អនុប្រធានទី២ រដ្ឋសភាកម្ពុជា ស្នើមន្ត្រីចិន ជួយកៀរគរដល់ការវិនិយោគពីប្រទេសចិន មក កម្ពុជា ឱ្យកាន់តែច្រើនឡើង

ភ្នំពេញ៖ លោក វង សូត អនុប្រធានទី២ រដ្ឋសភា បានសំណូមពរទៅដល់លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងនីតិវិធីច្បាប់ ធ្វើយ៉ាងណាជួយគាំទ្រដល់ការវិនិយោគនិងការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឧ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។
លោកអនុប្រធានទី២រដ្ឋសភាបានលើកសំណូមពរបែបនេះ ក្នុងឱកាស លោកបានទទួលជួបពិភាក្សាការងារជាមួយ លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។
នាកាសនោះ លោក បានស្វាគមន៍ចំពោះគណៈប្រតិភូនៃវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្រចិន ព្រមទាំងបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែគាំទ្រកម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាពរហូតដល់បច្ចុប្បន្ន ជាពិសេសការគាំទ្រកម្ពុជាក្នុងការជ្រើសរើសមាគ៌ារបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកបានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រទេសចិននៅតែឈរលំដាប់ទីមួយក្នុងការវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ២០២៥នេះ ជាឆ្នាំនៃទេសចរណ៍កម្ពុជា-ចិន ដោយប្រទេសទាំងពីរបាននិងកំពុងកសាងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ជាមួយគ្នានេះ លោក វង សូត បានជម្រាបជូនគណៈប្រតិភូចិនអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេសអំណោយផលនៃវិស័យកសិកម្ម ដែលអ្នកវិនិយោគចិនមិនគួរមើលរំលង។ លោកមានប្រសាសន៍បន្ថែមថា វិស័យកសិកម្មកម្ពុជានាពេលសព្វថ្ងៃនេះ មានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ ដោយសារមានការគាំទ្រពីមិត្តចិន ទាំងផ្នែកបច្ចេកទេសនិងទីផ្សារផងដែរ។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០២២មក បាននិងកំពុងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន មានប្រសាសន៍ថា នេះគឺជាលើកទីមួយហើយដែលលោកបំពេញទស្សនកិច្ចការងារមកកាន់កម្ពុជា ហើយលោកពិតជាស្រសាញ់ប្រទេសកម្ពុជា ដូចជាផ្ទះទីពីររបស់លោកដែរ។
ជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យ សៀង ហៃ លោកបណ្ឌិត ហ៊ូ យ៉ុងអិន បានបង្កើតវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្រនេះ ដើម្បីបណ្តុះបណ្តាលអ្នកច្បាប់ និងកសាងប្រព័ន្ធច្បាប់ដែលចាំបាច់ ឈានទៅគាំពារអ្នកវិនិយោគ និងបង្កើនបរិយាកាសវិនិយោគកាន់តែល្អប្រសើរ ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។
លោកសាស្រ្តាចារ្យ បានសន្យាថា នឹងពាំនាំសំណូមពរនិងអនុសាសន៍របស់ ឯកឧត្តម វង សូត ដើម្បីជម្រាបជូនទៅដល់អ្នកវិនិយោគគិនចិន ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែម និងប្តេជ្ញាសហការជាមួយស្ថាប័នពាក់ព័ន្ធ ដូចជាមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវន្ឍនៅកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតរបស់កម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ជាពិសេសគឺផ្តោតលើការកសាងផ្នែកនីតិវិធីច្បាប់ ឱ្យកាន់តែប្រសើរឡើង៕