Close

ផ្លូវក្រវាត់ព្រំដែន​ សម្រេចបានជាង ៧២ភាគរយ ហើយ

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
ផ្លូវក្រវាត់ព្រំដែន​ សម្រេចបានជាង ៧២ភាគរយ ហើយ ផ្លូវក្រវាត់ព្រំដែន​ សម្រេចបានជាង ៧២ភាគរយ ហើយ

ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម) កាលពីថ្ងៃទី២ ខែកុម្ភៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

ការកសាងផ្លូវក្រវាត់ព្រំដែនដោយគិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ត្រូវបាន ក្រុមការងារចំពោះកិច្ច (ក.គ.ម) អះអាងក្នុងរបាយការណ៍ថា ទទួលបានលទ្ធផលជាច្រើន ហើយការប្រើប្រាស់ថវិកាមានភាពត្រឹមត្រូវ តម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់។

ផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៧២ភាគរយហើយ

របាយការណ៍របស់ ក្រុមការងារចំពោះកិច្ច (ក.គ.ម) បានបង្ហាញពីវឌ្ឍនភាពនៃការងារកសាងផ្លូវ ការងាររាវរកគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ ការកសាងសម្រេចបានជាស្ថាពរសំណង់សិល្បការ រួមមានលូប្រអប់ លូមូលមេតុង, ថ្នល់បេតុងបង្ហូររក្សាទឹកទុកប្រើប្រាស់ និងស្ពានបេតុងជាដើម។

ចំពោះវឌ្ឍនភាពនៃការដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលជាង ១៣ខែកន្លងមកនេះ ក្រុមការងារចំពោះកិច្ច (ក.គ.ម) បានបង្ហាញពីការឈូសព្រៃទទឹងសម្រាប់រកផ្លូវខ្សែដំបូង ឈូសព្រៃទទឹងសម្រាប់រកអ័ក្សផ្លូវ លុបជ្រលងអូរ បន្ទាបចំណោតភ្នំ ធ្វើប្រឡាយ ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងទំនប់សុវត្ថិភាព ចាក់ក្រាលល្បាកម្ទេចថ្ម-កិនបង្ហាប់ជាដើម។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបាន ប្រមាណ ៧២,២៩% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ៩១,២% និងខេត្តរតនគិរីសម្រេចបាន ៥១,៨១%។

ផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៧២ភាគរយហើយ

ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបាន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ ជាង ៦លានម៉ែត្រការ៉េ ស្មើនឹង ៩៦,៦៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរក ទំហំ ជាង៦លាន ២សែនម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ១០៦ គ្រាប់, លោហធាតុ ១.០០៦ គីឡូក្រាម ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៤៣ គ្រាប់។

ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងបង្គោលស្លាកមូលនិធិបានចំនួន ៦កន្លែង លើផែនការ ៨ កន្លែង និងបានដាំកូនត្នោតសរុបចំនួន ៩៣៦ដើម ដែលជាអត្តសញ្ញាណជាតិ តាមបណ្ដោយផ្លូវខ្សែក្រវាត់ព្រំដែនទី១។

ផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៧២ភាគរយហើយ

ចំពោះមុខនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បាននិងកំពុងបន្តជំរុញការងារកសាងផ្លូវ និងសំណង់មុខទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ឱ្យសម្រេចបានជាស្ថាពរ ១០០% យ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០២៦ ខាងមុខ នេះ, ពន្លឿនការងារកសាងផ្លូវ និងចាក់ក្រាលល្បាយថ្ម ជាពិសេសនៅតំបន់ដែលមានស្ថានភាពភូមិសាស្ត្រ លំបាក, និងកែលម្អសំណង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីធានាបានទាំងគុណភាព ភាពធន់ និងសោភ័ណភាព។

ក្រុមការងារចំពោះកិច្ច ក.គ.ម ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ ក្រុមការងារចំពោះកិច្ច ក.គ.ម ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការវិស្វកម្ម ទទួលបន្ទុកជាអនុប្រធាន៕

ផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៧២ភាគរយហើយ