Close

សិស្សានុសិស្ស ៣០ម៉ឺននាក់ ក្នុងខេត្តចំនួន ១០ ទទួលបានការផ្ដល់អាហារពេលព្រឹក តាមរយៈប្រព័ន្ធគាំពារសង្គម

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 9:42 am ព័ត៌មានជាតិ
សិស្សានុសិស្ស ៣០ម៉ឺននាក់ ក្នុងខេត្តចំនួន ១០ ទទួលបានការផ្ដល់អាហារពេលព្រឹក តាមរយៈប្រព័ន្ធគាំពារសង្គម សិស្សានុសិស្ស ៣០ម៉ឺននាក់ ក្នុងខេត្តចំនួន ១០ ទទួលបានការផ្ដល់អាហារពេលព្រឹក តាមរយៈប្រព័ន្ធគាំពារសង្គម

ភ្នំពេញ៖ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កំពុងត្រូវបានអនុវត្តតាមបណ្ដាខេត្តចំនួន ១០ រួមមាន ខេត្តសៀមរាប, កំពង់ធំ, ព្រះវិហារ, បាត់ដំបង, ស្ទឹងត្រែង, បន្ទាយមានជ័យ, កំពង់ចាម, កំពង់ឆ្នាំង, ពោធិ៍សាត់, និងឧត្តរមានជ័យ ដោយមានសិស្សានុសិស្សទទួលផលសរុបចំនួនប្រមាណ ៣០ម៉ឺននាក់។

លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះថា គិតត្រឹមដើមឆ្នាំ ២០២៦នេះ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បាន និងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១ ១១៤។

សិស្សានុសិស្ស៣០ម៉ឺននាក់ក្នុងខេត្តចំនួន ១០ ទទួលបានការផ្ដល់អាហារពេលព្រឹក តាមរយៈប្រព័ន្ធគាំពារសង្គម

លោកបណ្ឌិត បន្ថែមថា« ក្នុងតំបន់មានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង ដោយក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីនេះនៅសាលារៀនគោលដៅចំនួន ៨១៦ ដោយប្រើប្រាស់ថវិកាជាតិ និងសាលារៀនគោលដៅចំនួន ២៩៨ ផ្សេងទៀត កំពុងអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)»។

លោកបណ្ឌិត ចន ណារិទ្ធ បន្តថា កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ត្រូវបានចាប់អនុវត្តចាប់តាំងពីឆ្នាំ១៩៩៩មក ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្ដល់អាហារចម្អិនក្ដៅៗ មានជីវជាតិដល់សិស្សនៅតាមសាលាបឋមសិក្សាសាធារណៈ (សាលារដ្ឋ) ក្នុងតំបន់ដែលមានអសន្តិសុខស្បៀង មានភាពក្រីក្រច្រើន និងភាពងាយរងគ្រោះខ្ពស់។

សិស្សានុសិស្ស៣០ម៉ឺននាក់ក្នុងខេត្តចំនួន ១០ ទទួលបានការផ្ដល់អាហារពេលព្រឹក តាមរយៈប្រព័ន្ធគាំពារសង្គម

បើតាម លោកបណ្ឌិត ចន ណារិទ្ធ កម្មវិធីនេះ បានចូលរួមលើកកម្ពស់កម្រិតអាហារូបត្ថម្ភ, បង្កើនអត្រាចុះឈ្មោះចូលរៀន, ជំរុញសិស្សានុសិស្សឱ្យមករៀនបានទៀងទាត់, កាត់បន្ថយការបោះបង់ការសិក្សា ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ច និងសមធម៌នៅក្នុងសហគមន៍ ផងដែរ។

ស្របតាមយុទ្ធសាស្ត្ររួមនៃការផ្ទេរ-ទទួល ឆ្ពោះទៅកាន់កម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍, ការទទួលយកសាលាដែលអនុវត្តកម្មវិធីនេះពីដៃគូអភិវឌ្ឍន៍មានកំណើនជារៀងរាល់ឆ្នាំ ដើម្បីប្រែក្លាយកម្មវិធីនេះជាកម្មវិធីជាតិដែលអនុវត្តទាំងស្រុងដោយក្រសួងអប់រំយុវជន និងកីឡា នៅត្រឹមឆ្នាំ២០២៨។

សិស្សានុសិស្ស៣០ម៉ឺននាក់ក្នុងខេត្តចំនួន ១០ ទទួលបានការផ្ដល់អាហារពេលព្រឹក តាមរយៈប្រព័ន្ធគាំពារសង្គម