អាមេរិកត្រៀមដាក់នាវាផ្ទុកយន្តហោះបន្ថែមនៅមជ្ឈិមបូព៌ា ខណៈភាពតានតឹងជាមួយអ៊ីរ៉ង់បន្តកើនឡើង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងពិចារណាបង្កើនសមត្ថភាពយោធានៅតំបន់មជ្ឈិមបូព៌ា បើទោះបីជាកំពុងមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបន្ថយភាពតានតឹងជាមួយអ៊ីរ៉ង់ក៏ដោយ។
កាលពីថ្ងៃព្រហស្បតិ៍ លោកបានចែករំលែកអត្ថបទមួយពីកាសែត The Wall Street Journal នៅលើបណ្តាញសង្គម Truth Social របស់លោក ដោយគ្មានការអធិប្បាយបន្ថែម។ អត្ថបទនោះមានចំណងជើងថា ក្រសួងការពារជាតិអាមេរិក (Pentagon) កំពុងត្រៀមដាក់នាវាផ្ទុកយន្តហោះទីពីរទៅកាន់មជ្ឈិមបូព៌ា។
តាមប្រភពមន្ត្រីអាមេរិក អង្គភាពការពារជាតិបានបញ្ជាឱ្យរៀបចំក្រុមប្រតិបត្តិការនាវាផ្ទុកយន្តហោះមួយ ដើម្បីចូលរួមជាមួយនាវា USS Abraham Lincoln ដែលកំពុងស្ថិតនៅតំបន់នោះរួចហើយ។
ក្រោយមក ប្រភពមួយដែលស្គាល់ផែនការនេះ បានប្រាប់សារព័ត៌មាន The Associated Press ថា នាវាផ្ទុកយន្តហោះធំបំផុតលើពិភពលោក USS Gerald R. Ford ត្រូវបានបញ្ជាឱ្យធ្វើដំណើរពីសមុទ្រការ៉ាប៊ីនទៅកាន់មជ្ឈិមបូព៌ា។ ព័ត៌មាននេះត្រូវបានរាយការណ៍ដំបូងដោយ The New York Times។

ការដាក់ពង្រាយនាវា USS Gerald R. Ford នឹងធ្វើឱ្យមាននាវាផ្ទុកយន្តហោះអាមេរិកពីរគ្រឿងជាមួយនាវាចម្បាំងរួមដំណើរ នៅក្នុងតំបន់ ខណៈដែលលោក Trump បន្តបង្កើនដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រភពនោះបាននិយាយក្នុងលក្ខខណ្ឌអនាមិក ដើម្បីពិភាក្សាអំពីចលនាយោធា។
នាវា USS Abraham Lincoln និងនាវាពិឃាតបំពាក់មីស៊ីលដឹកនាំបីគ្រឿង បានមកដល់មជ្ឈិមបូព៌ាជាងពីរសប្ដាហ៍មុន។
ព័ត៌មាននេះត្រូវបានផ្សាយបន្ទាប់ពីលោក Trump ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមាន។ លោក Netanyahu ត្រូវបានគេចាត់ទុកថាជាអ្នកគាំទ្រគោលនយោបាយតឹងរ៉ឹងប្រឆាំងទីក្រុងតេហេរ៉ង់។ ទោះយ៉ាងណា លោក Trump បានបញ្ជាក់ថា លោកនៅតែចូលចិត្តដំណោះស្រាយតាមផ្លូវការទូត។
លោក Trump បានសរសេរថា កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់គួរតែបន្ត ដើម្បីមើលថាតើអាចសម្រេចកិច្ចព្រមព្រៀងបានឬអត់។ លោកបន្ថែមថា ប្រសិនបើអាចធ្វើបាន នោះគឺជាជម្រើសដែលលោកពេញចិត្ត ប៉ុន្តែបើមិនបានទេ លទ្ធផលនឹងត្រូវរង់ចាំមើល។
សប្ដាហ៍មុន សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបើកកិច្ចពិភាក្សាដោយប្រយោលលើកដំបូងចាប់តាំងពីឆ្នាំមុន នៅប្រទេស Oman។ ទាំងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់បានបញ្ជាក់ថា ពួកគេចង់បន្តផ្លូវការទូត ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទសម្រាប់កិច្ចជុំបន្ទាប់ជាសាធារណៈនៅឡើយទេ។
