សហភាពអឺរ៉ុប និងឥណ្ឌា សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមិនធ្លាប់មាន
ញូវដែលី៖ សហភាពអឺរ៉ុប (EU) និងឥណ្ឌា បានសម្រេចព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយកាលពីថ្ងៃអង្គារ ដែលត្រូវបានចាត់ទុកថាជាកិច្ចព្រមព្រៀងដ៏ធំបំផុតមិនធ្លាប់មានរវាងភាគីទាំងពីរ ខណៈពេលដែលពួកគេកំពុងបង្ហាញជំហររួមប្រឆាំងនឹងគោលនយោបាយពាណិជ្ជកម្មមិនប្រក្រតីពីដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងញូវដែលីថា៖ «យើងបានធ្វើវា យើងបានឱ្យឈ្មោះវា ថាជា «មេនៃកិច្ចព្រមព្រៀងទាំងអស់’»។
ក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មការអឺរ៉ុបបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយរវាងប្លុកដែលមានសមាជិក ២៧ ប្រទេស និងសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោក នៅក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមសេដ្ឋកិច្ចសកលដែលកំពុងកើនឡើង។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា
កិច្ចព្រមព្រៀងនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសេដ្ឋកិច្ចបើកចំហ និងពាណិជ្ជកម្មផ្អែកលើច្បាប់។
លោកស្រី Ursula von der Leyen បានបន្ថែមថា កិច្ចព្រមព្រៀងនេះបានបញ្ជូនសារទៅកាន់ពិភពលោកថា កិច្ចសហប្រតិបត្តិការផ្អែកលើច្បាប់ នៅតែអាចផ្តល់លទ្ធផលដ៏សំខាន់បាន។

ការប្រកាសនេះកើតឡើងនៅពេលដែលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធខ្ពស់លើប្រទេសអឺរ៉ុប បន្ទាប់ពីមានភាពខ្វែងគំនិតជុំវិញបញ្ហាកោះ Greenland ដែលជាកម្មសិទ្ធិរបស់ដាណឺម៉ាក ទោះបីជាក្រោយមកការគំរាមកំហែងនោះត្រូវបានដកហូតវិញក៏ដោយ។ សម្រាប់សហភាពអឺរ៉ុបទាំងមូល សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់ខ្លួន។
នៅខែសីហា ឆ្នាំមុន លោក Trump ក៏បានប្រកាសដាក់ពន្ធបន្ថែម ២៥ ភាគរយលើទំនិញពីឥណ្ឌា ដែលជាផ្នែកមួយនៃវិធានការដាក់ទណ្ឌកម្មទាក់ទងនឹងការនាំចូលប្រេង និងឧស្ម័នធម្មជាតិពីរុស្ស៊ី បន្ថែមលើអត្រាពន្ធ ២៥ ភាគរយដែលបានប្រកាសរួចហើយកាលពីលើកមុន។
បច្ចុប្បន្ន សហភាពអឺរ៉ុប និងឥណ្ឌា មានទំហំពាណិជ្ជកម្មទំនិញ និងសេវាកម្មសរុបលើសពី ១៨០ ពាន់លានអឺរ៉ូ (ប្រហែល ២១៥ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ខណៈដែលពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរ បានកើនឡើងស្ទើរតែទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៧ ប៉ុន្តែត្រូវបានផ្អាកអស់រយៈពេលយូរ មុននឹងត្រូវដាក់ឱ្យដំណើរការឡើងវិញនៅឆ្នាំ ២០២២។ កាលពីសប្តាហ៍មុន លោកស្រី Ursula von der Leyen បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះ ខណៈដែលលោកស្រីបានលើកឡើងអំពីតម្រូវការក្នុងការកសាង «ទម្រង់ថ្មីនៃឯករាជ្យភាពអឺរ៉ុប» ដើម្បីឆ្លើយតបនឹងវិបត្តិភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។ លោកស្រីបានបញ្ជាក់ថា អឺរ៉ុបគាំទ្រពាណិជ្ជកម្មយុត្តិធម៌ ជំនួសឱ្យការប្រើប្រាស់ពន្ធជាឧបករណ៍នយោបាយ។
គណៈកម្មការអឺរ៉ុបបានប៉ាន់ប្រមាណថា កិច្ចព្រមព្រៀងនេះអាចជួយបង្កើនការនាំចេញទំនិញរបស់សហភាពអឺរ៉ុបទៅកាន់ឥណ្ឌាឡើងដល់ទ្វេដងនៅឆ្នាំ ២០៣២ តាមរយៈការលុបបំបាត់ ឬកាត់បន្ថយពន្ធគយ។ ក្នុងចំណោមវិធានការសំខាន់ៗ ពន្ធរបស់ឥណ្ឌាលើរថយន្តពីអឺរ៉ុប នឹងត្រូវបញ្ចុះបន្តិចម្តងៗពី ១១០ ភាគរយ មកត្រឹម ១០ ភាគរយ ខណៈពន្ធលើគ្រឿងម៉ាស៊ីន សារធាតុគីមី និងឱសថភាគច្រើនពីអឺរ៉ុប នឹងត្រូវលុបចោល។

លើសពីនេះ ពន្ធរបស់ឥណ្ឌាលើស្រាពីសហភាពអឺរ៉ុប នឹងត្រូវកាត់បន្ថយពី ១៥០ ភាគរយ មកត្រឹម ៧៥ ភាគរយ ហើយបន្តធ្លាក់ចុះដល់ ២០ ភាគរយនៅពេលអនាគត ខណៈដែលពន្ធលើប្រេងអូលីវអឺរ៉ុប នឹងត្រូវលុបចោលទាំងស្រុងក្នុងរយៈពេលប្រាំឆ្នាំ។
ខាងភាគីឥណ្ឌា ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សហភាពអឺរ៉ុបក៏នឹងកាត់បន្ថយពន្ធលើទំនិញឥណ្ឌាផងដែរ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្ម ដូចជា វាយនភ័ណ្ឌ តែ គ្រឿងទេស ត្បូងមានតម្លៃ និងគ្រឿងអលង្ការ។
លោក Daniel Kral សេដ្ឋវិទូជាន់ខ្ពស់នៃក្រុមហ៊ុនប្រឹក្សាយោបល់ Oxford Economics បានចាត់ទុកកិច្ចព្រមព្រៀងនេះថា មានសារៈសំខាន់ខ្លាំងក្នុងន័យនិមិត្តរូប នៅក្នុងពិភពលោកដែលកំពុងឆ្ពោះទៅរកគោលនយោបាយគាំពារនិយមកាន់តែខ្លាំង។ ទោះជាយ៉ាងណា
លោកបានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះប្រហែលជាមិនអាចជំរុញកំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប ឬឥណ្ឌា បានយ៉ាងច្រើនភ្លាមៗនោះទេ ហើយនៅតែត្រូវឆ្លងកាត់នីតិវិធីផ្លូវច្បាប់មួយចំនួន មុននឹងចូលជាធរមានជាផ្លូវការ៕