មន្រ្តីជំនាញ កំពុងចុះពិនិត្យករណីត្រីពុលងាប់ក្នុងព្រែកត្រែង ក្នុងស្រុករតនៈមណ្ឌល
បាត់ដំបង៖ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងចាត់វិធានការ ដើម្បីទប់ស្កាត់ការបំពុលទឹកព្រែកត្រែង ក្នុងភូមិសាស្រ្ត ភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីអ្នកសារព័ត៌មានថា មានករណីត្រីពុល និងងាប់នៅទីតាំងខាងលើ។ ក្រុមការងារជំនាញ បានចុះពិនិត្យដល់ទីតាំង ពិនិត្យប្រព័ន្ធបង្ហូរទឹកកខ្វក់ រកប្រភពបញ្ចេញសំណល់រាវ កន្លែងសង្ស័យ ដែលអាចធ្វើឱ្យប៉ះពាល់គុណភាពទឹក និងមានត្រីពុលងាប់ក្នុងព្រែកត្រែងនេះ។

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះ ក្រុមការងារកំពុងបន្តចុះពិនិត្យស្រាវជ្រាវករណីខាងលើបន្តទៀត និងបានរកឃើញសំណាកត្រីងាប់មួយចំនួន។ យោងតាមការចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង កន្លែងមានត្រីងាប់ និងទឹកមានធំក្លិនស្អុយ ក្នុងព្រែកត្រែង ដែលស្ថិតនៅចចម្ងាយ 600 ម៉ែត្រ ផ្នែកខាងក្រោមរោងចក្រកែឆ្នៃស្វាយចំនួនពីរ។ ជាមួយគ្នានេះ ក្រុមការងារបានចុះពិនិត្យជាក់ស្តែង មិនបានឃើញមានករណីសង្ស័យពីការលេចធ្លាយ ឬការបញ្ចេញសំណល់រាវចូលទៅក្នុងអូត្រែងនៅឡើយទេ ដោយសារក្រុមហ៊ុនទាំង២ បានរៀបចំឱ្យមានអាងប្រព្រឹត្តិកម្មទឹកតាមលក្ខណៈបច្ចេកទេស និងនៅតំបន់រោងចក្រ ទឹកដែលបានបញ្ចេញមកក្រៅ មានពណ៌ថ្លា និងក៏មិនមានក្លិនស្អុយដែរ។ ទន្ទឹមនឹងនេះ ក្រុមការងារបានយកសំណាកទឹកចំនួន៥ទីតាំង នៅខ្សែទឹកខាងលើ និងខាងក្រោម និងចំណុចទឹកស្រះរបស់រោងចក្រ នៃក្រុមហ៊ុនកែច្នៃដំណាប់ស្វាយទាំងពីរ២កន្លែង គឺក្រុមហ៊ុនយូយូរភីន និងក្រុមហ៊ុនប៉ៃស៊ិនសេង ដែលស្ថិតក្នុងភូមិសាស្រ្តក្បែរកន្លែងសង្ស័យរ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន។
ជាមួយគ្នានេះ មន្រ្តីជំនាញបានដាក់ចេញវិធានការ ស្នើសុំឱ្យអាជ្ញាធរ ធ្វើការហាមឃាត់ប្រជាពលរដ្ឋ ផ្អាកការប្រើប្រាស់ទឹកព្រែកត្រែងមួយរយៈ និង កុំយកត្រីដែលងាប់ទៅបរិភោគ។ ក្រុមការងារបានណែនាំបន្ថែមដល់ម្ចាស់ទីតាំងរោងចក្រទាំង២ខាងលើ កុំបញ្ចេញសំណល់រាវបំពុលទឹកសាធារណៈ និងអនុវត្តបទដ្ឋានបច្ចេកទេសបរិស្ថានឱ្យបានត្រឹមត្រូវជាប្រចាំ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានបញ្ជាក់ជំហរចំណាត់ការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងចំពោះក្រុមហ៊ុន ឧស្សាហកម្ម ឬរោងចក្រណា ដែលបង្កការបំពុលទឹកសាធារណៈឡើយ។


