មន្ត្រីនៃ អង្គការជីវិតធម្មជាតិនៅកម្ពុជា ចុះតាមដាន និងការពារសត្វក្រៀលនារដូវស្សានៅដែនជម្រកសត្វព្រៃលំផាត់

ភ្នំពេញ៖ មន្ត្រីនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia Organization ) បានចុះតាមដាននិងស្វែងរកសំបុកសត្វក្រៀល (Sarus Crane) ដើម្បីការពារសុវត្ថិភាព នារដូវស្សានៅដែនជម្រកសត្វព្រៃលំផាត់។
យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា នៅថ្ងៃទី ២២ ខែសីហានេះ ឱ្យដឹងថា «រដូវស្សានៅដែនជម្រកសត្វព្រៃលំផាត់ គឺជាពេលវេលាដ៏មមាញឹកសម្រាប់ក្រុមការងារស្រាវជ្រាវជីវៈចម្រុះ។ ក្នុងចំណោមសកម្មភាពជាច្រើនដែលក្រុមការងារយើងកំពុងអនុវត្ត ការស្វែងរកសំបុកសត្វក្រៀល (Sarus Crane) គឺជាសកម្មភាពសំខាន់មួយ សម្រាប់ស្វែងរក តាមដាន និងការពារប្រភេទសត្វដ៏មានតម្លៃមួយប្រភេទនេះ»។
ប្រភពដដែលបន្តថា «សត្វក្រៀលចាប់ផ្តើមបន្តពូជនៅចន្លោះពីខែឧសភា ដល់ខែតុលា។ ក្រៀល ជាប្រភេទសត្វធ្វើសំបុកពងកូននៅនឹងដី ដែលនេះជាមូលហេតុអាចបណ្តាលឱ្យពួកគេជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន។ សត្វព្រៃដូចជា សត្វជ្រូកព្រៃ ជានិច្ចកាលតែងតែចូលទៅទីតាំងសំបុកដើម្បីស៊ីពងរបស់ក្រៀល ខណៈដែលទីតាំងធ្វើសំបុកនៅវាលស្មៅ និងវាលស្រែ»។
ប្រភពដដែលបន្ថែមថា «មិនតែប៉ុណ្ណោះ ពង និងកូនក្រៀលក៏អាចមានហានិភ័យពីមនុស្សផងដែរ ដូចជាការប្រមូលយកពង កូន និងការរំខានដោយសកម្មភាពការធ្វើកសិកម្មពីអ្នកភូមិជាដើម។
ដើម្បីការពារសត្វក្រៀល សំបុក ពង និងកូនទើបញាស់ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា កំពុងសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងប្រជាជនមូលដ្ឋានដែលមានវត្តមានសត្វក្រៀល។ ពួកយើងធ្វើការស្វែងរក និងពិនិត្យតាមដានសំបុកជាប្រចាំ ដើម្បីធានាបានថាសំបុក និងពងកូនអាចញាស់ចេញដោយជោគជ័យ»៕