អាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្ដើមប្រតិបត្តិជើងហោះហើរត្រង់រវាង កម្ពុជា-ជប៉ុន នៅថ្ងៃទី២៦ ខែតុលា
តូក្យូ៖ លោក KEVEN LI តំណាងអាកាសចរណ៍ជាតិកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន AVIAREPS Japan បានឱ្យដឹងថា ជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន នឹងចាប់ផ្ដើមប្រតិបត្តិនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ។
លោក KEVEN LI និង តំណាងក្រុមហ៊ុន AVIAREPS Japan បានឱ្យដឹងបែបនេះក្នុងពេលលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពី វឌ្ឍនភាពនៃដំណើរប្រតិបត្តិការរបស់អាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA) នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ។
លោក KEVEN LI និង តំណាងក្រុមហ៊ុន AVIAREPS Japan បន្ថែមថា ជើងហោះហើរថ្មីនេះ នឹងតភ្ជាប់ពីរាជធានីភ្នំពេញ (KTI) ទៅទីក្រុងតូក្យូ (NRT) ប្រទេសជប៉ុន ដោយមានការឈប់រយៈពេលខ្លីនៅទីក្រុងហ្វ៊ូចូវ (FOC) ប្រទេសចិន។
ក្នុងនោះដែរ តំណាងក្រុមហ៊ុន បានស្នើសុំស្ថានទូត ជួយផ្សព្វផ្សាយព័ត៌មាននេះជូនដល់បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន និងមិត្តជប៉ុនទាំងអស់ ឱ្យចូលរួមគាំទ្រ និងធ្វើដំណើរជាមួយអាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA)។
ជាការឆ្លើយតប លោកទុយ រី បានអបអរសាទរចំពោះវឌ្ឍនភាពនៃដំណើរប្រតិបត្តិការរបស់អាកាសចរណ៍ជាតិកម្ពុជា និងគាំទ្រចំពោះការចូលរួមផ្សព្វផ្សាយព័ត៌មាននេះជូនដល់បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន និងមិត្តជប៉ុនទាំងអស់ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋខ្មែរ និងជប៉ុន ក៏ដូចជាជនបរទេសផ្សេងទៀត ចូលរួមគាំទ្រ និងធ្វើដំណើរជាមួយអាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA)។
លោកឯកអគ្គរាជទូត បញ្ជាក់ថា ជើងហោះហើរថ្មីនេះ គឺជាវឌ្ឍនភាពថ្មីនៃការពង្រីកការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់វិស័យទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកឯកអគ្គរាជទូតកម្ពុជា ក៏បានស្នើឱ្យអាកាសចរណ៍ជាតិកម្ពុជា បន្តចរចារជាមួយភាគីជប៉ុន ដើម្បីទទួលបានការអនុញ្ញាតឱ្យក្រុមហ៊ុនអាចហោះហើរក្នុងពេលវេលាល្អ និងបង្កើនចំនួនហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន កាន់តែច្រើនឡើងថែមទៀត។
ខាងក្រោមនេះ ជាកាលវិភាគហោះហើរ ៣ ដងក្នុងមួយសប្ដាហ៍ ដែលមានកាលបរិច្ឆេទកំណត់ដូចខាងក្រោម៖
កាលបរិច្ឆេទកក់និងទិញសំបុត្រ៖ ចាប់ផ្តើមពីអីឡូវនេះ រហូតដល់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០២៦
កាលបរិច្ឆេទធ្វើដំណើរ៖ ចាប់ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ រហូតដល់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០២៦
កាលវិភាគហោះហើរលំអិត៖
• ភ្នំពេញ → តូក្យូ (កាត់តាមហ្វ៊ូចូវ): ពុធ, សុក្រ, អាទិត្យ | ចេញដំណើរ ០៩:៤៥ | ទៅដល់ ១៩:០០
• តូក្យូ → ភ្នំពេញ (កាត់តាមហ្វ៊ូចូវ): ពុធ, សុក្រ, អាទិត្យ | ចេញដំណើរ ២០:០០ | ទៅដល់ ០៣:០០ (+១)
• ភ្នំពេញ → ហ្វ៊ូចូវ (ហោះត្រង់): ពុធ, សុក្រ, អាទិត្យ | ចេញដំណើរ ០៩:៤៥ | ទៅដល់ ១៤:០០
• ហ្វ៊ូចូវ → ភ្នំពេញ (ហោះត្រង់): ចន្ទ, ព្រហស្បតិ៍, សៅរ៍ | ចេញដំណើរ ០០:៣០ | ទៅដល់ ០៣:០០
• ហ្វ៊ូចូវ → តូក្យូ (ហោះត្រង់): ពុធ, សុក្រ, អាទិត្យ |ដំណើរ ១៤:៥០ | ទៅដល់ ១៩:០០
• តូក្យូ → ហ្វ៊ូចូវ (ហោះត្រង់): ពុធ, សុក្រ, អាទិត្យ | ដំណើរ២០:០០ | ទៅដល់ ២៣:៣០