ប្រទេសថៃ រងនូវទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៣០០ឆ្នាំ វាយប្រហារភាគខាងត្បូង
បាងកក៖ ប្រទេសថៃ បានប្រគល់ភារកិច្ចឱ្យកងទ័ពចូលចាត់ចែងវិបត្តិនៃទឹកជំនន់ដ៏មហន្តរាយនៅភាគខាងត្បូងប្រទេស បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនឆ្នាំបានរារាំងយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។
ភ្លៀងធ្លាក់ដែលត្រូវបានរាយការណ៍ថាជា «ភ្លៀងខ្លាំងបំផុតក្នុងរយៈពេល ៣០០ឆ្នាំ» បានបង្កឱ្យមានការស្លាប់យ៉ាងហោចណាស់ ១៩ នាក់ និងបានប៉ះពាល់ដល់ខេត្តចំនួន ៩ របស់ថៃ។
តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺទីក្រុងពាណិជ្ជកម្ម Hat Yai ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ពាណិជ្ជកម្មកៅស៊ូ។ ទីក្រុងនេះបានកត់ត្រាភ្លៀងធ្លាក់ប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល ៣ សតវត្សរ៍ ដោយបរិមាណទឹកភ្លៀងសរុបជិត ៤០០ មីលីម៉ែត្រ (១៥,៧ អ៊ីង) ក្នុងតំបន់មួយចំនួន។

ទឹកជំនន់បានជន់លិចផ្ទះរាប់ពាន់ខ្នង ដោយប៉ះពាល់ដល់គ្រួសារជាង ១២៧.០០០។ ក្នុងចំណោមអ្នកស្លាប់ភាគច្រើនបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី និងគ្រោះថ្នាក់ទាក់ទងនឹងទឹកជំនន់។
នៅមន្ទីរពេទ្យ Hat Yai កម្រិតទឹកជំនន់បានឡើងខ្ពស់ដល់ ២,៥ ម៉ែត្រ (៨,២ ហ្វីត) ដែលកាត់ផ្តាច់ផ្លូវទាំងអស់ទៅកាន់មន្ទីរពេទ្យ។ ផ្នែកសម្ភពរបស់មន្ទីរពេទ្យត្រូវបានជាប់គាំង ដែលមានទារកទើបនឹងកើតប្រហែល ៣០ នាក់ ស្ថិតនៅក្រោមការថែទាំរបស់គិលានុបដ្ឋាយិកា ខណៈឪពុកម្តាយរបស់ពួកគេមិនអាចទៅដល់បាន។
ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលថៃបានចាត់វិធានការបន្ទាន់ដោយដាក់កងយោធាចូលក្នុងប្រតិបត្តិការសង្គ្រោះ។
កងទ័ពជើងទឹកថៃបានដាក់ពង្រាយកម្លាំងយ៉ាងសម្បើមដើម្បីជួយជម្លៀស និងផ្តល់ជំនួយ ដោយប្រើប្រាស់ នាវាផ្ទុកយន្តហោះ Chakri Naruebet ត្រូវបានបញ្ជូនទៅ ដែលអាចបម្រើការជាមន្ទីរពេទ្យអណ្តែតទឹកបំពាក់ដោយឧទ្ធម្ភាគចក្រ គ្រូពេទ្យ និងផ្ទះបាយវាលដែលអាចផ្គត់ផ្គង់អាហារបាន ៣.០០០ ពេលក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ កងទ័ពជើងទឹកក៏បានបញ្ជូនទូកចំនួន ១៤ គ្រឿង និងយន្តហោះដឹកទំនិញ C-130 ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះកំពុងប្រឈមមុខនឹងការលំបាកដោយសារភ្លៀងធ្លាក់មិនរាំងស្ទះ ដែលធ្វើឱ្យការដឹកជញ្ជូន និងការជម្លៀសមានការរំខានយ៉ាងខ្លាំង៕
