ទាហានអាមេរិកសម្លាប់មនុស្ស ៣ នាក់ ជា ‘ភេរវករគ្រឿងញៀន’ របស់វេណេស៊ុយអេឡា ក្នុងដែនទឹកអន្តរជាតិ
វ៉ាស៊ីនតោន៖ តាមរយៈការប្រកាសមួយនៅលើបណ្ដាញសង្គម Truth Social លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា កងកម្លាំងយោធាអាមេរិក បានធ្វើការវាយប្រហារ លើកទីពីរលើនាវាមួយគ្រឿងនៅក្នុងដែនទឹកអន្តរជាតិ ដែលលោកអះអាងថាត្រូវបានប្រើប្រាស់ដោយ “ភេរវករគ្រឿងញៀន” របស់វេណេស៊ុយអេឡា ដើម្បីដឹកជញ្ជូនថ្នាំញៀនខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក។
ការវាយប្រហារនេះបានបណ្ដាលឱ្យមនុស្សចំនួន ៣ នាក់ស្លាប់ ហើយកងកម្លាំងអាមេរិកមិនមានរងរបួសនោះទេ។
ការវាយប្រហារនេះកើតឡើងបន្ទាប់ពីការវាយប្រហារលើកមុន ដែលលោក ត្រាំ បានថ្លែងថា បានសម្លាប់មនុស្ស ១១ នាក់ ដែលត្រូវបានផ្សារភ្ជាប់ជាមួយក្រុមបងធំ Tren de Aragua របស់វេណេស៊ុយអេឡា។ រដ្ឋបាលលោក ត្រាំ បានផ្ដល់ព័ត៌មានលម្អិតតិចតួចអំពីការវាយប្រហារទាំងនេះ និងមូលដ្ឋានច្បាប់របស់វា។
សកម្មភាពនេះបានបង្កឱ្យមានការរិះគន់ពីសមាជិកសភាអាមេរិក និងអ្នកវិភាគច្បាប់មួយចំនួន ដែលចោទសួរអំពីការប្រើប្រាស់កម្លាំងយោធាសម្រាប់បញ្ហាដែលជាធម្មតាជាភារកិច្ចអនុវត្តច្បាប់។
ផ្ទុយទៅវិញ រដ្ឋបាលលោក ត្រាំ បានអះអាងថា សកម្មភាពរបស់ខ្លួនគឺ “ស្របទាំងស្រុងទៅនឹងច្បាប់នៃជម្លោះប្រដាប់អាវុធ” និងជាបញ្ហានៃការការពារខ្លួនប្រឆាំងនឹងក្រុមដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។
ជាការឆ្លើយតប ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro បានថ្កោលទោសប្រតិបត្តិការយោធានេះថាជាសកម្មភាពឈ្លានពាន។ ភាពតានតឹងដែលបានកើនឡើងនេះបាននាំឱ្យមានការដាក់ពង្រាយទ្រព្យសម្បត្តិយោធាអាមេរិកបន្ថែមទៀតទៅកាន់តំបន់នេះ៕