Close

ក្រុមហ៊ុនចិនមួយមានបំណងវិនិយោគលើការចម្រាញ់ប្រេងនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុនចិនមួយមានបំណងវិនិយោគលើការចម្រាញ់ប្រេងនៅកម្ពុជា ក្រុមហ៊ុនចិនមួយមានបំណងវិនិយោគលើការចម្រាញ់ប្រេងនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Zhisheng Energy បង្ហាញនូវចំណាប់ក្នុងការស្វែងយល់អំពីបរិយាកាសវិនិយោគរបស់កម្ពុជា ជាពិសេស ការសិក្សាអំពីលទ្ធភាពវិនិយោគលើការចម្រាញ់ប្រេង នៅកម្ពុជា ។ ការបង្ហាញចំណាប់អារម្មណ៍នូវបែបនេះ ធ្វើឡើងនៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៦ ក្នុងគ្រាដែលលោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Zhisheng Energy ដែលដឹកនាំដោយលោក Liu Hui ប្រធានក្រុមហ៊ុន ។

លោក ហ៊ាន សាហ៊ីប ដែលជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុផងដែរនោះ បានបានសម្តែងការរីករាយ និង ស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន Zhisheng Energy ដែលបានមកសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេស សិក្សាអំពីលទ្ធភាពវិនិយោគលើការចម្រាញ់ប្រេង នៅកម្ពុជា ដែលជាវិស័យអាទិភាព និង ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល ។

ក្រុមហ៊ុនចិនមួយមានបំណងវិនិយោគលើការចម្រាញ់ប្រេងនៅកម្ពុជា

ជាមួយគ្នានេះ, លោកបានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនអំពី «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធនឹងការវិនិយោគក្នុងខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ លោក Liu Hui ប្រធានក្រុមហ៊ុន Zhisheng Energyបានថ្លែងអំណរគុណចំពោះការ ផ្តល់ព័ត៌មានអំពីសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេស «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ព្រមទាំងបានសំដែងការចាប់អារម្មណ៍ និង វាយតម្លៃខ្ពស់ លើការរីកចម្រើន និង ការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និង សេដ្ឋកិច្ចដែលផ្សារភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់តំបន់ផ្សេងទៀត ក្នុងប្រទេសកម្ពុជា និង អន្តរជាតិ ៕