រាជរដ្ឋាភិបាលត្រៀមរើទីលានចាក់សំរាមដង្កោរទៅទីលាន «ទួលព្រេច» ជំនួសវិញនៅចុងឆ្នាំនេះ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមរើ ទីលានចាក់សំរាមក្នុងខណ្ឌដង្កោ ស្ថិតនៅក្នុងរាជធានីភ្នំពេញ ទៅកាន់ទីលានទុកដាក់សំរាមថ្មី «ទួលព្រេច» ដែលមានទំហំផ្ទៃដីប្រមាណ ៥០ហិកតាស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល នៅចុងឆ្នាំនេះ ។
ទីលានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ រហូតមកដល់ពេលនេះ ត្រូវបានគេមើលឃើញថា មានកម្ពស់ស្មើនឹងកូនភ្នំមួយទៅហើយ ។ ជាមួយគ្នានេះ ក៏មានក្លិនស្អុយធ្វើឱ្យប៉ះពាល់ពលរដ្ឋដែលរស់នៅតំបន់ជុំវិញនោះផងដែរ ស្របពេលដែលតំបន់នោះមានការរីកចំរើនលើការសាងស់លំនៅឋាន បុរី រោងចក្រ ឃ្លាំង និង សហគ្រាសផ្សេងជាច្រើនផ្សេងទៀ។
លើសពីនេះទៀត ទីតាំងនរសំរាមខាងលើនេះ ក៏បាននឹងកំពុងក្លាយជាទីជម្រក និងជាកន្លែងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃសម្រាប់ពលរដ្ឋមួយចំនួន តាមរយៈការរើសកំប៉ុង ដម និងសម្ភារៈអេតចាយរួមទាំងអាជីវកម្មផ្សេងនៅតំបន់ជុំវិញនោះ ។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ នេះ បានប្រាប់ថា ក្រសួងបរិស្ថាន បានរៀបចំទីលានទុកដាក់សំរាម សំណល់រឹង កម្រិតស្តង់ដា«ទួលព្រេច» មានទីតាំងស្ថិតលើផ្លូវជាតិលេខ៥១ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងខ្នាតតំបន់មួយ នេះ បម្រើឲ្យការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន របស់រាជធានីភ្នំពេញ និងតាមបណ្ដាក្រុង ស្រុក មួយចំនួន នៃខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។
លោកថ្លែងថា « ជាមួយគ្នានេះ ទីលានបើកដំណើរការនៅក្នុងចុងឆ្នាំ២០២៥នេះ ខណៈពេលទីលានទុកដាក់សំរាម រាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យផ្ទេរការទុកដាក់សំរាមទៅទីលានទួលព្រេចជំនួសវិញ ពីរាជរដ្ឋាភិបាលកម្ពុជា»។
សូមបញ្ជាក់ថា ក្នុងរយៈមួយឆ្នាំគឺកាលពីឆ្នាំ២០២៤កន្លងមកនេះ ការដឹកជញ្ជូនសំរាមមកពីតំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ យកទៅចាក់ និងដុតកម្ទេចចោលនៅទីលានចាក់សំរាមដង្កោ ដោយក្រុមហ៊ុនទាំង៣ មន្ទីរសាធារណការ និងអង្គភាពផ្សេងៗ មានចំនួន ១.២៤៨.៣៩១,៨១តោន។