កិច្ចប្រជុំពិសេសស្តីពីកម្ពុជា-ថៃ នៅម៉ាឡេស៊ី៖ អាមេរិកបន្តអំពាវនាវឱ្យកម្ពុជា និងថៃ បញ្ចប់អរិភាព
អាមេរិក៖ សហរដ្ឋអាម៉េរិកបន្តអំពាវនាវឱ្យកម្ពុជា និងថៃ បញ្ចប់អរិភាព ដកអាវុធធុនធ្ងន់ បញ្ឈប់ការដាក់មីន និងអនុវត្តទាំងស្រុងនូវសេចក្តីប្រកាសរួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួ ដែលរួមមានយន្តការដើម្បីពន្លឿនការដោះមីនមនុស្សធម៌ និងដោះស្រាយបញ្ហាព្រំដែន”។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរងក្រសួងការបរទេសអាម៉េរិក លោក Thomas Pigott នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។
លោក Thomas Pigott បានបន្ថែមថា៖ “សហរដ្ឋអាម៉េរិក ស្វាគមន៍មេដឹកនាំអាស៊ានដែលមករួមគ្នាក្នុងសប្តាហ៍នេះនៅទីក្រុងគូឡាឡាំពួ ដើម្បីគាំទ្រកម្ពុជា និងថៃឱ្យគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ”។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ។
សូមរម្លឹកផងដែរថា ថៃបានបើកការឈ្លានពានកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ និងបានបាញ់ប្រហារ ព្រមទាំងទម្លាក់គ្រាប់បែក ដោយអាវុធធុនធ្ងន់គ្រប់ប្រភេទ និងយន្តហោះ F-16 លើមូលដ្ឋានស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានាក្នុងដែនអធិបតេយ្យភាពកម្ពុជាជាច្រើនកន្លែង រួមមាន វត្តអារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ទីប្រជុំជន។ល។ ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរងរបួសជាច្រើននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនកន្លែងយ៉ាងធ្ងន់ធ្ងរ៕

