ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ ហ៊ុន ស៊ីណាត ប្រគល់ម៉ូតូ ០១គ្រឿង ជូនដល់វីរកងទ័ពវិញ
ភ្នំពេញ៖ នៅថ្ងៃទី៥ខែមករាឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ ហ៊ុន ស៊ីណាត បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់ម៉ូតូ ០១គ្រឿង ជូនដល់វីរកងទ័ពក្រោយពីម្ចាស់ហាងបញ្ចាំម៉ូតូបានប្រគល់ម៉ូតូ ០១គ្រឿង នេះដល់វីរកងទ័ពវិញ។

ថ្មីៗនេះក្រោយពីឃើញមានការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមថាមានវីរកងទ័ពជួរមុខ០១នាក់ឈ្មោៈ មាស ប្រឹក្សា អាយុ៣១ឆ្នាំ ជាប់ដៃប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជានៅសមរភូមិមុខហើយបានបញ្ចាំម៉ូតូ៣ខែមិនបានមកបង់ប្រាក់ នៅហាងទទួលបញ្ចាំម៉ូតូ០១កន្លែងស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក
ទទួលបានពត៌មាននោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ តាមរយៈការជួយជ្រោមជ្រែងពីលោកជំទាវ ហ៊ុន ស៊ីណាត ផងដែរ ឯកឧត្តមស្នងការ ក៏បានបញ្ជាទៅលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំកម្លាំងចុះទៅដល់ហាងបញ្ចាំម៉ូតូខាងលើ ដើម្បីសួរនាំ ហើយជួបម្ចាស់ហាងក៏បានដឹងច្បាស់ថាម៉ូតូនោះពិតជាម៉ូតូវីរកងទ័ពពិតប្រាកដនោះមែន ដោយម្ចាស់ហាងបញ្ចាំក៏បានជូនម៉ូតូនោះទៅវីរកងទ័ពវិញនិងមិនគិតទាំងការប្រាក់និងប្រាក់ដើមផងទៀត។
ជាមួយគ្នានោះ ឯកឧត្តមស្នងការ ក៏បានឧបត្ថម្ភថវិកា សម្ភារ មួយចំនួនជូនដល់វីរកងទ័ពនិងក្រុមគ្រួសារផងដែរ៕


