Close

អាជ្ញាធរខេត្តសៀមរាបមិនអនុញ្ញាតឱ្យលក់ក្លែងបរទេសក្នុងពិធី “បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបមិនអនុញ្ញាតឱ្យលក់ក្លែងបរទេសក្នុងពិធី “បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ អាជ្ញាធរខេត្តសៀមរាបមិនអនុញ្ញាតឱ្យលក់ក្លែងបរទេសក្នុងពិធី “បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២

សៀមរាប៖ ដើម្បីថែរក្សាតម្លៃមរតកវប្បធម៌ដូនតាឱ្យបានគង់វង្ស និងសក្ដិសមជាព្រឹត្តិការណ៍ខ្មែរសុទ្ធសាធ រដ្ឋបាលខេត្តសៀមរាប បានសម្រេចមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធី“បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ នៅខេត្តសៀមរាប ឆ្នាំ២០២៦ ខាងមុខនេះឡើយ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីខាងលើ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្ត បានបង្ហាញថា គោលបំណងធំនៃពិធីបុណ្យនេះ គឺដើម្បីបង្ហាញពីសិល្បៈនៃការធ្វើខ្លែង និងការបង្ហោះខ្លែងឯកដែលជាមរតកវប្បធម៌ខ្មែរ។

អាជ្ញាធរខេត្តសៀមរាបមិនអនុញ្ញាតឱ្យលក់ក្លែងបរទេសក្នុងពិធី “បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២

លោកបន្តថា ដូច្នេះ ការលក់ខ្លែងបរទេសក្នុងបរិវេណពិធី ត្រូវបានហាមឃាត់ ដើម្បីទុកឱកាសឱ្យខ្លែងខ្មែរ បានបង្ហាញខ្លួនយ៉ាងពេញលេញ ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានខ្លែងផ្ទាល់ខ្លួន មិនថាខ្លែងបែបណានោះទេ នៅតែអាចយកមកចូលរួមបង្ហោះលេងកម្សាន្តបានដោយសេរី។

លោក ស៊ុន ចំណាន មានប្រសាសន៍ថា ដើម្បីឱ្យការប្រកួតកាន់តែមានលក្ខណៈបច្ចេកទេស និងមានស្តង់ដារវប្បធម៌ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត កំពុងសម្រុកកែសម្រួលលក្ខន្តិកៈសម្រាប់អ្នកចូលរួមប្រកួតជាថ្មីម្ដងទៀត។ ការកែសម្រួលនេះ ធ្វើឡើងក្នុងគោលដៅជំរុញឱ្យអ្នកចេះធ្វើខ្លែង បង្ហាញនូវស្នាដៃដ៏សម្រិតសម្រាំង និងបច្ចេកទេសបន្លឺសំឡេង “ឯក” ឱ្យបានត្រឹមត្រូវតាមលក្ខណៈបុរាណ។

អាជ្ញាធរខេត្តសៀមរាបមិនអនុញ្ញាតឱ្យលក់ក្លែងបរទេសក្នុងពិធី “បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២

លោកក៏បានណែនាំឱ្យមានការជំរុញដល់សិស្សានុសិស្ស និងយុវជនតាមបណ្ដាសាលារៀន ឱ្យមកចូលរួមទស្សនា និងស្វែងយល់ឱ្យបានច្រើន ដើម្បីបណ្ដុះស្មារតីស្រឡាញ់ និងជួយថែរក្សាសិល្បៈនៃការធ្វើខ្លែងនេះកុំឱ្យបាត់បង់។ ជាមួយគ្នានេះដែរ ក្នុងពិធីនេះក៏មានការចូលរួមចំណែកយ៉ាងធំធេងពីសំណាក់ “ចលនាភូមិ១ ផលិតផល១” ចំនួន ១០០ស្តង់ និងសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន ៥០ស្តង់ ដើម្បីដាក់បង្ហាញផលិតផលក្នុងស្រុក ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចសហគមន៍ អមជាមួយកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ពីកងកម្លាំងចម្រុះចំនួន ១៧៧នាក់ផងដែរ។

សូមជម្រាបថា ពិធី “បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ នឹងរៀបចំឡើងចាប់ពីថ្ងៃទី២០ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយពិធីនេះ ត្រូវបានរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយ ដែលមិនត្រឹមតែបង្ហាញពីស្នាដៃឯករបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការលក់ដូរផលិតផលខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង៕

អាជ្ញាធរខេត្តសៀមរាបមិនអនុញ្ញាតឱ្យលក់ក្លែងបរទេសក្នុងពិធី “បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២