កម្ពុជា និងជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់
ភ្នំពេញ៖ កម្ពុជា-ជប៉ុន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានរៀបចំ សិក្ខាសាលាស្ដីពីទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់លើកទី១៨ ក្រោមប្រធានបទ «ការផ្ទេរ និងលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់» ដោយមានអ្នករៀបចំគោលនយោបាយ អ្នកជំនាញ និងប្រតិបត្តិករប្រមាណ ៣៥០ នាក់ ចូលរួមផ្លាស់ប្តូរបទពិសោធ បច្ចេកទេស និងបច្ចេកវិទ្យា។
សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសាធារណការ និងដឹកជញ្ជូន, សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា, ការិយាល័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ទីក្រុងគីតាគ្យូស៊ូ, និងសមាគមធុរកិច្ចទឹកស្អាតក្រៅប្រទេសគីតាគ្យូស៊ូ ក្រោមការគាំទ្រពីស្ថានទូតជប៉ុន, ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន, និងអង្គការ JICA។

កម្មវិធីនេះក៏មានការចូលរួមពី ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន, ឯកឧត្តម HIROYUKI Ishii អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន, អភិបាលរងក្រុងគីតាគ្យូស៊ូ រួមជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារសំខាន់នៃការផ្ទេរបច្ចេកវិទ្យា ជំនាញបច្ចេកទេសពាក់ព័ន្ធនឹងទឹកស្អាត និងនិរន្តរភាពវិស័យសម្រាប់រយៈពេលវែង។
ឯកឧត្តម បន្តថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្ពុជាបានកំណត់គោលដៅជាតិក្នុងការសម្រេចឱ្យបានសកលកម្មទឹកស្អាតត្រឹមឆ្នាំ២០៣០ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យឆ្នាំ២០៥០របស់ខ្លួន។

ឯកឧត្តម ស៊ឹម ស៊ីថា បានលើកឡើងថា៖ “ការអភិវឌ្ឍ និងការគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ មិនត្រឹមតែជួយលើកកម្ពស់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាគន្លឹះក្នុងការបង្កើនទំនុកចិត្ត និងទាក់ទាញការវិនិយោគពីវិស័យឯកជនជាតិ និងអន្តរជាតិ សម្រាប់ការបង្កើតគុណភាពផលិតកម្ម-អាជីវកម្មនៅកម្ពុជាផងដែរ។”
បច្ចុប្បន្ន បណ្តាញផ្គត់ផ្គង់ទឹកស្អាតត្រូបានពង្រីកដល់ ៧.៩៩៨ ភូមិនៅទូទាំងប្រទេស។ បរិមាណផលិតទឹកស្អាតជាមធ្យមមានចន្លោះពី ៤០ ទៅ ៥០ លានម៉ែត្រគូបក្នុងមួយខែ ដែលក្នុងនោះប្រតិបត្តិករឯកជនរួមចំណែកប្រមាណ ៣៥ ភាគរយ។
