Close

ក្រសួងឧស្សាហកម្មធ្វើតេស្តសាកល្បងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ជំរុញការធ្វើពាណិជ្ជកម្មនវានុវត្តន៍

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្មធ្វើតេស្តសាកល្បងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ជំរុញការធ្វើពាណិជ្ជកម្មនវានុវត្តន៍ ក្រសួងឧស្សាហកម្មធ្វើតេស្តសាកល្បងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ជំរុញការធ្វើពាណិជ្ជកម្មនវានុវត្តន៍

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់បទពិសោធន៍អ្នកប្រើប្រាស់ (User Experience Validation Workshop) សម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ក្នុងគោលបំណងធ្វើតេស្តសាកល្បងថ្នាលបច្ចេកវិទ្យា ដែលនឹងដើរតួជាស្ពានតភ្ជាប់រវាងនវានុវត្តន៍ករ និងអ្នកវិនិយោគ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០។

សិក្ខាសាលានេះបានប្រមូលផ្តុំតំណាងពីស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានសិក្សា និងភាគីពាក់ព័ន្ធនានា ដើម្បីចូលរួមផ្តល់មតិយោបល់ កែលម្អ និងពង្រឹងប្រសិទ្ធភាពថ្នាលបច្ចេកវិទ្យានេះ។ គោលដៅសំខាន់គឺបង្កើនការតភ្ជាប់រវាងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងទីផ្សារតំបន់ ដោយជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ឱ្យកាន់តែរឹងមាំ។

ក្រសួងឧស្សាហកម្មធ្វើតេស្តសាកល្បងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ជំរុញការធ្វើពាណិជ្ជកម្មនវានុវត្តន៍

ឯកឧត្តម បណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួង និងជាប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASEAN Committee on Science, Technology and Innovation – ASEAN COSTI) ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតំបន់ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។

ឯកឧត្តមបានមានប្រសាសន៍ថា៖ “មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាក្នុងតំបន់ដ៏រឹងមាំមួយ នឹងក្លាយជាកម្លាំងចលករ ដែលអនុញ្ញាតឱ្យប្រទេសនីមួយៗអាចប្រែក្លាយគំនិតទៅជាអាជីវកម្ម លទ្ធផលស្រាវជ្រាវទៅជាសមិទ្ធផល និងភាពជាដៃគូទៅជាវឌ្ឍនភាពពិតប្រាកដ។ នេះជាការប្តេជ្ញាចិត្តសម្រាប់មនុស្សជំនាន់ក្រោយ។”

សិក្ខាសាលានេះទទួលបានការគាំទ្រពី Canada Trade and Investment Facility for Development ខណៈអ្នកចូលរួមបានធ្វើតេស្តសាកល្បងចំណុចប្រទាក់អ្នកប្រើប្រាស់ (User Interface) និងពិនិត្យលំហូរការងារ ទាំងលើការផ្តល់ជូនបច្ចេកវិទ្យា ការស្វែងរកបច្ចេកវិទ្យា និងគម្រោងកិច្ចសហប្រតិបត្តិការ។

ក្រសួងឧស្សាហកម្មធ្វើតេស្តសាកល្បងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ជំរុញការធ្វើពាណិជ្ជកម្មនវានុវត្តន៍

លោកស្រី Emily Alexander ទីប្រឹក្សា និងជាប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃ Mission of Canada to ASEAN បានលើកឡើងថា កាណាដាផ្តល់អាទិភាពដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងការសហការលើបរិវត្តកម្មឌីជីថល ហើយជឿជាក់ថា សិក្ខាសាលានានា បានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អថ្នាលបច្ចេកវិទ្យានេះឱ្យកាន់តែប្រសើរឡើង។

លោកបណ្ឌិត Kittisak Kaweekijmanee មន្ត្រីជាន់ខ្ពស់នៃ ASEAN Secretariat បានកត់សម្គាល់ថា ទោះបីការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងតំបន់មានកំណើនជាមធ្យម ៨,៥% ចន្លោះឆ្នាំ២០០០–២០២៣ ក៏ដោយ ក៏នៅមានបញ្ហាប្រឈមក្នុងការបំលែងលទ្ធផលស្រាវជ្រាវទៅជាប្រយោជន៍ពាណិជ្ជកម្ម។

លោកបានបញ្ជាក់ថា នៅមានគម្លាតរវាងការបង្កើតចំណេះដឹង និងការអនុវត្តជាក់ស្តែង ដូច្នេះត្រូវការការពង្រឹងប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា និងយន្តការតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព។

ក្រសួងឧស្សាហកម្មធ្វើតេស្តសាកល្បងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ជំរុញការធ្វើពាណិជ្ជកម្មនវានុវត្តន៍

តាមរយៈការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ឆ្នាំ២០៣០ និងផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) តំបន់អាស៊ានកំពុងកៀរគរធនធាន ដើម្បីសម្រេចបេសកកម្មយុទ្ធសាស្ត្រចំនួន៨ ចាប់ពីសន្តិសុខស្បៀង និងថាមពល រហូតដល់សេវាកម្មក្លោដ និងអព្យាក្រឹតភាពកាបូន។

មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន មានចក្ខុវិស័យប្រែក្លាយអាស៊ានឱ្យក្លាយជាតំបន់នៃលំហូរចំណេះដឹងដោយសេរី ជាកន្លែងដែលការស្រាវជ្រាវបង្កើតឥទ្ធិពលជាក់ស្តែង និងការផ្ទេរបច្ចេកវិទ្យាក្លាយជាកម្លាំងចលករសម្រាប់ការប្រកួតប្រជែង និងវិបុលភាពតំបន់។ តាមរយៈការនាំយកនវានុវត្តន៍ពីមន្ទីរពិសោធន៍ទៅកាន់ឧស្សាហកម្ម ថ្នាលបច្ចេកវិទ្យានេះនឹងក្លាយជាឧបករណ៍សំខាន់ក្នុងការរុញច្រានអាស៊ានឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៤៥៕

ក្រសួងឧស្សាហកម្មធ្វើតេស្តសាកល្បងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ជំរុញការធ្វើពាណិជ្ជកម្មនវានុវត្តន៍