ក្រសួងអប់រំត្រៀមសម្ពោធ «មជ្ឈមណ្ឌលជាតិសិក្សាភាសាបារាំង»
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រៀមសម្ពោធ មជ្ឈមណ្ឌលជាតិសិក្សាជាភាសាបារាំង នៃសាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (អក្សរកាត់ថា ម.ជ.ស.ប) ដែល ជាភាសាបារាំង Centre National d’Apprentissage en français សរសេរជាអក្សរកាត់ C.N.A.F.។
ផែនការនេះ ធ្វើឡើង នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងគ្រាដែលលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយតំណាងស្ថានទូតបារាំងប្រចាំកម្ពុជា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាស្ត្រាចារ្យ តំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។

ម.ជ.ស.ប ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងពង្រឹងសមត្ថភាពភាសាបារាំងដល់និស្សិតគ្រប់កម្រិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ក្នុងកិច្ចពិភាក្សានេះដែរ ក្រុមការងារជំនាញទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានធ្វើបទបង្ហាញ ស្តីពី ការងារសម្រេចបានសម្រាប់ទំនើបកម្មនៃ ម.ជ.ស.ប និងបេសកកម្មថ្មីរបស់មជ្ឈមណ្ឌលជាតិសម្រាប់ការសិក្សាភាសាបារាំង, ការកែលម្អកម្មសិក្សា និងបន្ថែមការបណ្ដុះបណ្ដាលភាសាបារាំងក្នុងប្រតិទិនឆ្នាំសិក្សាបណ្តោះអាសន្នសម្រាប់ឆមាសទី១ ឆ្នាំសិក្សា ២០២៥-២០២៦។

នាឱកាសនោះ លោក ហង់ជួន ណារ៉ុន បានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមការងារបន្តយកចិត្តទុកដាក់លើការជំរុញការអនុវត្តគម្រោងកែលម្អកម្មវិធីសិក្សាភាសាបារាំង និងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីបង្កើនភាពទាក់ទាញ និងជំរុញកំណើនអ្នកសិក្សាភាសាបារាំងនៅកម្ពុជា ដោយយកឱកាសនៃការប្រារព្ធព្រឹត្តិការណ៍កិច្ចប្រជុំហ្វ្រង់កូហ្វូនីអន្តរជាតិនៅកម្ពុជាខាងមុខនេះ ដើម្បីរំលេចអំពីអត្ថប្រយោជន៍ជាច្រើនដែលសិស្សនិស្សិតកម្ពុជាទទួលបានពីការសិក្សាភាសាបារាំង ជាពិសេសការទទួលបានឱកាសអាហារូបករណ៍ និងការគាំទ្រដល់ការសិក្សាស្រាវជ្រាវក្នុងប្រទេសកម្ពុជា ប្រទេសបារាំង និងប្រទេសប្រើប្រាស់ភាសាបារាំងជុំវិញពិភពលោក។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមគាំទ្រ និងសម្របសម្រួលពីសំណាក់រដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា ស្ថាប័ន AUF ក្រុមការងារនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ ដែលរួមចំណែកយ៉ាងសំខាន់ជំរុញឱ្យមជ្ឈមណ្ឌលជាតិសិក្សាភាសាបារាំងនៅកម្ពុជាលេចចេញជារូបរាងឡើង និងកំពុងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពនានាពាក់ព័ន្ធនឹងការលើកកម្ពស់ភាសាបារាំង និងកិច្ចការហ្វ្រង់កូហ្វូនីនៅកម្ពុជានាពេលខាងមុខនេះ ឱ្យសម្រេចបានដោយជោគជ័យ និងសូមឱ្យបន្តយកចិត្តទុកដាក់សហការគ្នាបន្ថែមទៀត ខណៈពេលដែលថ្ងៃប្រារព្ធកម្មវិធីកាន់តែខិតចូលមកដល់។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមដែរថា មជ្ឈមណ្ឌលជាតិសិក្សាភាសាបារាំង គឺជាសមិទ្ធផលថ្មី និងជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងដំណើរនៃកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងប្រទេសបារាំង៕
