លោក Donald Trump អំពាវនាវឱ្យសម្ព័ន្ធមិត្តជួយការពារច្រកសមុទ្រ Hormuz ខណៈជប៉ុន និងអូស្ត្រាលីថា មិនមានផែនការបញ្ជូននាវាទេ
លោក Donald Trump អំពាវនាវឱ្យសម្ព័ន្ធមិត្តជួយការពារច្រកសមុទ្រ Hormuz ខណៈជប៉ុន និងអូស្ត្រាលីថា មិនមានផែនការបញ្ជូននាវាទេ
ទីក្រុង TOKYO / PALM BEACH (Florida)៖ ជប៉ុន និងអូស្ត្រាលី បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេមិនមានផែនការបញ្ជូននាវាកងទ័ពជើងទឹកទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីអមដំណើរកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz នោះទេ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអំពាវនាវឱ្យសម្ព័ន្ធមិត្តបង្កើតក្រុមចម្រុះមួយ ដើម្បីធានាសុវត្ថិភាពផ្លូវទឹកដ៏សំខាន់នេះ។
សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានបង្កឱ្យមានភាពតានតឹងខ្លាំងនៅតំបន់មជ្ឈិមបូព៌ា និងធ្វើឱ្យទីផ្សារថាមពលពិភពលោករង្គោះរង្គើ ខណៈជម្លោះបានឈានចូលសប្តាហ៍ទី៣។ ក្នុងស្ថានភាពនេះ លោក Trump កាលពីថ្ងៃអាទិត្យ បាននិយាយថា ប្រទេសដែលពឹងផ្អែកខ្លាំងលើប្រេងពីតំបន់ឈូងសមុទ្រ គួរតែមានទំនួលខុសត្រូវក្នុងការការពារច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនថាមពលប្រហែល ២០ភាគរយនៃពិភពលោក។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ក្នុងដំណើរពីរដ្ឋ Florida ទៅកាន់ទីក្រុង Washington ថា៖«ខ្ញុំកំពុងទាមទារឱ្យប្រទេសទាំងនេះចូលរួមការពារផ្លូវទឹករបស់ពួកគេ ព្រោះវាជាផ្លូវសំខាន់សម្រាប់ពួកគេផ្ទាល់»។
![]()
លោកបានបន្ថែមថា រដ្ឋបាលរបស់លោកបានទាក់ទងទៅកាន់ប្រទេសចំនួន៧រួចហើយ ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះប្រទេសទាំងនោះឡើយ។ ក្នុងការបង្ហោះលើបណ្ដាញសង្គម លោកបានលើកឡើងថា ប្រទេសដូចជា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេស គួរតែចូលរួមក្នុងកិច្ចខិតខំនេះ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា ជប៉ុនមិនមានគម្រោងបញ្ជូននាវាកងទ័ពជើងទឹកទៅអមដំណើរកប៉ាល់នៅតំបន់មជ្ឈិមបូព៌ានោះទេ ដោយសារតែប្រទេសនេះត្រូវគោរពតាមរដ្ឋធម្មនុញ្ញដែលកំណត់យ៉ាងតឹងរ៉ឹងលើការប្រើប្រាស់កម្លាំងយោធា។
លោកស្រីបានប្រាប់សភាជប៉ុនថា៖«យើងមិនទាន់ធ្វើសេចក្ដីសម្រេចណាមួយអំពីការបញ្ជូននាវាអមដំណើរនោះទេ។ យើងកំពុងពិនិត្យថា តើជប៉ុនអាចធ្វើអ្វីបានខ្លះក្រោមក្របខណ្ឌច្បាប់»។
ជាមួយគ្នានេះ អូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ–ប៉ាស៊ីហ្វិក បាននិយាយថា ខ្លួនមិនត្រូវបានស្នើសុំឱ្យចូលរួម និងមិនមានផែនការបញ្ជូននាវាកងទ័ពជើងទឹកទៅបេសកកម្មនេះដែរ។
លោកស្រី Catherine King សមាជិកគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រាប់ទូរទស្សន៍រដ្ឋ ABC ថា ច្រកសមុទ្រ Hormuz មានសារៈសំខាន់ខ្លាំង ប៉ុន្តែអូស្ត្រាលីមិនទាន់ត្រូវបានស្នើឱ្យចូលរួមក្នុងបេសកកម្មនេះឡើយ។

សម្ពាធលើចិន និងសម្ព័ន្ធមិត្តអឺរ៉ុប
លោក Trump ក៏បានប្រាប់កាសែត Financial Times ថា លោករំពឹងឱ្យប្រទេសចិនជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz មុនកិច្ចប្រជុំដែលបានគ្រោងទុករបស់លោកជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុង Beijing នៅចុងខែនេះ។ លោកបានព្រមានថា អាចនឹងពន្យារពេលដំណើរទស្សនកិច្ចនេះ ប្រសិនបើចិនមិនផ្តល់ការគាំទ្រ។
លោកបាននិយាយថា៖«ខ្ញុំគិតថា ចិនគួរតែជួយផងដែរ ព្រោះចិនទទួលបានប្រេងប្រហែល ៩០ភាគរយពីច្រកសមុទ្រនេះ»។
ជាមួយគ្នានេះ លោក Trump ក៏បានបង្កើនសម្ពាធលើសម្ព័ន្ធមិត្តអឺរ៉ុបផងដែរ ដោយព្រមានថា អង្គការណាតូ (NATO) អាចប្រឈមនឹងអនាគតមិនល្អ ប្រសិនបើសមាជិករបស់ខ្លួនមិនចូលរួមគាំទ្រកិច្ចខិតខំរបស់សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការពង្រឹងបេសកកម្មទ័ពជើងទឹកតូចមួយនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែមិនទាន់មានការសម្រេចចិត្តពង្រីកបេសកកម្មទៅកាន់ច្រកសមុទ្រ Hormuz នៅឡើយទេ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏បានពិភាក្សាជាមួយលោក Trump និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney អំពីតម្រូវការបើកច្រកសមុទ្រនេះឡើងវិញ ខណៈដែល កូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងពិនិត្យសំណើរបស់សហរដ្ឋអាមេរិកដោយប្រុងប្រយ័ត្ន។
ទោះបីជានាវាខ្លះៗរបស់អ៊ីរ៉ង់ និងនាវាពីប្រទេសផ្សេងទៀតអាចឆ្លងកាត់បានក៏ដោយ ការធ្វើចរាចរណ៍សម្រាប់នាវាដឹកប្រេងភាគច្រើននៅលើពិភពលោកត្រូវបានរាំងខ្ទប់យ៉ាងខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើគោលដៅរាប់ពាន់កន្លែងនៅទូទាំងប្រទេស៕