ខេត្តព្រះសីហនុបង្កើតអនុគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសម្រេចបង្កើតអនុគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
តាមរយៈសេចក្តីសម្រេចចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា អនុគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តនេះ មានឯកឧត្តម ម៉ាង ស៉ីណេត អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធាន អមដោយអនុប្រធាន ៤រូប និងសមាជិក សមាជិក ជាច្រើនរូបទៀត។
អនុគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
*សហការសម្របសម្រួលជាមួយគណៈកម្មការជាតិ រដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ
*ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើ ការដឹកឈើ និងការ នាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ និងការនាំចេញសត្វព្រៃខុសច្បាប់ការទន្ទ្រានយកដីរដ្ឋ ព្រមទាំងការរុករករ៉ែដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
*អង្កេត និងស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ និងសកម្មភាពបទល្មើសធនធានធម្មជាតិ
*ចាប់ជនល្មើស និងវត្ថុតាង នៃបទល្មើសធនធានធម្មជាតិ ហើយរៀបចំកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធី
*អនុប្រធាន និងសមាជិក-សមាជិកា នៃអនុគណៈកម្មការនេះ ត្រូវចូលរួមបំពេញការងារ និងចូលរួម កិច្ចប្រជុំតាម ការកោះអញ្ជើញរបស់ប្រធានអនុគណៈកម្មការ ក្នុងករណីប្រធានអវត្តមាន ប្រធានត្រូវ ចាត់តាំងអនុប្រធានមួយរូប ដើម្បីដឹកនាំកិច្ចប្រជុំជំនួស
*អនុគណៈកម្មការមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទ ដើម្បីជួយការងារតាម តម្រូវការចាំបាច់ ជាក់ស្តែង
*រាល់ការចុះអនុវត្តការងារត្រូវមានកំណត់ហេតុ និងរបាយការណ៍អំពីលទ្ធផល នៃការអនុវត្តការងារ ជូនគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

