ជប៉ុនលើកទឹកចិត្តកម្ពុជាបន្ធូរបន្ថយភាពតានតឹង និង បើកឱ្យមានដំណើរការដឹកជញ្ជូនតាមព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ នៅថ្ងៃទី ២៧ ខែសីហា ឯកអគ្គរាជទូត សឺហ្សឺគី ហ៊ីដេអូ នៃកិច្ចសហប្រតិបត្តិការមេគង្គ បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា បន្ទាប់ពីបំពេញដំណើរទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី។
ឯកអគ្គរាជទូត សឺហ្សឺគី បានជួបជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និង លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ហើយទទួលបាននូវការពន្យល់អំពីស្ថានភាពបច្ចុប្បន្ននៃព្រំដែនរវាងកម្ពុជា-ថៃ។
ក្នុងជំនួបទាំងនោះ ឯកអគ្គរាជទូត សឺហ្សឺគី បានលើកទឹកចិត្តកម្ពុជា ដើម្បីធ្វើការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងល្អរវាងកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព ស្ថិរភាព និងការតភ្ជាប់ក្នុងតំបន់ ហើយការបើកឱ្យមានដំណើរការដឹកជញ្ជូនតាមព្រំដែនក៏មានសារៈសំខាន់ផងដែរក្នុងការតភ្ជាប់តំបន់មេគង្គ។
លើសពីនេះ ឯកអគ្គរាជទូត សឺហ្សឺគីក៏បានបង្ហាញពីគោលបំណងរបស់ប្រទេសជប៉ុនក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងការទូត និងផ្តល់កិច្ចសហប្រតិបត្តិការតាមតែអាចធ្វើទៅបាន ដែលក្នុងនោះរួមទាំងការអនុវត្តជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលបានដាក់ចេញនាពេលថ្មីៗនេះផងដែរ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសកម្ពុជា ឯកអគ្គរាជទូត សឺហ្សឺគី ក៏បានចាកចេញទៅប្រទេសថៃ ដើម្បីបន្តបំពេញទស្សនកិច្ចការងារ និងផ្លាស់ប្តូរទស្សនៈជាមួយភាគីពាក់ព័ន្ធ៕