អ្នកនិពន្ធខ្មែរមួយរូបបង្ហាញភស្តុតាងរឿងទាហានថៃប្រល័យពូជសាសន៍ជនភៀសខ្លួនខ្មែរនៅភ្នំខ្មោច
ភ្នំពេញ៖ រាជរដ្ឋាភិបាលនៃប្រទេសថៃ បានបង្ហាញពីក្តីបារម្ភចំពោះខ្សែភាពយន្តខ្មែរមានចំណងជើង «សោកនាដកម្មភ្នំខ្មោច»ដែលខ្សែភាពយន្តនេះ និងបកអាក្រាតប្រទេសថៃ ពីអំពើប្រល័យពូជសាសន៍របស់ថៃលើពលរដ្ឋកម្ពុជា ដែលបានកើតឡើងនៅភ្នំខ្មោចជួរភ្នំដងរែក ក្នុងឆ្នាំ ១៩៧៨-១៩៨០ ដែលថៃយល់ថា ផលិតឡើង ដើម្បីបង្ខូចប្រវត្តិសាស្ត្រ ឬញុះញង់ឲ្យមានការស្អប់ខ្ពើមប្រទេសថៃ។ ប៉ុន្តែ ចាងហ្វាងផលិត បានឆ្លើយតបថា “យើងធ្វើដើម្បីសេចក្តីថ្លែថ្លូរបស់យើង”។
យោងតាមសារព័ត៌មានថៃ Khaosod បានចុះផ្សាយថា ខ្សែភាពយន្ត និងស្នាដៃច្នៃប្រឌិតផ្សេងទៀតមិនគួរត្រូវបានប្រើជាឧបករណ៍ ដើម្បីបំភ្លៃការពិតប្រវត្តិសាស្ត្រ ឬញុះញង់អរិភាពនោះទេ។ ការពណ៌នាអំពីជម្លោះគួរតែផ្អែកលើការពិតដែលអាចផ្ទៀងផ្ទាត់បាន ហើយគួរតែគិតគូរ ពីផលប៉ះពាល់ដែលអាចកើតមានលើទំនាក់ទំនង រវាងប្រជាជននៃប្រទេសទាំងពីរ។

ទាក់ទិននឹងបញ្ហានេះ លោក អ៊ិន សុផល អ្នកនិពន្ធខ្មែរ បានផ្ញើសារជូនទៅកាសែតខាវសតថៃ ដែលថារឿងភ្នំខ្មោចជារឿងប្រឌិដ្ឋ និងបង្ហាញភស្តុតាងមួយចំនួនដូចខាងក្រោម៖
១.រឿងទាហានថៃប្រល័យពូជសាសន៍ជនភៀសខ្លួនខ្មែរនៅភ្នំខ្មោចកន្លងផុតទៅមិនយូរទេ ទើបឆ្នាំ១៩៧៩ ប៉ុណ្ណោះ ឯកសារអន្តរជាតិ មាននៅពេញដៃរបស់ខ្ញុំ ដែលកំពុងសរសេរសៀវភៅអំពីរឿងនេះច្បាស់ជាងភាពយន្តខ្លីនេះទៅទៀត។ ជនភៀសខ្លួនខ្មែរ ដែលត្រូវបញ្ជូនត្រឡប់មកវិញនៅក្នុងចន្លោះពីថ្ងៃទី៨-១៣ ខែមិថុនា ឆ្នាំ១៩៧៩ មានចន្លោះពី៤០.០០០នាក់ទៅ ៥០.០០០នាក់។
២.សូមអានលិខិតរបស់កាកបាតក្រហមអន្តរជាតិ (ICRC) ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៧៩ ផ្ញើទៅទីក្រុងហ្សឺណែវ ស្តីពីទាហានថៃ បញ្ជូនជនភៀសខ្លួនខ្មែរដោយបង្ខំឱ្យដើរកាត់ចម្ការមីន និងបាញ់សម្លាប់អស់ជាង៤០.០០០នាក់។
៣.បើយោងតាមអ្នកកាសែតជនជាតិអង់គ្លេសលោក William Shawcross បានបញ្ជាក់ថាមានជនភៀសខ្លួនខ្មែរប្រហែល៥០.០០០នាក់ ត្រូវបានចាប់បង្ខំបណ្តេញពួកគេចេញ ដោយភ្ជង់កាំភ្លើង និងបាញ់ទម្លាក់ពីលើច្រាំងថ្មចោត ពួកគេត្រូវដើរកាត់ចម្ការមីនត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយពុំមានអាហារនិងទឹកនៅទីនោះទេ។ មនុស្សជាច្រើន ព្យាយាមធ្វើដំណើរឆ្ពោះទៅមុខបានជាន់មីនផ្ទុះរាប់រយគ្រាប់ស្លាប់ពាសពេញព្រៃ ហើយក៏មានមនុស្សជាច្រើនបានព្យាយាមដើរត្រឡប់ក្រោយ ប៉ុន្តែត្រូវបានទាហានថៃបាញ់សម្លាប់រាប់ពាន់នាក់។

