កម្ពុជា-កូរ៉េឯកភាពគ្នាលើកកម្ពស់សមត្ថភាពវិទ្យាស្ថានសម្រាប់ការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា
ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីផែនការអនុវត្តគម្រោងលើកកម្ពស់សមត្ថភាពវិទ្យាស្ថានសម្រាប់ការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា ខណៈគម្រោងនេះ មានរយៈពេល ៣ ឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ ខាងមុខនេះ។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើង រវាងឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក LEE Jaewang ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិនៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។
តាមប្រសាសន៍របស់ ឯកឧត្តម ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារបានឱ្យដឹងនៅក្រោយពិធីចុះហត្ថលេខានេះថា នេះជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់រាជរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ។ មួយវិញទៀតជួយដល់វិទ្យាស្ថានជាតិសុវត្ថិភាព និងសុខភាពការងារផងដែរ។ គម្រោងខាងលើនេះ មានរយៈពេល៣ឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ ខាងមុខនេះ។
ឯកឧត្តម ឡេង តុង បានឱ្យដឹងទៀតថា ស្របពេលដែលកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យការងារកំពុងមានកំណើនគួរឲ្យកត់សម្គាល់នោះ ឱកាសនៃគ្រោះថ្នាក់នៅកន្លែងធ្វើការក៏អាចនឹងមានខ្ពស់ ដែលចាំបាច់ត្រូវមានវិធានការក្នុងការបង្ការ ហើយវិធានការទាំងនេះ ផ្ដោតលើគោលនយោបាយ បទដ្ឋានគតិយុត្តិ ដែលត្រូវរៀបចំឲ្យមានច្បាប់ស្ដីពីសុវត្ថិភាពនិងសុខភាពការងារ ដើម្បីការពារកម្មករនិយោជិករបស់យើង។ កន្លងមក មានច្បាប់ស្ដីពីការងារ ហើយផ្នែកសុវត្ថិភាពការងារ គឺជាផ្នែកមួយក្នុងច្បាប់ការងារនេះ ដែលបច្ចុប្បន្នកំពុងតែរៀបចំឲ្យមានច្បាប់គោលមួយដាច់ដោយឡែក អំពីសុខភាពនិងសុវត្ថិភាពការងារនេះ។
តាមរយៈជំនួយក្នុងការអនុវត្តគម្រោងនេះ មានថវិកាប្រមាណជាង ២លានដុល្លារអាមេរិក សម្រាប់បំពាក់ និងធ្វើការរៀបចំទៅជាវិទ្យាស្ថានដ៏ល្អមួយ ហើយភាគីកូរ៉េក៏បានឲ្យមន្ត្រី នៃនាយកដ្ឋានពេទ្យការងារផ្នែកអនុបណ្ឌិត ទៅបន្តការសិក្សារយៈពេលពីរឆ្នាំ នៅប្រទេសកូរ៉េ ដើម្បីពួកគេត្រឡប់មកជួយការងារក្នុងវិស័យការងារ និងបណ្ដុះបណ្ដាល។
ឯកឧត្តមប្រធាននាយកដ្ឋានពេទ្យការងារ ក៏បានបញ្ជាក់ជូនដែរថា កន្លងមកយើងបានបណ្ដុះបណ្ដាលរយៈពេលខ្លីដល់មន្ត្រីរបស់យើងឲ្យទៅជាគ្រូពេទ្យ នៅតាមរោងចក្រសហគ្រាស ជួយដល់ការរួមចំណែក លើការការពារសុវត្ថិភាព។ ក្រៅពីនេះ ភាគីកូរ៉េក៏បានអញ្ជើញមន្ត្រីទៅរៀននៅប្រទេសកូរ៉េ ហើយក៏បានបញ្ជូនមន្ត្រីរបស់គេ មកបង្រៀនដល់កម្ពុជា សម្រាប់ការបណ្ដុះបណ្ដាលនេះ គិតមកដល់ពេលនេះ មានមន្ត្រីថ្នាក់អនុបណ្ឌិតចំនួន ៦នាក់ បានទៅរៀននៅកូរ៉េ និងមានជិត ១០០នាក់ ទៀត ទទួលបានការបណ្ដុះបណ្ដាលរយៈពេលខ្លីនៅក្នុងប្រទេស។
នាឱកាសនោះ ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវការពេញចិត្ត ចំពោះការផ្ដល់នូវជំនួយផ្នែកសុវត្ថិភាព និងសុខភាពការងាររបស់ប្រទេសកូរ៉េមកដល់កម្ពុជា។ ឯកឧត្តម ចាត់ទុកថា នេះគឺជាការជ្រោមជ្រែងដ៏សំខាន់មួយក្នុងការទប់ស្កាត់អត្រាគ្រោះថ្នាក់នៅកន្លែងធ្វើការ ក៏ដូចជាផ្ដល់នូវចំណេះជំនាញដល់កម្មករឲ្យមានការការពារទុកជាមុន ក្នុងពេលបំពេញការងារនៅតាមរោងចក្រសហគ្រាសផងដែរ។ ឯកឧត្តម បានបន្តថា ប្រទេសកូរ៉េ គឺជាប្រទេសដែលជួយកម្ពុជាលើការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសុខភាពការងារច្រើនជាងគេ ទាំងធនធានមនុស្ស និងបច្ចេកទេស។
ឯកឧត្តមរដ្ឋលេខាធិការក៏បានស្នើឱ្យមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បន្តជួយបណ្ដុះបណ្ដាលមន្ត្រីជំនាញបន្ថែមទៀត ដើម្បីឲ្យការងារសុវត្ថិភាពនិងសុខភាពការងារកាន់តែមានភាពល្អប្រសើរឡើងមួយកម្រិតទៀត៕