ប្រតិភូកូរ៉េ ២០នាក់ នឹងមកដល់កម្ពុជានៅពាក់កណ្តាលខែកុម្ភៈនេះ ដើម្បីស្វែងយល់ពីការពិត
ភ្នំពេញ៖ លោក PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC បានលើកឡើងអំពីគម្រោងដឹកនាំក្រុមគណៈប្រតិភូកូរ៉េ ប្រហែល ២០នាក់ ទៅប្រទេសកម្ពុជានៅពាក់កណ្តាលខែកុម្ភៈនេះ ដែលក្នុងនោះមានអ្នកវិនិយោគ និងអ្នកសារពត៌មានកូរ៉េ ផងដែរ ដើម្បីបង្ហាញឱ្យពួកគេឃើញថាកម្ពុជាមានសុវត្ថិភាព និងផ្តល់បរិយាកាសល្អសម្រាប់អ្នកវិនិយោគ។
លោក Park បានបង្ហាញពីគម្រោងបែបនេះក្នុងគ្រាដែល លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។
ក្នុងឱកាសនៃជំនួប លោក ឯកអគ្គរាជទូត បានលើកឡើងអំពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េ ផ្តោតលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការស្តារស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យត្រលប់ទៅរកប្រក្រតីភាពវិញ បន្ទាប់ពីមានបញ្ហាឧក្រិដ្ឋកម្មអនឡាញបានកើតឡើងកាលពីឆ្នាំកន្លងមក ។

ជាការឆ្លើតតប លោក PARK JOO BONG បានលើកឡើងថា ប្រទេសកូរ៉េនៅតែផ្តល់សារៈសំខាន់ដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា-កូរ៉េ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។
ក្នុងឱកាសនោះលោក PARK ក៏បានលើកឡើងអំពីគម្រោងដឹកនាំក្រុមគណៈប្រតិភូកូរ៉េ ប្រហែល ២០នាក់ ទៅប្រទេសកម្ពុជានៅពាក់កណ្តាលខែកុម្ភៈនេះ ដែលក្នុងនោះមានអ្នកវិនិយោគ និងអ្នកសារពត៌មានកូរ៉េ ផងដែរ ដើម្បីបង្ហាញឱ្យពួកគេឃើញថាកម្ពុជាមានសុវត្ថិភាព និងផ្តល់បរិយាកាសល្អសម្រាប់អ្នកវិនិយោគ ហើយអ្នកសារព័ត៌មានកូរ៉េអាចរាយការណ៍ពីតថភាពក្នុងប្រទេសកម្ពុជាដល់ប្រជាជនកូរ៉េ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ។

ទាក់ទិននឹងបញ្ហានេះ លោក ឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគម្រោងរបស់ លោក PARK ក្នុងការដឹកនាំក្រុមគណៈប្រតិភូកូរ៉េទៅប្រទេសកម្ពុជា ដែលវាស្របទៅនឹងផែនការសកម្មភាពរបស់ស្ថានទូតដែលកន្លងមកស្ថានទូត តែងព្យាយាមស្នើឱ្យប្រព័ន្ធសារព័ត៌មានកូរ៉េផ្សព្វផ្សាយអំពីភាពពិតក្នុងប្រទេសកម្ពុជា និងចុះផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ដើម្បីផ្តល់នូវទំនុកចិត្ត និងរក្សាសុខសុវត្ថិភាព ជូនវិនិយោគិន និងភ្ញៀវទេសចរ។
លោក ឯកអគ្គរាជទូតបានបន្តថា ស្ថានទូតត្រៀមខ្លួនរួចជាស្រេចក្នុងការសហការរៀបចំជំនួបរវាងក្រុមគណៈប្រតិភូ និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕
