រដ្ឋមន្ត្រីការពារជាតិថៃព្រមានកម្ពុជាថា នឹងមិនចុះកិច្ចព្រមព្រៀងសន្តិភាពទេ ប្រសិនបើកិច្ចប្រជុំ GBC និង JBC មិនសម្រេចតាមអ្វីដែលខ្លួនចង់បាន

បាងកក៖ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសថៃ លោកឧត្តមសេនីយ៍ ណាតថាផុន ណាក់ផានិត បានព្រមានកម្ពុជានៅថ្ងៃអង្គារនេះន៍ថា ប្រសិនបើកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មការព្រំដែនចម្រុះ (JBC) មិនដំណើរការទេ កិច្ចព្រមព្រៀងសន្តិភាពទំនងជាមិនអាចសម្រេចបានឡើយ។
ថ្លែងចេញពីវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក លោក ណាតថាផុន បាននិយាយថា កិច្ចប្រជុំ GBC កម្ពុជា-ថៃ ដែលកំពុងបន្តគឺជាការបន្តនៃការពិភាក្សាពីមុន រួមទាំងកិច្ចចរចាបួនភាគីនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ១៧ ខែតុលា ដែលមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសលោក Sihasak Phuangketkeow ។
លោកឧត្តមសេនីយ៍ Nattapong Praokaew អនុប្រធានអគ្គសេនាធិការចម្រុះ និងជាលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃភាគីថៃកាលពីថ្ងៃចន្ទបានចូលរួមកិច្ចប្រជុំជាមួយលេខាធិការដ្ឋាន GBC កម្ពុជានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ភាគីថៃបានស្នើឡើងនូវក្របខណ្ឌសម្រាប់សម័យប្រជុំពិសេសលើកទី២នៃ GBC ដែលគ្របដណ្ដប់លើចំណុចសំខាន់ចំនួនបួន៖, ការដកអាវុធធុនធ្ងន់, ការបោសសម្អាតមីន, ការបង្រ្កាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណេត ជាពិសេសកំណត់គោលដៅបោកប្រាស់ និង ការគ្រប់គ្រងតំបន់ព្រំដែន (រង់ចាំលទ្ធផលនៃការចរចា JBC)
ចំណុចទាំងបួននេះបង្កើតឡើងនៅលើកិច្ចព្រមព្រៀងដែលបានអនុម័តពីមុនដោយភាគីទាំងពីរក្នុងសម័យប្រជុំពិសេសលើកទី ១នៃ GBC ដែលធ្វើឡើងនៅខេត្តកោះកុង ប្រទេសកម្ពុជា នៅថ្ងៃទី ១០ខែកញ្ញា ឆ្នាំ ២០២៥ ។
គួរកត់សម្គាល់ថាកិច្ចប្រជុំចង្អៀតកម្រិតរដ្ឋមន្ត្រីគណៈកម្មាធិការ កិច្ចការព្រំដែន ដែលជាកិច្ចប្រជុំពិភាក្សាមុនកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះ បានចាប់ផ្តើមដំណើរនៅទឹកដីថៃ នាថ្ងៃនេះ។ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។
ចំណែកសមាសភាពថៃ ដឹកនាំដោយឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។