លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ប្រហារម្តងទៀត របស់យោធាថៃចូលក្នុងទឹកដីកម្ពុជា

ភ្នំពេញ៖ ដូចប្រជាជនកម្ពុជាទាំងអស់ដែលកំពុងតាមដានស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ប្រហារម្តងទៀតនាពេលថ្មីៗនេះ របស់យោធាថៃ ចូលមកក្នុងទឹកដីកម្ពុជា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ការបង្ហាញការព្រួបារម្ភបែបនេះ បន្ទាប់ពីនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីបញ្ជាក់ថា នេះគឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា។ ត្រង់ចំណុចនេះ លោកសម្តែងការព្រួយបារម្ភ ក៏ដូចជាក្តីសង្ឃឹមថា ‘ការបាញ់ប្រហារ’ ចូលមកក្នុងទឹកដីកម្ពុជា នឹងត្រូវបញ្ឈប់ ហើយវិលត្រឡប់ទៅរកការអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ដូចដែលបានឯកភាពគ្នាវិញ។
លោកថ្លែងថា «ម៉ោងនេះ ពេលនេះ ស្មារតី ទឹកចិត្ត របស់យើងទាំងអស់គ្នា នៅជាមួយនឹងថ្នាក់ដឹកនាំ ជាពិសេសវីរកងទ័ពនៅជួរមុខ និងសូមបួងសួងដល់វត្ថុគ្រប់ស័ក្តិសិទ្ធក្នុងលោក សូមជួយថែរក្សាការពារវីរកងទ័ពនៅជួរមុខឱ្យមានសុខសុវត្ថិភាព និងសន្តិភាពសម្រាប់ប្រជាជនទាំងអស់គ្នា»។
ទាក់ទិននឹងបញ្ហានេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានថ្លែងថា នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។
លោកស្រីបន្ថែមថា កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា៕