្រិក ដែលត្រូវបានលួចក្នុងសម័យអាណានិគម បានក្លាយជា «ដំណើរការដែលមិនអាចបញ្ឈប់បាន»។ កាលពីសប្តាហ៍មុន សភាបារាំង បានអនុម័តច្បាប់មួយ ដែលបើកផ្លូវឲ្យរដ្ឋាភិបាល ប្រគល់វត្ថុបុរាណវប្បធម៌អាហ្វ្រិក ដែលត្រូវបានលួច ឲ្យត្រឡប់ទៅម្ចាស់ដើមវិញ។

ស្របពេលដែលប្រទេសអាហ្វ្រិកជាច្រើន ជាពិសេសនៅតំបន់ Sahel កំពុងកាត់បន្ថយ ឬបណ្តេញកងកម្លាំងយោធាបរទេស កេនយ៉ាវិញ កំពុងមានវត្តមានយោធាអន្តរជាតិកាន់តែច្រើនឡើង។ មួយខែមុនកិច្ចប្រជុំកំពូលនេះ ទាហានបារាំងប្រមាណ ៨០០ នាក់ បានមកដល់ប្រទេសកេនយ៉ា តាមរយៈនាវាកងទ័ពជើងទឹក។

ប្រធានាធិបតីកេនយ៉ា លោក William Ruto បានសរសើរទំនាក់ទំនងជាមួយបារាំង ដោយមានប្រសាសន៍ថា៖
«យើងមិនគួរគិតតែអំពីជំនួយ និងប្រាក់កម្ចីទៀតទេ ប៉ុន្តែគួរគិតអំពីការវិនិយោគ និងអ្វីដែលអាហ្វ្រិកអាចផ្តល់ជូន»៕