Close

ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ៤០% ដល់សហគមន៍កសិកម្ម ៤ មានទឺកប្រាក់ ១៩ម៉ឺនដុល្លារ

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ៤០% ដល់សហគមន៍កសិកម្ម ៤ មានទឺកប្រាក់ ១៩ម៉ឺនដុល្លារ ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ៤០% ដល់សហគមន៍កសិកម្ម ៤ មានទឺកប្រាក់ ១៩ម៉ឺនដុល្លារ

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank ) តាមរយៈក្រុមការងារបេសកកម្ម WB-ISM10 បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% ដល់សហគមន៍កសិកម្មចំនួន ៤ ដែលមានទឹកប្រាក់ប្រហែល ១៩០,០០០ ដុល្លារអាមេរិក ក្រោម គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។

ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានដឹកនាំក្រុមការងារគម្រោងរួមជាមួយក្រុមការងារបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១០ (ISM) របស់ធនាគារពិភពលោក ធ្វើទស្សនកិច្ចសិក្សាទៅកាន់សហគមន៍កសិកម្មមួយចំនួនក្នុងខេត្តកំពុងធំ សៀមរាប និងបាត់ដំបង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។

បើតាមធនាគារពិភពលោក ថវិកានេះ នឹងត្រូវផ្តល់ដល់សហគមន៍កសិកម្មរាំងកេសរចំនួន ៧៥,៨០០ ដុល្លារអាមេរិក សហគមន៍កសិកម្មកំពុងល្ពៅទទួលបាន ៣៤,៨៦៤ ដុល្លារអាមេរិក សហគមន៍កសិកម្មកំពីងពួយទទួលបាន ៥០,៧៦៨ ដុល្លារអាមេរិក និង ថវិកា ចំនួន ២៩,៤៨៨ ដុល្លារអាមេរិក នឹងត្រូវផ្តល់ជូនសហគមន៍កសិកម្មផលិតដំណាំស្រូវសង្ហាផល។

ការបែងចែកថវិកាទាំងអស់នេះគឺធ្វើឡើងសម្រាប់តែការទិញសម្ភារៈកសិកម្ម បម្រើឱ្យសកម្មភាពផលិតកម្មកសិកម្មតែប៉ុណ្ណោះ។

នាឱកាសនោះ ក្រុមការងារបេសកកម្មក៏បានផ្តល់អានុសាសន៍សកម្មភាពដល់ភាគីពាក់ព័ន្ធត្រូវបង្កើនប្រសិទ្ធភាព និងដោះស្រាយបញ្ហាប្រឈមនានារបស់សហគមន៍ ដោយលើកឡើងថារាល់កិច្ចអន្តរាគមន៍របស់គម្រោងជាបន្តបន្ទាប់តែងចង់ឃើញវឌ្ឍនភាពរបស់សហគមន៍កសិកម្មនាពេអនាគត ការគាំទ្រលើកទឹកចិត្ត និងការប្តេជ្ញាចិត្តពីគ្រប់មជ្ឈដ្ឋានទាំងអស់ជាអាទិភាព៕