Close

ប្រធានាធិបតីហុងឌូរ៉ាស ជាប់ឆ្នោតថ្មី នឹងជួបលោក Trump ជាលើកដំបូង

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីហុងឌូរ៉ាស ជាប់ឆ្នោតថ្មី នឹងជួបលោក Trump ជាលើកដំបូង ប្រធានាធិបតីហុងឌូរ៉ាស ជាប់ឆ្នោតថ្មី នឹងជួបលោក Trump ជាលើកដំបូង

អាមេរិក៖ ប្រធានាធិបតីហុងឌូរ៉ាសជាប់ឆ្នោតថ្មី លោក Nasry Asfura គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅគេហដ្ឋានឯកជនរបស់លោក Trump ក្នុងទីក្រុង Mar-a-Lago រដ្ឋ Florida ។ តាមគម្រោងមេដឹកនាំទាំងពីរនឹងផ្តោតការពិភាក្សាលើបញ្ហាអន្តោប្រវេសន៍ និងពាណិជ្ជកម្ម។

ជំនួបនេះនឹងក្លាយជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក Trump បានបង្ហាញការគាំទ្រដោយចំហរដល់លោក Asfura ក្នុងអំឡុងយុទ្ធនាការប្រធានាធិបតីឆ្នាំ២០២៥ ដែលជាផ្នែកមួយបានបង្កឱ្យមានការថ្កោលទោស និងការចោទប្រកាន់ពីការជ្រៀតជ្រែកពីបរទេសជាពិសេសប្រទេសអាមេរិក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស លោកស្រី Mireya Aguero បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ ហើយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio រួមទាំងគណៈប្រតិភូហុងឌូរ៉ាស ក៏ត្រូវបានគេរំពឹងថានឹងចូលរួមផងដែរ។

«ខ្ញុំជឿថា នេះជាកិច្ចប្រជុំប្រវត្តិសាស្ត្រ។ វាជារឿងកម្រណាស់ដែលឃើញមានការជួបពិភាក្សាកម្រិតខ្ពស់បែបនេះភ្លាមៗ បន្ទាប់ពីប្រធានាធិបតីចូលកាន់តំណែង។ ដើម្បីបន្ទរពាក្យប្រធានាធិបតី ហុងឌូរ៉ាសនឹងមិននៅឯកោទេ» លោកស្រី Aguero បាននិយាយ។

ប្រធានាធិបតីហុងឌូរ៉ាសជាប់ឆ្នោតថ្មី នឹងជួបលោក Trump ជាលើកដំបូង

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងការបរទេសហុងឌូរ៉ាស លោក Juan Carlos Garcia បានបញ្ជាក់ថា លោក Asfura មានគោលបំណងលើកយកបញ្ហាស្ថានភាពជនជាតិហុងឌូរ៉ាសដែលរស់នៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងបញ្ហាពន្ធគយដែលរដ្ឋបាលលោក Trump បានដាក់លើការនាំចេញរបស់ហុងឌូរ៉ាស មកពិភាក្សា។

លោក Garcia បានថ្លែងថា «បញ្ហាសំខាន់បំផុតគឺប្រជាជនហុងឌូរ៉ាសជាងពីរលាននាក់ដែលរស់នៅក្រៅប្រទេស។ យើងគួរចងចាំថា ប្រទេសយើងទទួលបានប្រាក់បញ្ញើពីពួកគេច្រើនជាង ១១ ពាន់លានដុល្លារ»។

ទាក់ទងនឹងវិស័យពាណិជ្ជកម្ម ហុងឌូរ៉ាសស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មសកលរបស់លោក Trump ដោយត្រូវបានដាក់ពន្ធគយ ១០ ភាគរយ លើការនាំចេញទាំងអស់។ វិធានការនេះបានបង្កបន្ទុកយ៉ាងខ្លាំងលើសេដ្ឋកិច្ចហុងឌូរ៉ាស ខណៈដែល ៤៦,២ ភាគរយ នៃការនាំចេញសរុបរបស់ប្រទេស ដែលមានតម្លៃប្រហែល ៣,៩៩ ពាន់លានដុល្លារ ត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍របស់ធនាគារកណ្តាលហុងឌូរ៉ាស។

រដ្ឋបាលលោក Trump បានបង្កើនសម្ពាធលើរដ្ឋាភិបាលហុងឌូរ៉ាសដែលទើបបង្កើតថ្មី ចាប់តាំងពីការបោះឆ្នោតកាលពីឆ្នាំមុន ដោយមេដឹកនាំគណបក្សសាធារណរដ្ឋបានគាំទ្រលោក Asfura និងបានព្រមានថា សហរដ្ឋអាមេរិកអាចនឹងដកជំនួយចេញពីប្រទេសអាមេរិកកណ្តាល ប្រសិនបើលោកចាញ់ការបោះឆ្នោត។

សូម្បីតែមុនពេលស្បថចូលកាន់តំណែង លោក Asfura ក៏បានចាប់ផ្តើមពង្រឹងជំហរនយោបាយរបស់លោករួចទៅហើយ ដោយរៀបចំជំនួបជាមួយលោក Rubio នៅទីក្រុងវ៉ាស៊ីនតោន និងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅប្រទេសអ៊ីស្រាអែល៕ https://www.aa.com.tr/en/americas/honduras-new-president-to-meet-with-trump/3818391