វិភាគរបស់ Nikkei៖ ជម្លោះព្រំដែនកម្ពុជា–ថៃ បង្ហាញពីយុទ្ធសាស្ត្រ និងឧតុ្តមភាពរបស់យោធាថៃ
ភ្នំពេញ–បាងកក៖ ការកើនឡើងនៃភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា–ថៃ នាពេលថ្មីៗនេះ បានលាតត្រដាងឱ្យឃើញការផ្លាស់ប្តូរយុទ្ធសាស្ត្រយោធាដ៏សំខាន់របស់ប្រទេសថៃ។
តាមការវិភាគរបស់ Nikkei Asia ការប្រើប្រាស់កម្លាំងវាយប្រហារតាមអាកាសរបស់ទីក្រុងបាងកក មិនត្រឹមតែជាការឆ្លើយតបយោធាទៅនឹងភាពតានតឹងព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់ពីចំណុចខ្សោយជាយុទ្ធសាស្ត្ររបស់កម្ពុជា និងមូលហេតុនយោបាយផ្ទៃក្នុងរបស់ថៃផងដែរ។
ការផ្លាស់ប្តូរយុទ្ធសាស្ត្រ៖ ពីផ្លូវគោកទៅលើអាកាស
យោងតាម Nikkei Asia កងទ័ពថៃបានកែប្រែវិធីសាស្ត្រយោធាពីការប្រយុទ្ធតាមដីគោក ដែលតែងតែជួបការតស៊ូខ្លាំងពីកងទ័ពកម្ពុជា មកប្រើប្រាស់យុទ្ធសាស្ត្រវាយប្រហារតាមអាកាសជាធំ។ ការបញ្ចូលយន្តហោះចម្បាំង F-16 ទៅក្នុងសមរភូមិ ត្រូវបានមើលឃើញថា ជាវិធានការបង្ហាញឧត្តមភាពបច្ចេកវិទ្យាយោធា និងជាការកាត់បន្ថយហានិភ័យនៃការបាត់បង់កម្លាំងទ័ពខ្លួនឯង។
អ្នកវិភាគយោធាអះអាងថា ការជ្រើសរើសយុទ្ធសាស្ត្រនេះ បានធ្វើឱ្យកម្ពុជា ស្ថិតក្នុងស្ថានភាពការពារខ្លួនយ៉ាងលំបាក ដោយសារខ្វះខាតប្រព័ន្ធការពារអាកាសទំនើប ដែលអាចទប់ទល់នឹងការវាយប្រហារពីលើអាកាសបានយ៉ាងមានប្រសិទ្ធភាព។

ភាពងាយរងគ្រោះរបស់កម្ពុជាដែលត្រូវបានលាតត្រដាង
អត្ថបទវិភាគរបស់ Nikkei Asia បានគូសបញ្ជាក់ថា ជម្លោះលើកនេះបានបង្ហាញពីភាព “ចាញ់ប្រៀប” របស់កម្ពុជាលើចំណុចសំខាន់ៗមួយចំនួន៖
• គម្លាតបច្ចេកវិទ្យាយោធា៖ កម្ពុជានៅមានសមត្ថភាពកំណត់ក្នុងការទប់ស្កាត់ការវាយប្រហារតាមអាកាសដែលមានល្បឿនលឿន និងភាពត្រឹមត្រូវខ្ពស់។
• សង្គ្រាមព័ត៌មាន និងការទូត៖ ថៃបានប្រើប្រាស់បញ្ហា “គ្រាប់មីន” ជាឧបករណ៍នយោបាយ និងការទូត ដើម្បីបង្កើនសម្ពាធលើកម្ពុជា នៅលើឆាកអន្តរជាតិ ដែលធ្វើឱ្យភ្នំពេញត្រូវប្រឈមការការពារខ្លួនទាំងក្នុងសមរភូមិ និងក្នុងសង្គ្រាមនយោបាយព័ត៌មាន។
នយោបាយផ្ទៃក្នុងថៃ៖ កត្តាជំរុញពីក្រោយខ្នង
អ្នកវិភាគមួយចំនួនបានប្រាប់ Nikkei Asia ថា ភាពរឹងត្អូសរបស់ថៃអាចពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងស្ថានភាពនយោបាយក្នុងស្រុក។ រដ្ឋាភិបាលថៃបច្ចុប្បន្ន ដែលស្ថិតក្រោមឥទ្ធិពលនិន្នាការជាតិនិយម អាចនឹងប្រើប្រាស់ជម្លោះព្រំដែនជាឧបករណ៍នយោបាយ ដើម្បីបង្វែរចំណាប់អារម្មណ៍សាធារណជនពីបញ្ហាសេដ្ឋកិច្ច និងវិបត្តិធម្មជាតិ ព្រមទាំងពង្រឹងរូបភាព “មេដឹកនាំរឹងមាំ” ក្នុងចំណោមអ្នកគាំទ្រជាតិនិយម។
ការឆ្លើយតបរបស់កម្ពុជា៖ ផ្លូវការទូត និង «អំណាចទន់»
ផ្ទុយពីការប្រើកម្លាំងយោធាដោយផ្ទាល់ កម្ពុជាបានជ្រើសរើសយុទ្ធសាស្ត្រឆ្លើយតបតាមរយៈការទូត និងអំណាចទន់។ រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងការអំពាវនាវឱ្យមានការដោះស្រាយជម្លោះតាមរយៈយន្តការអាស៊ាន និងច្បាប់អន្តរជាតិ ខណៈពេលដែលខ្លួនក៏ព្យាយាមបង្ហាញលើឆាកពិភពលោកថា កម្ពុជា ជាប្រទេសតូចមួយដែលកំពុងប្រឈមនឹងសម្ពាធពីអ្នកជិតខាងដែលមានឧត្តមភាពយោធាខ្ពស់ជាង។
ជម្លោះព្រំដែនលើកនេះ បានក្លាយជាសារាព្រមានដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការត្រួតពិនិត្យ និងពិចារណាឡើងវិញនូវសមត្ថភាពការពារជាតិរបស់ខ្លួន ជាពិសេសវិស័យការពារអាកាស។ ខណៈដែលថៃបន្តបង្ហាញឧត្តមភាពយោធា អ្នកវិភាគព្រមានថា ស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចនឹងរងការគំរាមកំហែងបន្ថែម ប្រសិនបើគ្មានការចូលរួមសម្របសម្រួលការទូតយ៉ាងមានប្រសិទ្ធភាពពីសំណាក់អាស៊ាន៕
https://asia.nikkei.com/politics/international-relations/thailand-cambodia-conflict/airstrikes-lay-bare-thailand-s-tactics-and-cambodia-s-vulnerabilities?utm_sf_post_ref=659372089&utm_sf_cserv_ref=204862942932993&fbclid=IwY2xjawPjx1RleHRuA2FlbQIxMQBzcnRjBmFwcF9pZBAyMjIwMzkxNzg4MjAwODkyAAEeof1mFXObqdKKe88Y2US5NUNeJ6DHbcfYSY5hG66lypDCvPrYwLExr1xE20M_aem_zS3Zr4k0-Xm_jY58n-WvoA