Close

ក្រសួងកសិកម្មច្រានចោលការចុះផ្សាយរបស់ The Nation Thailand

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងកសិកម្មច្រានចោលការចុះផ្សាយរបស់ The Nation Thailand ក្រសួងកសិកម្មច្រានចោលការចុះផ្សាយរបស់ The Nation Thailand

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលចុងសប្តាហ៍កន្លងមកនេះ បានប្រកាសច្រានចោចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation Thailand ពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវក្នុងឆ្នាំ២០២៥របស់កម្ពុជាដោយសារការបង្កើនការប្រើប្រាស់ជីគីមី និងការប្រើប្រាស់ពូជស្រូវHybrid។

ក្រសួងកសិកម្ម បានច្រានចោលបែបនេះ បន្ទាប់ថ្មីៗនេះ សារព័ត៌មានខាងលើនេះ បានចុះផ្សាយអំពីរបាយការណ៍ Rice Outlook – February 2026 របស់ក្រសួងកសិកម្មអាមេរិក (USDA) ដែលបានបង្ហាញពីការកើនឡើងនៃបរិមាណផលស្រូវរបស់កម្ពុជា ហើយបានសន្និដ្ឋានថា កំណើននេះគឺដោយសារការបង្កើនការប្រើប្រាស់ជីនិងការប្រើប្រាស់ពូជស្រូវHybrid។

នៅសេចក្តីបំភ្លឺជុំវិញការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវក្នុងឆ្នាំ២០២៥របស់កម្ពុជា ក្រសួង បញ្ជាក់ថា នៅក្នុងការចុះផ្សាយនោះ The Nation Thailand បានបន្ថែមពាក្យ«ជីគីមី» ដែលមានខ្លឹមសារឃ្លាតចាកពីរបាយការណ៍ដើម។

ក្រសួងកសិកម្មច្រានចោលការចុះផ្សាយរបស់ The Nation Thailand

ក្រសួងសង្កត់ធ្ងន់ថា ការចុះផ្សាយបែបនេះ បង្កឱ្យមានការយល់ឃើញជាអវិជ្ជមានមកលើការប្រើប្រាស់ធាតុចូលក្នុងវិស័យកសិកម្ម ព្រមទាំងអាចប៉ះពាល់ដល់ប្រជាកសិករ និងទីផ្សារកសិផលរបស់កម្ពុជា។

ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់បន្ថែមអំពីការកើនឡើងនៃផលិតកម្មស្រូវរបស់កម្ពុជានាពេលថ្មីៗនេះថា ការប្រើប្រាស់ពូជស្រូវ កម្ពុជាមិនមានការអនុវត្តដាំដុះប្រភេទពូជស្រូវ Hybrid នោះទេ។ ការអភិវឌ្ឍវិស័យកសិកម្មរបស់យើងពឹងផ្អែកលើប្រភេទពូជស្រូវធម្មតា (Non-hybrid varieties) ដែលត្រូវបានកែលម្អ និងមានការប្រើប្រាស់ជាយូរមកហើយ។

លើសពីនេះទៀត ផលិតកម្មស្រូវរបស់កម្ពុជាបានកើនឡើងប្រមាណ ១លានតោន ក្នុងឆ្នាំ២០២៥។ កំណើននេះបានកើតចេញពីការពង្រីកផ្ទៃដីដាំដុះ ភាពប្រសើរឡើងនៃបច្ចេកទេសដាំដុះនិងការគ្រប់គ្រងសមាសភាពចង្រៃ ភាពអំណោយផលល្អនៃរបាយទឹកភ្លៀង និងការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីកត្តាអាកាសធាតុ ជាជាងមកពីការដាំដុះប្រភេទពូជ Hybrid ឬការកើនឡើងនៃការប្រើប្រាស់ជីកសិកម្ម។

បើតាមក្រសួងកសិកម្មកម្ពុជា ទិន្នន័យផ្លូវការបានបង្ហាញថាការនាំចូលជីកសិកម្មរបស់កម្ពុជាមានការធ្លាក់ចុះនៅក្នុងឆ្នាំ២០២៥កន្លងមកនេះ៕