កម្ពុជាបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅទីក្រុងអូក្លិន
ទីក្រុងអូក្លិន៖ កម្ពុជាបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់ ដើម្បីជាការបើកទំព័រថ្មីនៃពាណិជ្ជកម្មទ្វេភាគីកម្ពុជា-នូវ៉ែលហ្សេឡង់។ ពិធីបើកជាផ្លូវការធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៥ ក្រោមវត្តមាន លោក បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់។
ជាមួយគ្នានេះ ក៏មានការចូលរួមពី លោក ហេង ស៊ីនឿន ទីប្រឹក្សាសម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក និង បណ្ឌិត កៅ ថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិនប្រទេសនូវ៉ែលហ្សេឡង់។

បើតាមអ្នករៀបចំកម្មវិធី ព្រឹត្តិការណ៍នេះគឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុង ការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់តំបន់ប៉ាស៊ីហ្វិក និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។ ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានប្រកាសលទ្ធផលបោះឆ្នោតដែលបានជ្រើសរើស លោក ឃួយ ម៉ៃខល ជាផ្លូវការ និងទទួលបានការអនុម័ត ជា ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់។
បន្ថែមពីនេះ លោក បណ្ឌិត កៅ ថាច បានធ្វើការគួសរំលេចពីសារៈសំខាន់ នៃការបង្កើតការិយាល័យតំណាងនៅទីក្រុងអូក្លិននៅវេលានេះ ម៉ោងនេះ គឺត្រូវបានគេមើលឃើញថាជា ការវិនិយោគទុនការទូតសេដ្ឋកិច្ចដ៏សំខាន់ របស់កម្ពុជា។ នូវ៉ែលហ្សេឡង់ត្រូវបានទទួលស្គាល់ថាជាមហាអំណាចមួយក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាកសិកម្មទំនើប និងការកែច្នៃចំណីអាហារ ដែលជាវិស័យអាទិភាពក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាម លោក កៅ ថាច ការិយាល័យថ្មីនេះនឹងដើរតួនាទីជា ទីប្រឹក្សា និងជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាព ក្នុងការ ផ្សព្វផ្សាយនិងទាក់ទាញវិនិយោគជាកន្លែង ផ្តល់ព័ត៌មានលម្អិតអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌតំបន់ និងសកល (RCEP) និងសក្តានុពលនៃការវិនិយោគទៅលើវិស័យកែច្នៃកសិផល ឧស្សាហកម្ម និងបច្ចេកវិទ្យា។
លោកបន្ថែមថា លើសពីនេះទៀត ក៏នឹង ជំរុញការនាំចេញ: បង្កើតវេទិកាសម្រាប់ផលិតផលកសិកម្ម និងសិប្បកម្មរបស់កម្ពុជា ឱ្យអាចជ្រៀតចូលទៅក្នុងទីផ្សារនូវ៉ែលហ្សេឡង់ ដែលផ្តោតលើគុណភាពខ្ពស់ និងសុវត្ថិភាពម្ហូបអាហារ។ និង ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ភ្ជាប់ទំនាក់ទំនងរវាងធុរជននិងធុរជន (B2B) និងស្វែងរកឱកាសបណ្តុះបណ្តាលដើម្បីផ្ទេរបច្ចេកវិទ្យាទំនើបៗមកកម្ពុជា។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ជឺន បូរាណ ច័ន្ទបូរី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងបានណែនាំដល់លោក ឃួយ ម៉ៃខល និងសហការី ត្រូវផ្តោតជាចម្បងលើ ការិយាល័យតំណាងនេះ គឺជាដៃគូយុទ្ធសាស្ត្ររបស់ស្ថានទូត ក្នុងការអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ច។
លោកសង្កត់ធ្ងន់ទៀតថា លោកប្រធានត្រូវបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូត ដើម្បីធានាបាននូវការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព។ ភារកិច្ចចម្បងគឺការផ្សព្វផ្សាយទីផ្សារសក្តានុពល ជាពិសេសលើ កសិផល និងទំនិញកែច្នៃរបស់កម្ពុជា ទៅកាន់ទីផ្សារនូវ៉ែលហ្សេឡង់ ដើម្បីពង្រីកចំណែកទីផ្សារឱ្យបានទូលំទូលាយ។”
ជាការឆ្លើយតបពីមតិផ្តាំផ្ញើ លោក ឃួយ ម៉ៃខល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទុកចិត្តរបស់ថ្នាក់ដឹកនាំ និងបានប្រកាសពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោក៖ “ខ្ញុំសូមប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងប្រើប្រាស់បទពិសោធន៍ ជំនាញ និងបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនទាំងអស់ ដើម្បីធ្វើឱ្យការិយាល័យតំណាងរបស់យើងនៅអូក្លិននេះ ក្លាយជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធភាពបំផុត។

លោកនឹងជំរុញការផ្សព្វផ្សាយអំពីសក្តានុពល ‘កសិកម្មស្អាត’ និង ‘ទំនិញមានគុណភាព’ របស់កម្ពុជា ទៅកាន់ទីផ្សារនូវ៉ែលហ្សេឡង់ និងតំបន់ប៉ាស៊ីហ្វិក ដោយឈរលើគោលការណ៍តម្លាភាព។ ជាមួយគ្នានេះ លោកនឹងខិតខំធ្វើការជាមួយវិនិយោគិនដើមកំណើតខ្មែរនៅទីនេះ ដើម្បីបង្វែរមនោសញ្ចេតនាមាតុភូមិ ឱ្យក្លាយជា ទុនវិនិយោគពិតប្រាកដ ត្រឡប់ទៅបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិមាតុភូមិវិញ។
លោកបានប្តេជ្ញាថា «ខ្ញុំនឹងមិនទុកឱ្យការទុកចិត្តដ៏ឧត្តុង្គឧត្តមនេះខកបំណងឡើយ!»៕
 
  
  
 
