មន្ត្រីនាំពាក្យក្រសួងការងារ អំពាវនាវឱ្យអតីតពលករមកពីថៃមិនទាន់មានការងារធ្វើ ទាក់ទងលេខ ១២៩៧
ភ្នំពេញ៖ ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអំពាវនាវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃ ដែលមិនទាន់មានការងារធ្វើ សូមទាក់ទងមកកាន់លេខ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារធ្វើក្នុងស្រុក ដែលមានអត្ថប្រយោជន៍ច្រើនជាង និងមានសុវត្ថិភាពជាង។
ការអំពាវនាវរបស់លោក ស៊ុន មេសា នេះ ធ្វើឡើងបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ និងសម្រាប់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ដែលមិនទាន់មានការងារធ្វើ អាចទាក់ទងលេខ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារធ្វើ។
លោកបានឱ្យដឹងថា «បច្ចុប្បន្នយើងនៅសល់ឱកាសការងារចំនួន ៨៤ ៧៦៧កន្លែងទៀត នៅរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ ហើយឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម»។
អ្នកនាំពាក្យដដែល បានអំពាវនាវជាថ្មីឱ្យបងប្អូនអតីតពលករ គួរស្វែងរកការងារនៅក្នុងស្រុក ជាជាងប្រថុយប្រថានទៅធ្វើការងារដោយខុសច្បាប់នៅប្រទេសថៃ ដែលអាចខាតបង់ថវិកា ពេលវេលា ក៏ដូចជាអាចប្រឈមនឹងចាប់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសថៃ ថែមទៀត។
សារជាថ្មីទៀត លោក ស៊ុន មេសា បានអំពាវនាវឱ្យអង្គការក្រៅរដ្ឋាភិបាល និងសមាគម ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត សហការផ្ដល់ព័ត៌មានចំពោះបងប្អូនអតីតពលករខ្មែររូបណា ដែលមិនទាន់មានការងារធ្វើ ដើម្បីអាចឱ្យក្រសួងជួយសម្របសម្រួលរកការងារជូនពួកគាត់ធ្វើ៕