Close

ភ្ញៀវទេសចររាប់ពាន់នាក់ចូលរួមពិធីចាប់ត្រីរួមគ្នាបែបបុរាណ នៅបឹងបង្កោង ខេត្តសៀមរាប

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ
ភ្ញៀវទេសចររាប់ពាន់នាក់ចូលរួមពិធីចាប់ត្រីរួមគ្នាបែបបុរាណ នៅបឹងបង្កោង ខេត្តសៀមរាប ភ្ញៀវទេសចររាប់ពាន់នាក់ចូលរួមពិធីចាប់ត្រីរួមគ្នាបែបបុរាណ នៅបឹងបង្កោង ខេត្តសៀមរាប

សៀមរាប៖ ប្រជាពលរដ្ឋរាប់ពាន់នាក់ រួមទាំងភ្ញៀវទេសចរបរទេស បាននាំគ្នាចូលរួមក្នុង «ពិធីចាប់ត្រីរួមគ្នាបែបបុរាណ» នៅបឹងបង្កោង ស្ថិតក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ពិធីប្រពៃណីនេះ មិនត្រឹមតែមានគោលបំណងរកម្ហូបសម្រាប់ពិធីបុណ្យឡើងមាឃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីសាមគ្គីភាព សាមញ្ញភាពនៃការរស់នៅជាសហគមន៍ និងការអភិរក្សមរតកវប្បធម៌អរូបីដ៏មានតម្លៃរបស់ប្រជាជន «អ្នកស្រុកអង្គរ» ផងដែរ។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ការប្រមូលផ្តុំគ្នានៅបឹងបង្កោង ឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សុំឲ្យភូមិកររស់នៅដោយសុខសាន្តត្រជាក់ត្រជុំ និងចៀសផុតពីជំងឺដង្កាត់ទាំងពួង ព្រមទាំងបន់ស្រន់សុំឲ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់ ដីមានជីវជាតិល្អ សម្រាប់រដូវកាលកសិកម្មបន្ទាប់។ ពិធីនេះក៏ត្រូវបានចាត់ទុកថា ជាសញ្ញានៃការបញ្ចប់ការងារច្រូតកាត់ពីឆ្នាំចាស់ និងការត្រៀមខ្លួនចូលទៅរកឆ្នាំថ្មីផងដែរ។

ភ្ញៀវទេសចររាប់ពាន់នាក់ចូលរួមពិធីចាប់ត្រីរួមគ្នាបែបបុរាណ នៅបឹងបង្កោង ខេត្តសៀមរាប

លោកអភិបាលស្រុកបានបន្ថែមថា ឆ្នាំនេះមានអ្នកចូលរួមច្រើនកុះករជាងឆ្នាំមុនៗ ដែលជាផលវិបាកពីការផ្សព្វផ្សាយទូលំទូលាយ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក្នុងការលើកស្ទួយវិស័យទេសចរណ៍វប្បធម៌ឲ្យកាន់តែទាក់ទាញភ្ញៀវទេសចរ។

ជាមួយគ្នានេះ លោក សូរ ប្លាតុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរក្សាសន្តិភាព និងស្ថិរភាពសង្គម ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដែលបានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពប្រជាពលរដ្ឋ។

លោកបន្តថា លក្ខណៈពិសេសបំផុតនៃបឹងបង្កោង គឺការអនុវត្ត «ច្បាប់សហគមន៍» ដោយអាជ្ញាធរភូមិ និងគណៈកម្មការវត្ត ក្នុងការរក្សាផ្ទៃបឹងយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារពូជត្រី។ សម្រាប់ការនេសាទ អនុញ្ញាតឲ្យប្រើបានតែឧបករណ៍ប្រពៃណីដូចជា អង្រុត ឈ្នាង សំណាញ់ និងត្រក ប៉ុណ្ណោះ។

ពិធីចាប់ត្រីរួមគ្នាបែបបុរាណនេះ មិនត្រឹមជាព្រឹត្តិការណ៍កម្សាន្តទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមេរៀនដ៏មានន័យអំពីការរស់នៅសាមគ្គីជាមួយធម្មជាតិ និងការអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ ឲ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

ភ្ញៀវទេសចររាប់ពាន់នាក់ចូលរួមពិធីចាប់ត្រីរួមគ្នាបែបបុរាណ នៅបឹងបង្កោង ខេត្តសៀមរាប
ភ្ញៀវទេសចររាប់ពាន់នាក់ចូលរួមពិធីចាប់ត្រីរួមគ្នាបែបបុរាណ នៅបឹងបង្កោង ខេត្តសៀមរាប