Close

លោក មូន ពេជ្រ នឹងដាក់ញ្ញត្តិទៅស្ថាប័នអន្តរជាតិ ដើម្បីជួយអន្តរាគមន៍ឱ្យថៃដោះលែងវីរៈកងទ័ពកម្ពុជា ១៨ នាក់

ដោយ៖ Chhan Sreyka ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ
លោក មូន ពេជ្រ នឹងដាក់ញ្ញត្តិទៅស្ថាប័នអន្តរជាតិ ដើម្បីជួយអន្តរាគមន៍ឱ្យថៃដោះលែងវីរៈកងទ័ពកម្ពុជា ១៨ នាក់ លោក មូន ពេជ្រ នឹងដាក់ញ្ញត្តិទៅស្ថាប័នអន្តរជាតិ ដើម្បីជួយអន្តរាគមន៍ឱ្យថៃដោះលែងវីរៈកងទ័ពកម្ពុជា ១៨ នាក់

ភ្នំពេញ៖ លោក មូន ពេជ្រ នាយទាហានកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅ សាលាបណ្ឌិតសភាយោធាអាមេរិក នឹងបន្តបើកយុទ្ធនាការដាក់ញត្តិទៅកាន់ស្ថាប័នអន្តរជាតិសំខាន់ៗ និងប្រទេសថៃផ្ទាល់ ដើម្បីឱ្យជួយអន្តរាគមន៍ដោះលែង វីរកងទ័ពកម្ពុជាចំនួន ១៨ នាក់ ដែលត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ និងមិនទាន់ដោះលែង។

ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ទាំង ១៨ នាក់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ៤២ថ្ងៃ គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ នេះ បើតាមក្រសួងការពារជាតិ ។

យោងតាមរយៈសារផ្ញើជូនចំពោះជនរួមជាតិនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ របស់ លោក មូន ពេជ្រ សរសេរថា«ជំហានបន្ទាប់របស់យើងគឺការជួយវីរកងទ័ពរបស់ពួកយើងទាំង 18 នាក់ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនជាអ្នកទោសសង្គ្រាមនៅក្នុងប្រទេសថៃ។

លោកបន្ថែមថា «យើងនឹងដាក់ញត្តិទៅកាន់៖ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)។គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)។ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) រួមទាំងទាមទារទៅរដ្ឋាភិបាល និងយោធាថៃដោយផ្ទាល់ដើម្បីឲ្យដោះលែងវីរកងទ័ពរបស់ពួកយើង»។

លោក មូន ពេជ្រ នឹងដាក់ញ្ញត្តិទៅស្ថាប័នអន្តរជាតិ ដើម្បីជួយអន្តរាគមន៍ឱ្យថៃដោះលែងវីរៈកងទ័ពកម្ពុជា១៨ នាក់

លោកបន្តថា «ដើម្បីបន្ថែមទម្ងន់ដល់ញត្តិរបស់ពួកយើង យើងខ្ញុំស្នើសុំឲ្យបងប្អូនបន្តចុះហត្ថលេខា ដើម្បីគាំទ្រក្នុងបុព្វហេតុនេះ។ ហត្ថលេខានីមួយៗរបស់បងប្អូន មិនមែនគ្រាន់តែជាចំនួនបន្ថែមឡើយ តែវាជាសំឡេងដើម្បីយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពជាតិយើង»។

លើសពីនេះ លោកថា លោកបានអញ្ជើញអ្នកជំនាញការច្បាប់ និងមេធាវីជប៉ុន ស្ម័គ្រចិត្តចូលរួមជាមួយលោកក្នុងនាមជាទីប្រឹក្សាច្បាប់។ ជាមួយគ្នានេះ លោកក៏មានបំណងជ្រើសរើសនិស្សិតខ្មែរបីនាក់ ដែលកំពុងសិក្សាផ្នែកច្បាប់ស្ម័គ្រចិត្តធ្វើការជាមួយយើងលោក។ ការជ្រើសរើសនេះ ដើម្បីបណ្តុះបណ្តាលយុវជនយើង ឲ្យយល់ដឹងពីកិច្ចការច្បាប់អន្តរជាតិ នឹងក្លាយជាធនធានរបស់មាតុភូមិយើងនាថ្ងៃអនាគត។

