Close

លោក Ryabkov៖ រុស្ស៊ីត្រៀមខ្លួនឆ្លើយតបទៅនឹងការដាក់ពង្រាយអាវុធណាមួយរបស់អាមេរិកនៅលើកោះ Greenland

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Ryabkov៖ រុស្ស៊ីត្រៀមខ្លួនឆ្លើយតបទៅនឹងការដាក់ពង្រាយអាវុធណាមួយរបស់អាមេរិកនៅលើកោះ Greenland លោក Ryabkov៖ រុស្ស៊ីត្រៀមខ្លួនឆ្លើយតបទៅនឹងការដាក់ពង្រាយអាវុធណាមួយរបស់អាមេរិកនៅលើកោះ Greenland

ទីក្រុងមូស្គូ៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់បានព្រមានថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបវិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចាត់វិធានការដាក់ពង្រាយអាវុធនៅលើកោះហ្គ្រីនឡែន។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា រុស្ស៊ីនឹងចាត់វិធានការយោធា ប្រសិនបើសហរដ្ឋអាមេរិកអនុវត្តសំណើ ដើម្បីដាក់ពង្រាយកម្មវិធីការពារមីស៊ីល Golden Dome របស់ខ្លួនទៅកាន់តំបន់អាកទិក រួមទាំងកោះហ្គ្រីនឡែនផងដែរ។

តាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS លោក Ryabkov បានធ្វើអត្ថាធិប្បាយនេះទៅកាន់អ្នកសារព័ត៌មាន នៅស្ថានទូតរុស្ស៊ីប្រចាំប្រទេសចិន កាលពីថ្ងៃអង្គារ។ ការលើកឡើងរបស់លោកបានកើតឡើង មុនពីរថ្ងៃនៃការផុតកំណត់សន្ធិសញ្ញា New START ដែលជាកតិកាសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយដែលនៅសល់ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។

លោក Ryabkov៖ រុស្ស៊ីត្រៀមខ្លួនឆ្លើយតបទៅនឹងការដាក់ពង្រាយអាវុធណាមួយរបស់អាមេរិកនៅលើកោះ Greenland

លោក Ryabkov បានបញ្ជាក់ថា «ប្រសិនបើ [អាមេរិក] ជ្រើសរើសដាក់ពង្រាយប្រព័ន្ធអាវុធមួយចំនួនទៅកាន់តំបន់នេះ ឬបញ្ចូលធាតុផ្សំមួយចំនួននៃគម្រោង Golden Dome របស់ខ្លួន [នៅហ្គ្រីនឡែន] នោះវានឹងបង្កើតស្ថានភាពមួយ ដែលតម្រូវឱ្យរុស្ស៊ីចាត់វិធានការសងសឹកទាំងផ្នែកយោធា និងបច្ចេកទេស ហើយអ្នកឯកទេសរបស់យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តវិធានការទាំងនោះ»។

លោកបានបន្ថែមថា «គ្មានអ្វីគួរឱ្យសង្ស័យអំពីរឿងនេះទេ»។

ការព្រមាននេះកើតឡើង បន្ទាប់ពីការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីខែមុន ដែលបានអះអាងថា កំពុងមានការពិភាក្សាអំពីគម្រោង Golden Dome ជាមួយកោះហ្គ្រីនឡែន។ គម្រោងនេះជាកម្មវិធីការពារមីស៊ីលពហុស្រទាប់ ដែលទីក្រុងវ៉ាស៊ីនតោនបានស្នើឡើង និងមានបំណងបញ្ចប់នៅចុងអាណត្តិរបស់លោក ត្រាំ ក្នុងឆ្នាំ២០២៩៕