Close

ក្រសួងបរិស្ថាន ប្រកាសអភិវឌ្ឍកោះស្រឡៅ ជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ក្រសួងបរិស្ថាន ប្រកាសអភិវឌ្ឍកោះស្រឡៅ ជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា ក្រសួងបរិស្ថាន ប្រកាសអភិវឌ្ឍកោះស្រឡៅ ជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា

កោះកុង៖​ ក្រសួងបរិស្ថានបានប្រកាសគម្រោងអភិវឌ្ឍកោះស្រឡៅ ក្នុងខេត្តកោះកុង ឲ្យក្លាយជាកោះអព្យាក្រឹតកាបូន (Carbon Neutral) គំរូដំបូងគេនៅកម្ពុជា និងក្នុងតំបន់ ដោយមានគោលបំណងលើកកម្ពស់ការអភិរក្សបរិស្ថាន និងជំរុញការអភិវឌ្ឍបៃតងប្រកបដោយចីរភាព។

កោះស្រឡៅ ស្ថិតនៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកបុទុមសាគរ ខេត្តកោះកុង មានប្រជាពលរដ្ឋរស់នៅជាង ៣០០ គ្រួសារ។ គម្រោងអភិវឌ្ឍនេះត្រូវបានប្រកាសដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋខេត្តកោះកុង ព្រមទាំងក្នុងពិធីបុណ្យ «កោងកាងសន្តិភាព» ដែលរៀបចំឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅលើកោះស្រឡៅ។

ក្រសួងបរិស្ថានប្រកាសអភិវឌ្ឍកោះស្រឡៅ ជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការរៀបចំកោះស្រឡៅឲ្យក្លាយជាកោះអព្យាក្រឹតកាបូន នឹងផ្អែកលើយុទ្ធសាស្ត្រចម្បងចំនួន ៣ រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការចូលរួមពីភាគីពាក់ព័ន្ធ និងការចូលរួមសកម្មពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ វិធានការទាំងនេះមានគោលបំណងលើកកម្ពស់ការអភិរក្សបរិស្ថាន និងជំរុញការអភិវឌ្ឍន៍បៃតងប្រកបដោយនិរន្តរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីប្រែក្លាយកោះស្រឡៅដែលមានសក្តានុពលធម្មជាតិឲ្យក្លាយជាកោះអព្យាក្រឹតកាបូននាពេលខាងមុខ ក្រសួងបរិស្ថាននឹងអនុវត្តផែនការសកម្មភាពសំខាន់ៗមួយចំនួន ដូចជា៖
១. ការដាំស្តារព្រៃកោងកាង និងព្រៃតំបន់ត្រូពិចដែលបានបាត់បង់
២. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ
៣. ការអភិវឌ្ឍដោយប្រើបច្ចេកវិទ្យាបៃតង និងការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជា ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូន
៤. ការគ្រប់គ្រងសំណល់រឹង តាមរយៈការញែក និងដាក់សំណល់ឱ្យបានត្រឹមត្រូវ ដោយមិនដុតដោយគ្មានការណែនាំពីស្ថាប័នជំនាញ
៥. ការអភិវឌ្ឍផលិតផល និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍បៃតង ដែលមានមេត្រីភាពបរិស្ថាន
៦. ការអភិវឌ្ឍកសិកម្មឆ្លាតវៃ និងនិរន្តរភាព៕


ក្រសួងបរិស្ថានប្រកាសអភិវឌ្ឍកោះស្រឡៅ ជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា