Close

ទេសរដ្ឋមន្ត្រី លី ធុជ ស្នើជប៉ុនបន្តគាំទ្រកម្ពុជាក្នុងសកម្មភាពមីនមនុស្សធម៌

ដោយ៖ Chhan Sreyka ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ស្នើជប៉ុនបន្តគាំទ្រកម្ពុជាក្នុងសកម្មភាពមីនមនុស្សធម៌ ទេសរដ្ឋមន្ត្រី លី ធុជ ស្នើជប៉ុនបន្តគាំទ្រកម្ពុជាក្នុងសកម្មភាពមីនមនុស្សធម៌

ភ្នំពេញ ៖ លោកបណ្តិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ស្នើជប៉ុន បន្តគាំទ្រកម្ពុជាក្នុងសកម្មភាពមីនមនុស្សធម៌ ដើម្បីបន្តផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជា។ ការស្នើនេះធ្វើឡើងក្នុងពេលលោកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក AISAWA Ichiro សមាជិកសភានៃប្រទេសជប៉ុន នៅអគាររដ្ឋសភាជប៉ុន (The National Diet Building) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឈរនៅជាមួយកម្ពុជា និងបានចូលរួមយ៉ាងសំខាន់នៅក្នុងដំណើរកសាងសន្ថិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ដែលក្នុងនោះផងដែរ វិនិយោគរបស់ជប៉ុនបានផ្តល់ការងារជាច្រើនដល់ប្រជាជនខ្មែរ។ លើសពីនេះ និស្សិតខ្មែរជាច្រើនបានមកបន្តការសិក្សានៅប្រទេសជប៉ុន ដែលធ្វើឱ្យធនធានមនុស្សនៅកម្ពុជា កាន់តែរីកចម្រើន និងចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។

ទេសរដ្ឋមន្ត្រី លី ធុជ ស្នើជប៉ុនបន្តគាំទ្រកម្ពុជាក្នុងសកម្មភាពមីនមនុស្សធម៌

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញ លោក AISAWA Ichiro រួមជាមួយសភាពាណិជ្ជកម្មរបស់ទីក្រុង Okayama ធ្វើទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីស្វែងយល់ច្បាស់អំពីឱកាសវិនិយោគនៅកម្ពុជា។ លោកបណ្ឌិត លី ធុជ ក៏បានលើកឡើងអំពីការចូលរួមចំណែករបស់ជប៉ុន នៅក្នុងភាពជោគជ័យនៃសកម្មភាពមីនកម្ពុជា និងស្នើឱ្យជប៉ុនបន្តគាំទ្រកម្ពុជាក្នុងសកម្មភាពមីនមនុស្សធម៌ ដើម្បីបន្តផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជា។

ជាការឆ្លើយតប លោក AISAWA Ichiro បានកោតសរសើរចំពោះភាពរីកចម្រើនជាទីកត់សម្គាល់របស់កម្ពុជា និងបានបង្ហាញជំហរបន្តភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា។ លោក ក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានផ្តល់ទំនុកចិត្ត និងបានបញ្ជូននិស្សិតឆ្នើមជាច្រើន មកបន្តការសិក្សានៅប្រទេសជប៉ុន ហើយ លោក ស្នើឱ្យកម្ពុជា បន្តបញ្ជូននិស្សិតមកសិក្សាឱ្យកាន់តែច្រើន ជាពិសេសមន្ត្រីរាជរដ្ឋាភិបាលរបស់កម្ពុជា។

លោក សន្យាថានឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅពេលខាងមុខ រួមជាមួយសភាពាណិជ្ជកម្មរបស់ទីក្រុង Okayama ដើម្បីស្វែងរកឧកាសវិនិយោគនៅកម្ពុជា៕

ទេសរដ្ឋមន្ត្រី លី ធុជ ស្នើជប៉ុនបន្តគាំទ្រកម្ពុជាក្នុងសកម្មភាពមីនមនុស្សធម៌