អង្គការសត្វព្រៃ លែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល ជាលើកដំបូង នៅតំបន់ឧទ្យានជាតិវីរៈជ័យ
ភ្នំពេញ៖ អង្គការសត្វព្រៃ និងរុក្ខជាតិ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលថ្នាក់ ក្រោមជាតិបានលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល ជាលើកដំបូង ទៅក្នុងតំបន់ដាច់ស្រយាលឆ្ងាយពី មនុស្សក្នុងឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា បន្ទាប់ពីប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរ យៈពេលជាង ២០ឆ្នាំកន្លងមក។
ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ យើងបានសិក្សាវាយតម្លៃអំពីប្រភេទទី ជម្រកសមស្របហើយបានរកឃើញតំបន់ដាច់ស្រយាលជាមួយនឹងលក្ខខណ្ឌជម្រកដ៏ល្អបំផុតសម្រាប់ ប្រភេទក្រពើភ្នំនៅឧទ្យានជាតិវីរៈជ័យនេះ។ ជាមួយនឹងការលែងនេះ យើងបានប្រើបច្ចេកវិទ្យាចុងក្រោយ ដោយប្រើ ឧបករណ៍កត់ត្រា សម្លេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មានសារសំខាន់ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទនេះ។
លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិ លើកឡើងថា៖ «ក្នុងរ យៈពេល ២៥ឆ្នាំកន្លងមកនេះ អង្គការសត្វព្រៃ និងរុក្ខជាតិ និងដៃគូរដ្ឋាភិបាលរបស់យើងរួមទាំងសហគមន៍ មូលដ្ឋានផងដែរ បាននិងកំពុងប្រឹងប្រែងធ្វើយ៉ាងណាការពារ និងអភិរក្សក្នុងការស្តារប្រភេទនេះកុំឲ្យផុត ពូជពីក្នុងធម្មជាតិ ជាមួយនឹងលទ្ធផលវិជ្ជមាន និងសន្ទុះនៃការអភិរក្សនិងកិច្ចសហការ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។យើងបាននិងកំពុងលែងក្រពើភ្នំពូជសុទ្ធពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានចំនួនច្រើន ជាងមុន ហើយយើងបានសង្កេតឃើញការកើនឡើងនូវការបង្កាត់ពូជពងកូននៅក្នុងធម្មជាតិផងដែរ»។
លោកបន្ថែមថា ជា ទូទៅ ក្រពើភ្នំត្រូវការពេលជាង ១០ឆ្នាំ ទម្រាំធំពេញវ័យ ហើយក្រពើភ្នំ ដែលយើងបានលែងជាលើកដំបូង ដោយកម្មវិធីបង្កាត់ពូជក្រពើភ្នំសុទ្ធរបស់យើង បាននិងកំពុងចាប់ផ្ដើមបង្កាត់ពូជពងកូនដោយខ្លួនឯងនៅក្នុងធម្មជាតិ ដែលជួយជម្រុញឲ្យមានការកើនឡើងនូវចំនួនប្រភេទនេះនៅក្នុងធម្មជាតិ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ “ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ ជា ពិសេសអង្គការសត្វព្រៃ និងរុក្ខជាតិ នៅក្នុងការអភិរក្សនិងបង្កើនវត្តមានសត្វក្រពើភ្នំក្នុងធម្មជាតិនៅប្រទេស កម្ពុជា។ ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ននេះ យើងបានសហការព្រលែងសត្វក្រពើភ្នំពូជសុទ្ធ សរុបចំនួន ១២លើក ទៅក្នុងព្រៃធម្មជាតិនៃតំបន់ជួរភ្នំក្រវាញ។
ឯកឧត្តមបន្តថា ក្រសួងបន្តលើកទឹកចិត្ត និងត្រៀមខ្លួនជា និច្ចក្នុងការសហការជាមួយអង្គការអង្គការសត្វព្រៃ និងរុក្ខជាតិដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការងារអភិរក្សធនធានធម្មជាតិនៅកម្ពុជាឱ្យបានគង់វង្ស”។
ចំណែក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖“ ក្រសួងបរិស្ថា នបាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរឹងក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈ ចម្រុះ រួមមាន ធនធានសត្វព្រៃ ដែលមានសារៈសំខាន់សម្រាប់មនុស្សជាតិ។ ក្រសួងបរិស្ថានបានប្តេជ្ញា និងគាំទ្រក្នុងការ អនុវត្តគ្របខណ្ឌជីវៈចម្រុះសកល ក្នុងនោះមានចំណុចដៅទី៤ ស្តីពីការទប់ស្កាត់កុំឲ្យមានភាពផុតពូជន សត្វព្រៃណាមួយឡើយ។
ឯកឧត្តមបន្ថែមថា ក្រពើភ្នំជាប្រភេទដ៏កម្របំផុតនៅលើពិភពលោក ប៉ុន្តែយើងសង្កេតឃើញប្រភេទ នេះមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជា តាមរយៈកិច្ចប្រឹងប្រែងរបស់យើងទាំងអស់គ្នា នេះជា មោទកភាពសម្រាប់ប្រទេសយើងក្នុងពិភពលោក ដែលមានប្រភេទនេះរស់នៅ។ ក្រសួងបរិស្ថានបន្តពង្រឹង វិធានការ៤ចំណុច ស្របតាមយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ដែលក្នុងនោះយុទ្ធសាស្ត្រទី២«ភាពបៃតង» បានផ្តោតលើការការពារ និងអភិរក្សជីវៈចម្រុះ និងធនធានសត្វព្រៃ ជំរុញការបណ្ដុះនិងចែកកូនឈើជូន ប្រជាពលរដ្ឋ ដាំស្តារព្រៃជាដើម ដើម្បីបង្កើនគម្របបៃតង និងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីទទួលបានចំណូលបង្កើនជីវភាព និងការរស់នៅប្រកបដោយចីរភាព ដោយសក្តានុពលគោលដៅ លំហែបៃតង នៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀត ដែលមានទីជម្រកសម្រាប់ប្រភេទសត្វព្រៃរស់នៅ ហើយការការពារជម្រកសុខសាន្ត ធានាការអភិរក្សនិងស្តារវត្តមានក្រពើភ្នំ ក៏ដូចជាសត្វព្រៃដែលជាប្រភេទ ជិតផុតពូជបំផុតក្នុងធម្មជាតិក្នុងប្រទេសកម្ពុជា”។
រហូតមកដល់បច្ចុប្បន្ននេះ ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិ ដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមាន សំបុកពងកូនក្រពើភ្នំចំនួន៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញនេះផងដែរ។ ដោយឡែក តាមរយៈប្រវត្តិនៃឧទ្យានជាតិវីរៈជ័យដែលធ្លាប់មានវត្តមានក្រពើភ្នំធម្មជាតិរស់នៅតាំងពី យូរយារណាស់មកហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារវត្តមានប្រភេទនេះ នៅក្នុងតំបន់នេះ អាចនឹង ទទួលបានជោគជ័យ៕