Close

ទីតាំងប្រមូលទិញជ័រកៅស៊ូបង្កក ៥ កន្លែង នៅខេត្តត្បូងឃ្មុំ បង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅប្រជាពលរដ្ឋ

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
ទីតាំងប្រមូលទិញជ័រកៅស៊ូបង្កក ៥ កន្លែង នៅខេត្តត្បូងឃ្មុំ បង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅប្រជាពលរដ្ឋ ទីតាំងប្រមូលទិញជ័រកៅស៊ូបង្កក ៥ កន្លែង នៅខេត្តត្បូងឃ្មុំ បង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅប្រជាពលរដ្ឋ

ត្បូងឃ្មុំ៖ ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកចំនួន ៥ កន្លែង នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានរកឃើញថា បង្កបញ្ហាបំពុលបរិស្ថាន និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជុំវិញ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី ៦–៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ និងអាជ្ញាធរឃុំមេមត់ បានចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងអាជីវកម្មទាំងនេះ។

តាមការត្រួតពិនិត្យ ក្រុមការងារបានរកឃើញថា ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកទាំង ៥ កន្លែង មានបញ្ហាបំពុលបរិស្ថាន និងចំណុចខ្វះខាតជាច្រើន ជាពិសេសបញ្ហាក្លិនស្អុយខ្លាំង ដែលបណ្តាលមកពីកន្លែងស្តុកជ័រកៅស៊ូបង្កក និងរណ្តៅស្តុកសំណល់រាវ (ទឹកលាងសម្អាតក្នុងទីតាំងស្តុក)។

ទីតាំងប្រមូលទិញជ័រកៅស៊ូបង្កក ៥ កន្លែង នៅខេត្តត្បូងឃ្មុំ បង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅប្រជាពលរដ្ឋ

ក្រុមការងារបានបញ្ជាក់ថា ក្រុមហ៊ុនទាំងនេះ មិនបានគ្រប់គ្រងសំណល់រាវត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងច្បាប់ឡើយ ដោយគ្មានអាងប្រព្រឹត្តិកម្មសំណល់រាវត្រឹមត្រូវ ហើយគ្រាន់តែប្រើរណ្តៅដីសម្រាប់ស្តុកទឹកសំណល់ប៉ុណ្ណោះ។ លើសពីនេះ ទីតាំងអាជីវកម្មទាំងអស់ ក៏បានដំណើរការដោយគ្មានកិច្ចសន្យាការពារបរិស្ថានផងដែរ។

ដើម្បីទប់ស្កាត់បញ្ហាបំពុលបរិស្ថានបន្តទៀត ក្រសួងបរិស្ថាន បានចាត់វិធានការតាមច្បាប់ ដោយតម្រូវឱ្យទីតាំងអាជីវកម្មទាំង ៥ កន្លែង ផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ក្រុមហ៊ុនទាំងនោះ ត្រូវទទួលរងពិន័យអន្តរការណ៍ អនុលោមតាមមាត្រា ៨២៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ពាក់ព័ន្ធនឹងការបង្កក្លិនស្អុយ និងការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ (មាត្រា ១៦១) ការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ (មាត្រា ១៥៦ និងមាត្រា ២៨៧) និងឧបសម្ព័ន្ធ “ស្តង់ដារ” នៃអនុក្រឹត្យលេខ ១០៣។

ទីតាំងប្រមូលទិញជ័រកៅស៊ូបង្កក ៥ កន្លែង នៅខេត្តត្បូងឃ្មុំ បង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅប្រជាពលរដ្ឋ

លើសពីនេះ ការដំណើរការអាជីវកម្មដោយគ្មានកិច្ចសន្យាការពារបរិស្ថាន គឺជាការល្មើសមាត្រា ៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យលេខ ៧២ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន បានតម្រូវឱ្យម្ចាស់ទីតាំងនីមួយៗ អនុវត្តវិធានការកែប្រែ ដោយរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងអនុលោមតាមមាត្រា ២៨៧ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីកាត់បន្ថយបញ្ហាក្លិនស្អុយ និងទប់ស្កាត់ការបំពុលទឹកសាធារណៈ ឱ្យបានរួចរាល់ក្នុងរយៈពេល ៣ ខែ។ ព្រមទាំងត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងអនុម័ត ឱ្យបានរួចរាល់ក្នុងរយៈពេលដូចគ្នា។

សូមបញ្ជាក់ថា ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកទាំង ៥ រួមមាន៖១. ភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ២. ភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់
៣. ភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់ ៤. ភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ និង ៥. ភូមិដក់ព័រ ឃុំទ្រៀក ស្រុកមេមត់៕

ទីតាំងប្រមូលទិញជ័រកៅស៊ូបង្កក ៥ កន្លែង នៅខេត្តត្បូងឃ្មុំ បង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅប្រជាពលរដ្ឋ