អេមីរ៉ាតអារ៉ាប់រួម ជួយបង់ថ្លៃស្នាក់នៅបន្ថែម ដល់ភ្ញៀវទេសចរជាប់គាំងនៅក្នុងប្រទេស
អារ៉ាប់៖ ចំពេលភាពតានតឹងកាន់តែកើនឡើងនៅតំបន់មជ្ឈិមបូព៌ា និងការរំខានដល់ការហោះហើរដែលកើតមានជាបន្តបន្ទាប់ នាយកដ្ឋានវប្បធម៌ និងទេសចរណ៍ អាប៊ូដាប៊ី (DCT Abu Dhabi) កាលពីថ្ងៃអាទិត្យ បានណែនាំឱ្យសណ្ឋាគារនានានៅទូទាំង អេមីរ៉ាតអារ៉ាប់រួម អនុញ្ញាតឱ្យភ្ញៀវដែលជាប់គាំងដោយសារការរឹតត្បិតការធ្វើដំណើរ ពន្យារការស្នាក់នៅរបស់ពួកគេ ខណៈដែលរដ្ឋាភិបាលនឹងរ៉ាប់រងការចំណាយបន្ថែមទាំងនោះ។
តាមសារាចរណែនាំដែលចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ផ្ញើទៅកាន់អ្នកគ្រប់គ្រងទូទៅសណ្ឋាគារ នាយកដ្ឋានបានបញ្ជាក់ថា ភ្ញៀវទេសចរមួយចំនួនបានដល់កាលបរិច្ឆេទចេញដំណើរតាមកាលវិភាគ ប៉ុន្តែមិនអាចចាកចេញបាន ដោយសារកាលៈទេសៈហួសពីការគ្រប់គ្រងរបស់ពួកគេ។
សេចក្តីណែនាំនេះកើតឡើងក្នុងបរិបទភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាដែលកាន់តែធ្ងន់ធ្ងរ និងបានរំខានដល់ប្រតិបត្តិការជើងហោះហើរ ព្រមទាំងបណ្តាលឱ្យមានការផ្អាក ឬរឹតត្បិតការធ្វើដំណើរជាបណ្តោះអាសន្ន នៅផ្នែកខ្លះនៃតំបន់។

DCT បានបញ្ជាក់ថា ទាំងសណ្ឋាគារ និងភ្ញៀវ នឹងមិនទទួលបន្ទុកថ្លៃចំណាយផ្នែកហិរញ្ញវត្ថុសម្រាប់ការស្នាក់នៅបន្ថែមនោះទេ។ តម្លៃនៃការស្នាក់នៅដែលបានពន្យារនឹងត្រូវរ៉ាប់រងដោយ DCT អាប៊ូដាប៊ី ហើយសណ្ឋាគារត្រូវបញ្ជូនវិក្កយបត្រដែលពាក់ព័ន្ធទៅកាន់អាសយដ្ឋានអ៊ីមែលផ្លូវការរបស់នាយកដ្ឋាន។
ដើម្បីសម្រួលការអនុវត្ត នាយកដ្ឋានក៏បានចែករំលែកព័ត៌មានទំនាក់ទំនងលម្អិតរបស់ក្រុមបន្តអាជីវកម្ម សម្រាប់ផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការ។ វិធានការនេះបានទទួលប្រតិកម្មវិជ្ជមានលើបណ្តាញសង្គម ដោយមនុស្សជាច្រើនចាត់ទុកថា ជាជំហានសកម្មមួយក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរំខានដល់ការធ្វើដំណើរ លើភ្ញៀវទេសចរ និងវិស័យបដិសណ្ឋារកិច្ចរបស់អេមីរ៉ាត។
វិធានការនេះអនុវត្តស្របតាមច្បាប់លេខ ៨ ឆ្នាំ២០១៨ ដែលបានបង្កើត DCT Abu Dhabi និងផ្តល់អំណាចឱ្យនាយកដ្ឋានគ្រប់គ្រង និងគាំទ្រឧស្សាហកម្មទេសចរណ៍។
ក្នុងវិធានការស្របគ្នា នាយកដ្ឋានសេដ្ឋកិច្ច និងទេសចរណ៍ ឌូបៃ ក៏បានណែនាំឱ្យប្រតិបត្តិករសណ្ឋាគារ អនុញ្ញាតឱ្យភ្ញៀវដែលរងផលប៉ះពាល់ បន្តការស្នាក់នៅក្រោមលក្ខខណ្ឌដូចគ្នានឹងការកក់ដើម។ សណ្ឋាគារត្រូវជូនដំណឹងដល់នាយកដ្ឋានភ្លាមៗ ដោយរៀបរាប់លម្អិតអំពីព័ត៌មានការកក់ដើម រយៈពេលពន្យារ និងបញ្ហាប្រតិបត្តិការណាមួយដែលអាចកើតមាន៕