ប្រធានសន្តិសុខអ៊ីរ៉ង់ លោក Ali Larijani បានប្រាប់ Al Jazeera ថា អ៊ីរ៉ង់កំពុងចរចាជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះ មិនមានការចរចាជាមួយអ៊ីស្រាអែលទេ ហើយបានចោទប្រកាន់ថា អ៊ីស្រាអែលកំពុងព្យាយាមរំខានដំណើរការនេះ។
លោក Trump ក៏បានបដិសេធថា លោក Netanyahu មិនបានបញ្ចុះបញ្ចូលឱ្យលោកបញ្ឈប់ការចរចាជាមួយអ៊ីរ៉ង់ឡើយ។ លោកបន្ថែមថា កិច្ចព្រមព្រៀងអាចសម្រេចបាននៅខែក្រោយ ប្រសិនបើអ៊ីរ៉ង់ព្រមយ៉ាងឆាប់រហ័ស។
លោក Trump បានអះអាងថា កិច្ចព្រមព្រៀងណាមួយត្រូវធានាថា អ៊ីរ៉ង់មិនមានអាវុធនុយក្លេអ៊ែរ និងមិនមានមីស៊ីល។ ខណៈអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនស្វែងរកអាវុធនុយក្លេអ៊ែរ និងមិនព្រមលះបង់កម្មវិធីមីស៊ីលរបស់ខ្លួនឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា កម្មវិធីមីស៊ីលគឺជាបញ្ហាសន្តិសុខជាតិ ដែល “មិនអាចចរចាបានឡើយ”។
លោក Trump បានព្រមានជាបន្តបន្ទាប់ថា ប្រសិនបើការចរចាបរាជ័យ អាចមានការវាយប្រហារឡើងវិញលើអ៊ីរ៉ង់។

កាលពីខែមិថុនាឆ្នាំមុន អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាលើអ៊ីរ៉ង់ ដែលបានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងពលរដ្ឋជាច្រើន។ អ៊ីរ៉ង់បានឆ្លើយតបដោយបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើអ៊ីស្រាអែល។
សហរដ្ឋអាមេរិកក៏បានចូលរួមក្នុងយុទ្ធនាការនោះ ដោយវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែរបីកន្លែងរបស់អ៊ីរ៉ង់ មុនពេលមានបទឈប់បាញ់។ លោក Trump បានអះអាងថា ការវាយប្រហារនោះបាន “បំផ្លាញទាំងស្រុង” កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែមិនទាន់ច្បាស់ថា អ្វីបានកើតឡើងចំពោះស្តុកអ៊ុយរ៉ាញ៉ូមដែលបានសម្រិតខ្ពស់។
អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនមានសិទ្ធិបង្កើនសម្រិតអ៊ុយរ៉ាញ៉ូម ដែលមិនផ្ទុយនឹងកាតព្វកិច្ចក្រោមសន្ធិសញ្ញាអន្តរជាតិទប់ស្កាត់ការរីករាលដាលអាវុធនុយក្លេអ៊ែរ (NPT)។
កាសែត The Wall Street Journal ក៏បានរាយការណ៍ថា សហរដ្ឋអាមេរិកបាននាំឧបករណ៍អ៊ីនធឺណិតផ្កាយរណប Starlink ប្រហែល 6,000 គ្រឿង ចូលទៅអ៊ីរ៉ង់ បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ង់បានផ្ដាច់អ៊ីនធឺណិត ដើម្បីទប់ស្កាត់បាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែមុន៕