ពិព័រណ៍ផលិតផលខ្មែរថ្ងៃទី១ បានចាប់ផ្ដើមហើយនៅកោះពេជ្រ នៅថ្ងៃនេះ
ភ្នំពេញ៖ ពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ៖ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលខ្មែរ» នឹងចាប់ផ្តើមជាផ្លវូការហើយ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ (អគារ G-L)។
ផលិតផលក្នុងស្រុករាប់រយមុខមកពីគ្រប់វិស័យ បានត្រៀមរួចជាស្រេច ដើម្បីទទួលស្វាគមន៍បងប្អូនសាធារណជនមកចូលរួមទស្សនា នៅក្នុងកម្មវិធីពិព័រណ៍ថ្ងៃទី១ នេះ។
ជាមួយគ្នានេះ វត្តមានវាគ្មិនជាច្រើនរូប ក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់វេទិកាជជែកពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីផ្ដល់ចំណេះដឹង និងបទពិសោធថ្មីៗដល់អ្នកចូលរួមទាំងអស់គ្នា។
ការរៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្លើយតបទៅដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្ពស់ចំពោះការជំរុញផលិតផលក្នុងស្រុក។ តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រផ្សេងៗ រដ្ឋាភិបាលបានពង្រឹងសមត្ថភាពកសិករ ផ្ដល់ឧបត្ថម្ភដល់សហគ្រាសតូចមធ្យម (SMEs) បង្កើតវេទិកាសម្រាប់អាជីវករ និងដាក់ឲ្យមានកម្មវិធីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកជាសាធារណៈ។
កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋ មិនត្រឹមតែជួយសេដ្ឋកិច្ចក្នុងស្រុកទេ ប៉ុន្តែថែមទាំងជួយអភិរក្សវប្បធម៌ និងអត្តសញ្ញាណជាតិ។ នៅពេលរដ្ឋ ផ្តល់ជំនួយ និងបង្កើតគោលការណ៍សម្រេចចិត្តដើម្បីគាំទ្រផលិតផលក្នុងស្រុក ប្រជាពលរដ្ឋក៏មានតួនាទីដ៏សំខាន់ក្នុងការឆ្លើយតប ដោយជ្រើសរើសប្រើ និងគាំទ្រផលិតផលខ្មែរ។នេះជាស្មារតីរួមដ៏រឹងមាំ ហើយកម្លាំងរួមនេះគឺជាគន្លឹះសម្រាប់អនាគតរុងរឿង និងស្ថិរភាពរបស់ប្រទេស៕