Close

រកឃើញបសត្វសំខាន់ៗ ៤២ ប្រភេទ នៅក្នុងឧទ្យានជាតិវីរជ័យ

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
រកឃើញបសត្វសំខាន់ៗ ៤២ ប្រភេទ នៅក្នុងឧទ្យានជាតិវីរជ័យ រកឃើញបសត្វសំខាន់ៗ ៤២ ប្រភេទ នៅក្នុងឧទ្យានជាតិវីរជ័យ

ភ្នំពេញ៖ តាមរយៈកិច្ចសហការរវាង អង្គការសត្វព្រៃ និងរុក្ខជាតិ ជាមួយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគីរី និងការចូលរួមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន បានរកឃើញប្រភេទសត្វសំខាន់ៗ ដែលកត់ត្រាបានចំនួន ៤២ប្រភេទដែលកំពុងមានវត្តនៅក្នុងឧទ្យានជាតិវីរជ័យស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។ នេះ បើតាមការសិក្សាស្រាវជ្រាវជីវ:ចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥ ។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ប្រភេទសត្វទាំងនោះ មានដូចជា៖ ថនិកសត្វ ៣២ប្រភេទ បក្សី ៩ប្រភេទ និងពួកល្មួន ១ប្រភេទ ។សម្រាប់ប្រភេទសត្វដែលកត់ត្រាខាងលើនេះមាន ២ប្រភេទជាសត្វជិតផុតពូជបំផុត ៥ប្រភេទជាសត្វជិតផុតពូជ និង១៣ប្រភេទសត្វងាយរងគ្រោះ ដោយឡែកកំណត់ត្រាវីដេអូរបានកត់ត្រានូវហ្វូងដំរីអាស៊ី ដែលជាសក្ខីភាពបង្ហាញពីមោទនភាពនិងភាពសមស្របនៃទីជម្រកធម្មជាតិនៃតំបន់ឧទ្យានជាតិវីរៈជ័យ ។
ប្រភេទសត្វកម្រសំខាន់ៗជាច្រើន រួមមាន៖ ដំរីអាស៊ី ឆ្កែព្រៃ ខ្លាពពក ខ្លាលឿងមាស កេងកងធំ ខ្លាភ្ញីថ្មកែវ រញីប្រផេះ ក្ងោក ស្វាកន្ទុយស ពង្រូល និងប្រភេទសត្វផ្សេងៗជាច្រើនទៀត។

រកឃើញបសត្វសំខាន់ៗ ៤២ប្រភេទនៅក្នុងឧទ្យានជាតិវីរជ័យ

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ ” ឧទ្យានជាតិវីរជ័យ គឺជាតំបន់ដ៏មានសារ:សំខាន់សម្រាប់យើងទាំងអស់គ្នា ព្រោះវាជាជម្រករបស់ប្រភេទសត្វជាច្រើន។ ការស្រាវជ្រាវនេះផ្តល់ជាចំណេះដឹងដែលមានតម្លៃក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការការពារព្រៃឈើ និងសត្វព្រៃទាំងនេះ ព្រមទាំងជួយគាំទ្រដល់សហគមន៍ដែលពឹងផ្អែកលើធនធានទាំងនេះផងដែរ។”

លោក លូ វន្នី ប្រធានគម្រោងអភិរក្សដីគោក អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា៖ “ឧទ្យានជាតិវីរជ័យជាទីជម្រកដ៏សំខាន់នៃជីវ:ចម្រុះជាច្រើនប្រភេទ ដែលជីវ:ចម្រុះនីមួយៗដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ី ។ទិន្នន័យពីម៉ាសុីនថតស្វ័យប្រវត្តនេះ អាចឱ្យយើងរកឃើញប្រភេទសត្វជិតផុតពូជបំផុតមួយចំនួនដែលមានវត្តមាននៅក្នុងឧទ្យានជាតិវីរជ័យ ព្រមទាំងជួយឱ្យយើងយល់ដឹងបន្ថែមអំពីអាកប្បកិរិយារបស់ពួកវា ការស្វែងយល់ពីសណ្ឋានដី និង របៀបសម្របខ្លួនទៅនឹងការរស់នៅរបស់មនុស្សផងដែរ។”

គោលបំណងសំខាន់នៃការសិក្សាស្រាវជ្រាវនេះគឺ ដើម្បីធានាបាននូវការពង្រឹងសកម្មភាពអភិរក្សនៅតំបន់សំខាន់ៗ ទាំងនេះ ដោយផ្តោតទៅលើការស្វែងយល់ពីតម្រូវការរបស់សហគមន៍មូលដ្ឋាន និងភាពចាំបាច់ក្នុងការការពារសត្វព្រៃផងដែរ ។ សហគមន៍ដែលរស់នៅក្បែរតំបន់ការពារទាំងនេះ អាចគាំទ្រដល់ការការពារសត្វព្រៃប្រកបដោយប្រសិទ្ធភាព ប៉ុន្តែពួកគេក៏ប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួនផងដែរ ។ ដូច្នេះហើយ ការធ្វើឱ្យមានសុខដុមនីយកម្មរវាងគោលដៅអភិរក្សជាមួយនឹងតម្រូវការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន មិនមែនគ្រាន់តែជាគោលដៅសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាភាពចាំបាច់នៃការបន្តរស់រានមានជិវិតនៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ទាំងនេះ។

សកម្មភាពនេះត្រូវបានគាំទ្រដោយនាយកដ្ឋានបរិស្ថាន ស្បៀងអាហារ និងកិច្ចការជនបទ (DEFRA) តាមរយៈមូលនិធិ គម្រោងមូលនិធិតំបន់ទេសភាពជីវៈចម្រុះ (BLF) ។