កាលពីពេលថ្មីៗនេះ លោក មូន ពេជ្រ បានផ្ញើលិខិតជូនប្រធានសភាជាតិស៊ុយអែត និងប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិរួចរាល់ហើយទាក់ទងនឹងការទិញលក់យន្តហោះចំបាំង Gripen ទៅឱ្យប្រទេសថៃដោយទទួលបានអ្នកចុះឈ្មោះគាំទ្រចំនួន 26,456 នាក់ លើសពីការរំពឹងករបស់លោក ដែលត្រូវការ អ្នកចុះឈ្មោះគាំទ្រចំនួន1214នាក់ ប៉ុណ្ណោះ ។

លោកថា បើទោះបីជាញត្តិនេះនឹងមិនផ្លាស់ប្តូរគោលនយោបាយស៊ុយអែតភ្លាមៗ តែវានឹងជួយបង្កើនសំឡេងរបស់ពួកយើងលើឆាកអន្តរជាតិ ព្រមទាំងអាចជំរុញឱ្យស៊ុយអែតធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវមុនពេលចុះកិច្ចព្រមព្រៀងយោធានាពេលអនាគតជាមួយប្រទេសថៃ។

ពាក់ព័ន្ធនឹងទាហានថៃដេលបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ទាំង ១៨ នាក់ នោះ ស្ថាប័នរាជរដ្ឋាភិបាល មានដូចជាក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរួមទាំងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានខិតខំតវា និងដាក់លិខិតតវាទៅស្ថាប័នអន្តរជាតិ និង អន្តរជាតិ ជាពិសេសបានដាក់ញត្តិទៅ អ្នករាយការណ៍នៃក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត ឱ្យថៃដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់។

លោក មូន ពេជ្រ នឹងដាក់ញ្ញត្តិទៅស្ថាប័នអន្តរជាតិ ដើម្បីជួយអន្តរាគមន៍ឱ្យថៃដោះលែងវីរៈកងទ័ពកម្ពុជា១៨ នាក់

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើឱ្យក្រុមការងារនេះធ្វើការសិក្សាករណីនេះជាបន្ទាន់ និងចេញសេចក្តីប្រកាសថា ករណីនេះជាការឃុំខ្លួនខុសច្បាប់, មានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ, ត្រួតពិនិត្យ និងតាមដានការគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់អាជ្ញាធរថៃ, រម្លឹកភាគីថៃឱ្យគោរពតាមកាតព្វកិច្ចក្រោមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩, និង បញ្ចូលករណីនេះទៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។

ទោះជាមានការតវាឱ្យដោះលែងយ៉ាងណាក្តីពីសំណាក់កម្ពុជាក្តី ក៏កងទ័ពថៃ មិនព្រមដោះលែងដោយបានបញ្ជាក់ថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនពួកគេត្រឡប់ទៅវិញនៅពេលជម្លោះត្រូវបានដោះស្រាយទាំងស្រុង ។ ទាហានថៃសង្កត់ធ្ងន់ថា កងទ័ពកម្ពុជាទាំង១៨ នាក់ដែលជាឈ្លើយសឹកកំពុងត្រូវបានថែទាំស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។

ជាមួយគ្នានេះ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ទោ វិនថៃ សុវ៉ារី អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានថ្លែងថា ការមិនដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់នោះ ដោយសារ កម្ពុជាបន្តបំពានបទឈប់បាញ់ រកឃើញយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍នៅតំបន់ព្រំដែន លើសពីនេះ មានករណីរំលោភបំពានអធិបតេយ្យភាពថៃ លួចរុះរើលួសបន្លា ឬដាក់មីន PMN-2 ដែលទាហានកម្ពុជាសង្ឃឹមថានឹងបង្កឱ្យមានការស្លាប់បាត់បង់ជីវិតនៅខាងថៃជាដើម។

យ៉ាងណាក្តី ភាគីកម្ពុជាជារឿយៗបានចាត់ទុកការលើកឡើង និងចោទប្រកាន់របស់ភាគីថៃនេះ មិនមានមូលដ្ឋានច្បាស់លាស់ ខណៈដែលកម្ពុជាបានគោរពបទឈប់បាញ់បានយ៉ាងពេញលេញ និង អនុវត្តទៅតាមកិច្ចព្រមព្រៀង របស់ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និង គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក-JBC ៕