លោក មូន ពេជ្រ៖ ICRC កំពុងធ្វើការយ៉ាងសកម្មដើម្បីអន្តរាគមន៍ដោះលែងវីរកងទ័ពកម្ពុជា ១៨ នាក់
អាមេរិក៖ លោក មូន ពេជ្រ នាយទាហានកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅ សាលាបណ្ឌិតសភាយោធាអាមេរិក តំណាងឱ្យពលរដ្ឋខ្មែរបានផ្ញើលិខិតទៅកាន់ប្រធានគណៈប្រតិភូប្រចាំតំបន់ តំណាងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ លោក Jürg Montani ស្នើអន្តរាគមន៍ឲ្យមានការដោះលែង វីរកងទ័ពចំនួន១៨នាក់ ដែលទាហានថៃឃុំខ្លួនដោយខុសច្បាប់។
ពីទីក្រុងបាងកក ប្រទេសថៃ លោក Jürg Montani បានឆ្លើយតបមកកាន់លោក មូន ពេជ្រ វិញ ដោយលើកឡើងថា ICRC បានចូលរួមយ៉ាងសកម្មលើបញ្ហានេះ ព្រមទាំងចូលរួមក្នុងការសន្ទនាទ្វេភាគីជាមួយភាគីជម្លោះ។
លោកបញ្ជាក់ថា ភារកិច្ចរបស់ ICRC មានមូលដ្ឋានស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ (Geneva Conventions) ហើយ ICRC អនុវត្តដោយការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍មនុស្សធម៌ ដោយភាពមិនលំអៀង អព្យាក្រឹតភាព និងឯករាជ្យភាព។

ទោះជាយ៉ាងណា លោកមូន ពេជ្រថ្លែងថា «យើងក៏បានលើកឡើងពីការព្រួយបារម្ភ ចំពោះសុវត្ថិភាព របស់វីរជនទាំង 18 នាក់។ ហេតុនេះ ពួកយើងបានស្នើសុំ និងជំរុញឲ្យ ICRC បន្តការតាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពរបស់ទាហានទាំង18 នាក់ ដើម្បីធានាថាពួកគេត្រូវបានការពារពីគ្រប់ទម្រង់នៃការធ្វើបាប ឬការធ្វើទារុណកម្ម ស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវលើកទី3 (Third Geneva Convention)។
លោក មូន ពេជ្រ បញ្ជាក់បន្ថែមថា «យើងនៅតែបន្តសម្មភាពរបស់ពួកយើង រហូតដល់មានការដោះលែងវីរកងទ័ពទាំង18 នាក់ មកកាន់មាតុភូមិរបស់ពួកយើងវិញ»។
បើតាមក្រសួងការពារជាតិកម្ពុជា ថ្ងៃនេះជា ថ្ងៃទី៧០ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាបានអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
បើតាមក្រសួង រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

