Close

ក្រុមហ៊ុន everwave ដាក់ឱ្យដំណើរការម៉ាស៊ីនញែកសំរាមចល័ត ក្នុងខេត្តសៀមរាប

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុន everwave ដាក់ឱ្យដំណើរការម៉ាស៊ីនញែកសំរាមចល័ត ក្នុងខេត្តសៀមរាប ក្រុមហ៊ុន everwave ដាក់ឱ្យដំណើរការម៉ាស៊ីនញែកសំរាមចល័ត ក្នុងខេត្តសៀមរាប

សៀមរាប៖​ ដើម្បីរួមចំណែកដល់ការកិច្ចគាំពារបរិស្ថាន និងលើកកម្ពស់សោភ័ណភាពតំបន់បឹងទន្លេសាប ក្រុមហ៊ុន everwave GmbH ដែលជាក្រុមហ៊ុនឯកទេសសម្អាតសំណល់ប្លាស្ទិកពីផ្ទៃទឹកដ៏ល្បីល្បាញមកពីប្រទេសអាល្លឺម៉ង់ បានប្រកាសពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងសកម្មនៅក្នុងខេត្តសៀមរាប តាមរយៈការសម្ពោធទីតាំងប្រមូលសំណល់ថ្មី និងបច្ចេកវិទ្យាញែកសំរាមទំនើប នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកស្រី វុធ ធឿន អ្នកគ្រប់គ្រងទទួលខុសត្រូវសកម្មភាពប្រមូលកាកសំណល់ បានឱ្យដឹងថា everwave បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ដោយឡែកសម្រាប់ខេត្តសៀមរាប គឺជាទីតាំងទី២របស់ខ្លួន ដែលក្រុមហ៊ុនបានសម្រេចចិត្តពង្រីកវិសាលភាព ប្រមូលកាកសំណល់ដែលកកស្ទះនៅក្នុងទឹកបឹងទន្លេសាប ជាពិសេសនៅចំណុចឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។

ក្រុមហ៊ុន everwave ដាក់ឱ្យដំណើរការម៉ាស៊ីនញែកសំរាមចល័ត ក្នុងខេត្តសៀមរាប

លោក Clemens Feigl ប្រធានក្រុមហ៊ុន everwave GmbH បានបញ្ជាក់ថា គោលដៅចម្បងក្នុងជំហានដំបូងនេះ គឺការប្រមូលសំណល់ប្លាស្ទិកចេញពីផ្ទៃទឹកក្នុងឃុំកំពង់ឃ្លាំង ដោយយើងមានចក្ខុវិស័យវែងឆ្ងាយក្នុងការបន្តពង្រីកសកម្មភាពប្រមូលសំណល់ពីទឹកបឹងទន្លេសាប ឱ្យបានច្រើនទីតាំងតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យបឹងដ៏ធំមួយនេះប្រែជាស្អាត និងគ្មានសំណល់ប្លាស្ទិកដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន។

លោកបន្តថា យុទ្ធនាការនេះនឹងផ្ដោតសំខាន់លើការប្រមូលកាកសំណល់ដែលហូរចូលតាមប្រឡាយ ដងព្រែក និងសំណល់ដែលបោះចោលពីលំនៅឋាន។ រាល់សំណល់ចម្រុះដែលប្រមូលបាន នឹងត្រូវដឹកជញ្ជូនមកកាន់ឃ្លាំងស្តុក ដើម្បីឆ្លងកាត់ម៉ាស៊ីនញែក និងបែងចែកតាមប្រភេទនីមួយៗតាមបច្ចេកទេស មុននឹងបន្តនីតិវិធីគ្រប់គ្រង ឬកែច្នៃបន្ត។

តាមរយៈគម្រោងនេះ everwave មិនត្រឹមតែដើរតួជាអ្នកសម្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូក្នុងការអប់រំសហគមន៍មូលដ្ឋានឱ្យយល់ដឹងពីតម្លៃនៃការទុកដាក់សំរាម និងការកែច្នៃសំណល់ ដើម្បីរក្សាភាពស្រស់បំព្រងនៃធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់កូនចៅជំនាន់ក្រោយថែមទៀតផង៕

ក្រុមហ៊ុន everwave ដាក់ឱ្យដំណើរការម៉ាស៊ីនញែកសំរាមចល័ត ក្នុងខេត្តសៀមរាប