៤.បើយោងតាមឯកអគ្គរដ្ឋទូតអាម៉េរិកលោក Morton Abramowitz បានផ្សព្វផ្សាយលិខិតរបស់ជនរងគ្រោះកំពុងជាប់នៅជើងភ្នំ បានបញ្ជាក់អំពីអ្នកដែលនៅរស់មានចំនួនប្រហែល១.០០០នាក់ មានអ្នកខ្លះធ្លាក់ខ្លួនឈឺធ្ងន់ គ្មានអាហារ គ្មានទឹករយៈពេលជាង១០ថ្ងៃ ។
៥.បើយោងតាមកំណត់ត្រារបស់លោកស្រី Yvette Pierpaoli បុគ្គលិក (UNHCR) ដែលបានជួយសង្គ្រោះជនភៀសខ្លួនផ្ទាល់ ដែលលោកស្រីបានបញ្ជាក់ថា អ្នកដែលនៅរស់មានចំនួន៩២២នាក់ប៉ុណ្ណោះ។
៦.បើយោងតាមការបញ្ជាក់របស់កងទ័ពវៀតណាម ដែលបានចូលទៅជួយសង្គ្រោះជនភៀសខ្លួន ដែលកំពុងជាប់នៅក្នុងចម្ការមីន បានបញ្ជាក់ថាជួយបានប្រជាជនចំនួនប្រហែល២.០០០នាក់ទៅ៣០០០នាក់ចេញពីចម្ការមីន។
៧.ដូច្នេះជនភៀសខ្លួនដែលទាហានថៃបញ្ជូនទៅជិត ៥០.០០០នាក់នោះ នៅរស់រានមានជីវិតយ៉ាងច្រើនជាង៤.០០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែទាហានថៃ បានបញ្ជូនជនភៀសខ្លួនមកសម្លាប់នៅកន្លែងនេះច្រើនលើកច្រើនសារតាំងពីខែមេសា ឆ្នាំ១៩៧៩ បើសរុបខ្មែរស្លាប់នៅទីនោះ ជិត១០ម៉ឺននាក់។
តើហេតុអ្វីបានជាទាហានថៃ ដឹកពលរដ្ឋខ្មែរមកសម្លាប់ទម្លាក់ពីលើកំពូលភ្នំនៅជិតប្រាសាទព្រះវិហារ?
• នេះគឺជាគំនុំសងសឹក ដែលជនជាតិថៃឈឺចាប់បំផុតនៅពេលចាញ់ក្តីប្រាសាទព្រះវិហារនៅឆ្នាំ១៩៦២។ ក្រោយពេលសម្លាប់ជនភៀសខ្លួនខ្មែរជាង៥ម៉ឺននាក់នៅទីនេះ ទាហានថៃបាននិយាយថា នេះគឺជាការសងគំនុំឈាមរបស់ជនជាតិថៃដែលឈឺចាប់កន្លងមក។
សូមបញ្ជាក់ថា ភាពយន្តឯកសារ«សោកនាដកម្មភ្នំខ្មោច» ជាស្នាដៃដឹកនាំផលិតដោយលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Entertainment។ ភាពយន្តឯកសារនេះ ផលិតឡើងដោយផ្អែកតាមដំណើរជីវិតពិតរបស់អ្នកឧកញ៉ា គួច ម៉េងលី ជាជនរងគ្រោះម្នាក់បានរស់រានមានជីវិតពីទុក្ខវេទនាដែលទាហានថៃ បានបង្ខំឲ្យប្រជាជនខ្មែររាប់ម៉ឺននាក់ដែលបានភៀសខ្លួនទៅជាយដែនប្រទេសថៃ វិលត្រលប់មកម្ពុជា បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ អំឡុងខែមិថុនា ឆ្នាំ១៩៧៩ ទាហានប៉ារ៉ាថៃយកមកទម្លាក់ចោលនៅតំបន់គ្រោះថ្នាក់ តាមជួរភ្នំដងរែក៕

